សិល្បៈ៖ ខណៈទស្សនិកជនជាច្រើនកំពុងសោកស្ដាយ និង មិនអស់ចិត្តដែលកុមារី អ៊ុក សុវណ្ណារី បានធ្លាក់ចេញពីកម្មវិធីកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី ១ នេះ ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងនោះ នាយ ពែកមី តារាកំប្លែងដ៏ល្បីប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិន ក៏បានលូកមាត់បញ្ចេញយោបល់ខ្លះទាក់ទងនឹងរឿងនេះផងដែរ ។

ជាការពិតណាស់ នាយ ពែកមី ក៏ជាអ្នកគាំទ្រម្នាក់របស់កុមារី អ៊ុក សុវណ្ណារី ក្នុងចំណោមបណ្ដាអ្នកគាំទ្រជាច្រើនទៀត ហើយតារាកំប្លែងដ៏ល្បីរូបនេះ ក៏បានបង្ហាញពីការសោកស្ដាយដែលក្មេងស្រីពោរពេញដោយសមត្ថភាពកម្ររកបានខាងលើ ត្រូវបាត់បង់ឱកាសប្រកួតប្រជែងដណ្ដើមពានរង្វាន់នៅវគ្គផ្ដាច់ព្រ័ត្របន្តទៀតបាន ។

នាយ ពែកមី បានលើកឡើងទាំងភាពសោកស្ដាយចំពោះសមត្ថភាពកុមារី អ៊ុក សុវណ្ណារី នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា «ចប់បាត់ អាយដលខ្ញុំធ្លាក់ហើយ សូមចូលរួមសោកស្តាយផងប្អូនស្រី អ៊ុក សុវណ្ណារី សំឡេង ប្អូនពិរោះណាស់ មិនងាយមានក្មេងណាសំឡេងដូចប្អូនទេ កុំបាក់ទឹកចិត្ត ប្អូនតស៊ូបន្តទៀតណា បងគាំទ្រ» ។

នេះមិនមែនមានតែ នាយ ពែកមី ម្នាក់ទេដែលចេញមុខសោកស្ដាយចំពោះសមត្ថភាពក្មេងស្រីវ័យ ១៣ ឆ្នាំ មកពីរាជធានីភ្នំពេញរូបនេះ ប៉ុន្ដែមានមហាជនជាច្រើនទៀត កំពុងជជែកគ្នាក្នុងអត្ថន័យសោកស្ដាយពីការធ្លាក់ចេញពីកម្មវិធីរបស់ក្មេងស្រីដែលពោរពេញដោយសមត្ថភាពដូចជារូបនាង ៕