ខេត្តតាកែវ៖ រថយន្តមួយគ្រឿង បានបើកបុកអ្នកជិះកង់ម្នាក់ បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័ម កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នៅលេីផ្លូវជាតិលេខ២ ត្រង់ចន្លោះគីឡូម៉ែត្រ១០៩-១១០ ស្ថិតក្នុងភូមិចុងអង្ករ ឃុំពេជសារ ស្រុក​​​កោះអណ្តែត ខេត្តតាកែវ។

លោកវរសេនីយ៍ទោ ជា សុផាត អធិការនគរបាលស្រុកកោះអណ្តែត បានឲ្យដឹងថា ជនរងគ្រោះជាអ្នកជិះកង់ ឈ្មោះ បាន រស់ ភេទ​ប្រុស អាយុ៤៨ឆ្នាំ មានលំនៅក្នុងភូមិ-ឃុំកេីតហេតុខាងលេី។ រីឯរថយន្តបង្កម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាក​លេខ ភ្នំពេញ 3D-4935 មិនស្គាល់ពីអត្តសញ្ញាណរបស់អ្នកបើកបរ ពីព្រោះគេរត់គេចខ្លួនបាត់។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងបើកបរយ៉ាងលឿន តាមបណ្ដោយផ្លូវជាតិ​លេខ​២ ក្នុងទិសដៅពីជើងទៅត្បូង បញ្ច្រាសទិសគ្នាជាមួយនឹងបុរសម្នាក់កំពុងជិះកង់។ លុះពេលជនរងគ្រោះធ្វើដំណើរមកដល់​ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក បានរេចង្កូតទៅបុកអ្នកជិះកង់ ប៉ើងទៅចិញ្ចើមផ្លូវ បណ្ដាលឲ្យស្លាប់យ៉ាងអណោច​អធ័មមួយរំពេច។ ឃើញហេតុការណ៍បែបនេះ អ្នកបើកបរ បានបើកឈប់រថយន្តបើកទ្វារលោតចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្្ចបានចុះទៅពិនិត្យ និងធ្វើកំណត់ហេតុប្រគល់សាកសពរបស់ជនរងគ្រោះ ទៅឲ្យសាច់ញាតិ​ដឹកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក រថយន្ត និងកង់របស់ជនរងគ្រោះ ត្រូវសមត្ថកិច្ចវាស់វែង រួចហើយយកទៅរក្សា នៅក្នុងអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕