ប្រទេសថៃ៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើងក្នុងខេត្ត មហាសារាខាម ស្រុកឈឺនឈុម ភាគខាងឥសាន្ត ប្រទេសថៃ មានប្រជាពលរដ្ឋក្នុងភូមិ ស្ទើរតែទាំងអស់ បាននាំគ្នាធ្វើពិធីមន្តអាគម ចាប់អាប និងបណ្តេញអាបចេញពីភូមិ កាលពីពេលកន្លងទៅថ្មីៗនេះ ។

បើតាមការរៀបរាប់ ពីក្រុមអ្នកភូមិបានប្រាប់ឲ្យដឹងថា ពួកគេចាប់អាប បានជាង១ពាន់ក្បាលមកហើយ តែប្រជាជនក្នុងភូមិ នៅមានការជឿជាក់ថា នៅមានអាបជាច្រើនក្បាលទៀត កំពុងលាក់ខ្លួននៅក្នុងផ្ទះមួយខ្នង ដែលម្ចាស់ផ្ទះនោះ មិនបានមកចូលរួម ក្នុងពិធីចាប់អាបឡើយ ដោយនៅក្នុងផ្ទះនោះ មានស្ត្រីម្នាក់ដែលត្រូវបាន ប្រជាជននៅក្នុងភូមិនោះសង្ស័យថា ជាមេធ្មប់អាបទៀតផង។

ប្រជាជននៅភូមិខាងលើ បានរៀបរាប់បន្តថា ភាគច្រើនអាបទាំងនោះ បានចូលទៅរស់នៅក្នុងវត្ត ហើយក្នុងពិធីចាប់អាបនេះ គេបានឲ្យពួកក្មេងៗ ធ្វើការសំដែង ដោយពួកគេបានប្រើឈើ ដើម្បីចាប់អាបទាំងនោះ ទៅដាក់នៅក្នុងកញ្ច្រែងដើមចេក នៅក្នុងសាលាឆាន់របស់វត្ត និងមានប្រជាជនជាច្រើន បានចូលរួមក្នុងពិធីចាប់អាបនោះ តែគេសង្កេតឃើញ មិនមានវត្តមានរបស់ស្ត្រីរូបនោះ ដែលគេសង្ស័យជាមេអាបនោះ ចូលរួមក្នុងពិធីខាងលើឡើយ ។

តំណាងប្រជាជនក្នុងភូមិ បានប្រាប់ឲ្យដឹងថា ពួកគេចង់ឲ្យស្ត្រីរូបនោះ ចូលរួមក្នុងពិធីចាប់អាបនេះ ដើម្បីឲ្យអ្នកភូមិទាំងអស់ បានអស់ចិត្ត និងលែងសង្ស័យទៅលើរូបគាត់ទៀត ។ កាលពីមុន ពុំដែលមានរឿងបែបនេះ កើតឡើងនោះឡើយ តែក្រោយពីមានមនុស្សស្លាប់មក ស្រាប់តែមានរឿង អាបចូលក្នុងភូមិកើតឡើង ទើបធ្វើឲ្យអ្នកភូមិ សង្ស័យទៅលើស្ត្រីម្នាក់នោះ និងរៀបចំពិធីចាប់អាបនេះឡើង ដើម្បីចង់ដឹងការពិតថា តើស្ត្រីម្នាក់នោះ ហ៊ានចូលរួមដើម្បីបញ្ជាក់ថា ខ្លួនមិនមែនជាគ្រូអាបធ្មប់ដែរឬទេ ។

ចំណែកខាងអាជ្ញាធរប៉ូលិស បានជួយសម្របសម្រួល ស្ថានភាពរបស់ប្រជាពលរដ្ឋ ឲ្យធ្វើពិធីចាប់អាបនេះ ប្រព្រឹត្តទៅដោយរលូន ដោយមានការចូលរួម ពីលោកមេភូមិ ប៉ូលិស ទាហានផងដែរ ៕

ប្រភព៖ ThaiTV3
រក្សាសិទ្ធិដោយ៖ KBN-live.com