កាលពីពេលថ្មីៗនេះ កាសែតក្នុងស្រុកមួយ របស់ថៃបានចុះផ្សាយ ពីហេតុការណ៍ដ៏គួរឲ្យអាណិត និងសង្វេគមួយ ដែលបានកើតឡើង នៅក្នុងពិធីមង្គលការមួយ ស្ថិតនៅក្នុងស្រុកខោភ្នំ ខេត្តក្រៈប៊ី ដោយគេឃើញ មានការរៀបចំតុកៅអី ម្ហូបអាហារយ៉ាងច្រើន ព្រមទាំងមានជួល ក្រុមតន្ត្រីមួយវង្ស មករាំលេងកំសាន្តទៀតផង ហើយចំនួនតុ ដែលរៀបចំសម្រាប់ទទួលភ្ញៀវ មានចំនួន១០០តុផងដែរ ។

អ្វីដែលធ្វើឲ្យភ្ញៀវស្រង៉ាកចិត្ត នឹកស្មានមិនដល់ គឺកូនកំលោះបានបដិសេធ មិនមកចូលរួម ក្នុងពិធីមង្គលការនោះឡើយ ធ្វើឲ្យកូនក្រមុំខកចិត្តយ៉ាងខ្លាំង បានត្រឹមតែអង្គុយយំ ចំនែកឪពុកម្តាយ និងបងប្អូនវិញ ខ្មាស់គេយ៉ាងខ្លាំងផងដែរ ។

បើតាមការរៀបរាប់ បានឲ្យដឹងថា កូនក្រមុំ មានអាយុ១៥ឆ្នាំ បានស្រលាញ់គ្នា ជាមួយកូនកំលោះ ដែលមានអាយុ១៧ឆ្នាំ។ ពួកគេទាំង២នាក់ បានជ្រុលជ្រោះរហូតធ្វើឲ្យ ខាងស្រីមានផ្ទៃពោះ៥ខែ ទើបធ្វើឲ្យឪពុកម្តាយ ទាំងសងខាងសម្រេចចិត្ត ឲ្យពួកគេទាំង២នាក់ រៀបការជាមួយគ្នា។

អ្វីដែលធ្វើឲ្យគេសន្និដ្ឋានថា ជាបញ្ហានោះគឺ ឪពុកខាងស្រីបានបង្គាប់ បណ្តាការ ឬថ្លៃទឹកដោះ ចំនួន ៣០ម៉ឺនបាត តែខាងប្រុសមានលទ្ធភាព បង់ត្រឹមតែ ១៥ម៉ឺនបាតសិន ហើយខ្លួននឹងព្យាយាម រកប្រាក់ឲ្យគ្រប់ចំនួន ៣០ម៉ឺនបាត។ ខាងប្រុសបានសុំអង្វរ ឪពុកខាងស្រីម្តងហើយម្តងទៀត រហូតដល់ឪពុកខាងស្រីយល់ព្រម តាមសំណើរ ហើយនាំគ្នា រកថ្ងៃចូលរោងការ ឲ្យពួកគេទាំង២នាក់ ។

ស្រាប់តែដល់ថ្ងៃ រៀបចំពិធីមង្គលការខាងលើ កូនប្រុសមិនបាន ធ្វើដំណើរមកផ្ទះកូនស្រីឡើយ ធ្វើឲ្យឪពុកម្តាយ និងបងប្អូនខាងស្រី បាក់មុខបាក់មាត់ ខ្មាសគេពេញភូមិ។ តែទោះជាយ៉ាងណា ឪពុកម្តាយខាងកូនស្រី បាននាំគ្នាទៅដាក់ ពាក្យបណ្តឹង ប្តឹងទៅខាងកូនប្រុស ដើម្បីឲ្យទទួលចេញថ្លៃសំណង នៃការរៀបចំ ពិធីមង្គល់ការ ដែលខាងកូនស្រី បានរៀបចំ អស់ទឹកប្រាក់ចំនួនជាង ៣០ម៉ឺនបាតឯណោះ ។

រឿងនេះនៅមិនទាន់ ចប់នៅឡើយទេ នៅថ្ងៃទី៣០ កញ្ញា ២០១៧នេះ ក្រុមអ្នកកាសែត បានចុះទៅយកព័ត៌មាន ដល់ផ្ទះរបស់កូនកំលោះ ដែលស្ថិតនៅក្នុងខេត្ត Nakhorn Sithammarat ដោយកូនកំលោះឈ្មោះ Andavuth អាយុ១៧ឆ្នាំ ។

ពេលដែលអ្នកសារព័ត៌មាន ចុះទៅដល់ កូនកំលោះបានរៀបរាប់ ទាំងទឹកភ្នែកថា មូលហេតុដែលខ្លួន មិនទៅចូលរួមក្នុងពិធីមង្គលការនោះ មិនមែនរូបគាត់ ចង់គេចវេស មិនចង់រៀបការ ដូចដែលសារព័ត៌មាន បានសរសេរនោះទេ ខ្លួនគាត់ពិតជា ស្រលាញ់រូបនាងខ្លាំងណាស់ តែដោយសារតែខ្លួន មិនអាចរកប្រាក់ ទៅឲ្យឪពុកម្តាយខាងស្រី គ្រប់ចំនួន៣០ម៉ឺនបាតនោះឡើយ ព្រោះគាត់ និងគ្រួសារមិនមានសមត្ថភាព អាចរកប្រាក់ដ៏ច្រើននេះ ក្នុងរយៈពេល២ខែបានឡើយ ។

ម្តាយកូនកំលោះ ក៏បានរៀបរាប់ផងដែរថា ពួកគាត់មានលុយ តែ១០ម៉ឺនបាតតែប៉ុណ្ណោះ គឺមិនទាន់គ្រប់ចំនួន តាមដែលឪពុក ខាងស្រីទាមទារនោះឡើយ ហើយឪពុកខាងស្រី បានប្រាប់ថា ប្រសិនបើរកលុយ មិនទាន់គ្រប់ចំនួនទេ មិនបាច់មកចូលរួម ក្នុងពិធីមង្គលនោះទេ ។ ណាមួយកូនប្រុសរបស់គាត់ មានអាការៈពិបាកចិត្តខ្លាំងផង ទើបរូបគាត់ទ្រាំមិនបាន ទើបសម្រេចចិត្ត មិនទៅចូលរួមក្នុងពិធីមង្គលការ នោះតែម្តងទៅ ។

ចំណែកកូនប្រុសរបស់គាត់ មិនបានគេចខ្លួន រត់ទៅណានោះឡើយ ហើយគាត់បាននិយាយ យ៉ាងម៉ឺងម៉ាត់ថា ពួកគាត់នឹងទទួលខុសត្រូវ ប្រសិនបើខាងកូនស្រី ដាក់ពាក្យបណ្តឹងប្តឹងពួកគាត់នោះ ។ គាត់បានបន្តទៀតថា ឪពុកកូនកំលោះ មានអាយុ៥១ឆ្នាំ ចំណែកគាត់ មានអាយុ៥១ឆ្នាំដូចគ្នា ប្រកបមុខរបរជា កម្មករចំការកៅស៊ូ មួយថ្ងៃរកបានចំណូល តែ៦០០បាតតែប៉ុណ្ណោះ គាត់ថា គ្រួសារគាត់ មានជីវភាពក្រខ្សត់ខ្លាំងណាស់ មិនមានលទ្ធភាព រកលុយរាប់សិបម៉ឺនបាត់ ក្នុងរយៈពេលត្រឹមតែ២ខែនោះបានឡើយ ហើយគាត់ក៏អាណិត កូនប្រុសរបស់គាត់ យ៉ាងខ្លាំងផងដែរ ៕

ប្រភព៖ សារព័ត៌មាន ថៃរ៉ាត់
ប្រែសម្រួលដោយ៖ Rin KBN