ភ្នំពេញ៖ បុរសម្នាក់ឡើងលើដំបូលផ្ទះ ស្រែកឡូឡា បម្រុងលោតសម្លាប់ខ្លួន ត្រូវបានប្រជាពលរដ្ឋ នៅជិតខាងសង្ស័យខ្មោចចូល ក៏ចាប់ចងដៃចងជើងបញ្ជូនទៅវត្តញាណរង្សី ដើម្បីឱ្យព្រះសង្ឃស្រោចទឹក នៅ​តែមានអាការៈដដែល ក៏ត្រូវបានសាច់ញាតិសម្រេចចិត្ត ដឹកបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ព្រោះសង្ស័យថា មានជំងឺសរសៃប្រសាទ ដែលហេតុការណ៍នេះ កើតឡើលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ត្រង់ចំណុចផ្ទះលេខ៥៨៤ ផ្លូវលេខ៧០ ភូមិចុងខ្សាច់ សង្កាត់ទទួលសង្កែ ខណ្ឌ
ឬស្សីកែវ ។

បុរសដែលប៉ុនប៉ងលោតសម្លាប់ខ្លួនមានឈ្មោះ លីម ហួត ​ អាយុ ៣៧ឆ្នាំ មុខរបរ​រត់រ៉ឺម៉កម៉ូតូ ​ស្នាក់នៅបន្ទប់ជួលផ្ទះកើតហេតុខាង មានស្រុកកំណើតនៅស្រុកពារាំង ខេត្តកណ្តាល។
បើ​តាមសម្តីពីបុរសម្នាក់មានឈ្មោះ រស់ សំអាង អាយុ ៣២ឆ្នាំ មុខរបរលក់ចាប់ហ៊ួយ ស្នាក់ក្បែរកន្លែងកើតហេតុ បាន​ប្រាប់ឱ្យដឹងថា ​កាលពីវេលាម៉ោង ​៨យប់ ថ្ងៃដដែលបុរសខាងលើបានមកពីរត់ម៉ូតូរ៉ឺម៉កម៉ូតូវិញ ​បានអង្គុយជជែកលេងជាមួយគាត់ធម្មតា រួចហើយបុរសនោះក៏ឡើងទៅបន្ទប់ជួលរបស់គាត់ នៅឯជាន់ទី៣បាត់ទៅ ។ លុះដល់វេលាកើតហេតុ ស្រាប់តែបុរសរូបនោះឡើងទៅលើដំបូលផ្ទះ រួចស្រែកឡូឡាតែម្នាក់ឯង ខុសពីធម្មតា និងបម្រុង​លោតសម្លាប់ខ្លួន ភ្លាមនោះក៏មានប្រជាពលរដ្ឋដែលនៅជិតខាង បានឡើងទៅចាប់ឃាត់​បានទាត់ពេលវេលា ។

ប្រភពដដែលបន្តទៀតថា ​សង្ស័យថាបុរសខាងលើត្រូវខ្មោចចូល ទើបប្រជាពលរដ្ឋដែលរស់នៅក្បែរបានសហការគ្នានាំចាប់ចងដៃចងជើង រួចដឹកយកទៅវត្តញាណរង្សី ដើម្បីឱ្យព្រះសង្ឃស្រោចទឹក ។ ខណៈពេលទៅដល់វត្ត ព្រះសង្ឃបានស្រោចទឹក ទៅលើបុរសខាងលើប៉ុន្តែបុរសរូបនោះនៅតែមានអាការៈមិនប្រក្រតីដដែល នៅតែនិយាយស្តីប្លែកៗតែម្នាក់ឯងខុសពីធម្មតា។ បន្ទាប់មកប្រជាពលរដ្ឋ ដែលរស់នៅក្បែរខាង បានធ្វើការទាក់ទងទៅកាន់សាច់ញាតិបុរសខាងលើ ដើម្បីឱ្យមកមើល ។

ប្រភពដដែលបានបន្តទៀតថា បុរសខាងលើជាមនុស្សមិនដែលផឹកស្រា ឬក៏ជក់បារីអ្វីនោះទេ ហើយ​រស់នៅបន្ទប់ជួលកើតហេតុខាងលើតែម្នាក់ឯ ងអស់រយៈពេល ៤ឆ្នាំមកហើយ ​មិនដែលឃើញបុរសខាងលើកើតអីនោះទេ ស្រាប់តែដល់ថ្ងៃកើតហេតុ បុរសខាងលើក៏កើតមានអាការបែបនេះតែម្តង ។

ក្រោយមក ខណៈពេលដែលសាច់ញាតិបុរសខាងលើបានមក ក៏បានសម្រេចចិត្តបញ្ជូនបុរសរូបនោះទៅព្យាបាលនៅមន្ទីរពេទ្យ ព្រោះសង្ស័យថាបុរសខាងលើមានបញ្ហាសតិអារម្មណ៍ ដោយសារតែគាត់បានបែកបាក់គ្រួសារ អស់រយៈពេលជិត៣ឆ្នាំមកហើយ។
ក្រោយពេលកើតហេតុបុរសខាងលើត្រូវបានសាច់ញាតិដឹកតាមរថយន្តយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕​ សហការី KBN