ខេត្តកំពង់ស្ពឺ៖ ស្រ្ដី២នាក់បានរងរបួសធ្ងន់ ដោយសាររថយន្តបើកលឿនបុកម៉ូតូ កាលពី​ថៃ្ង​ទី​៦ ខែតុលា ឆ្នាំ​២០១៧ នៅលើ​ផ្លូវ​ក្រាលក្រួស​ក្រហម ស្ថិតក្នុង​ភូមិ​អង្គ​ក្រសាំង ឃុំ​ជង្រុក ស្រុក​គងពិសី។

មន្ត្រីនគរលបាលចរាចរស្រុកគងពិសី បានឲ្យដឹងថា ម៉ូតូរងគ្រោះ ម៉ាកហុងដាគុបជ្រុង សេ៥០ ពណ៌ទឹិកសមុទ្រ គ្មាន​លេខ បើកបរ​ដោយ​ឈ្មោះ ចែ មួយ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ និងអ្នករួមដំណើរម្នាក់​ ឈ្មោះ រឿន ស្រីអូន ភេទ​ស្រី អាយុ ២៥​ឆ្នាំ។​ ពួកនាងទាំអ២នាក់រស់នៅ​ភូមិ​ជាមួយគ្នា (មិន​ពាក់មួក​សុវត្ថិភាព​ទាំង​២​នាក់) ក្នងស្រុកគងពិសី។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកឡិចស៊ី RX330 ពណ៌មាស ពាក់ស្លាក​លេខ ស្លាក​លេខ​ភ្នំពេញ 2AL-6678 បោះពួយយ៉ាងលឿន តាមបណ្ដោយផ្លូវក្រាលក្រួស ចេញពីផ្សារស្រង់ ឆ្ពោះទៅកាន់ផ្សារត្រាំខ្នារ។ លុះពេលរថយន្តបើកមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូទាំង២នាករងរបួស​ធ្ងន់។ រីឯម៉ូតូបានរងនូវការខូចខាតយ៉ាងដំណំ និងរថយន្តខូចខាតផ្នែកខាងមុខ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងបញ្ជូនអ្នករងរបួសទាំង២នាក់ទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យ។ ដោយ​ឡែករថយន្ត និងម៉ូតូ ត្រូវសមត្ថកិច្ចវាស់វែង និងយកទៅរក្សាទុក នៅក្នុងអធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី ដើម្បីកសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕