ភ្នំពេញ៖ កម្មការិនីចំនួនប្រហែល៦១នាក់​​បានដួលសន្លប់ជាបន្តបន្ទាប់ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីព្រឹក ថ្ងៃទី៧ ខែកញ្ញានៅក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា តាមផ្លូវវែងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មានពីកម្មការិនីដែលបម្រើការងារ​​នៅក្នុងរោងចក្រ នៃសួនកាណាឌីយ៉ា បានឲ្យដឹងថា មុនពេលកើតហេតុ កម្មករ​-កម្មការិនីបានចូលធ្វើការងាររបស់ពួកគេ តាមធម្មតា។ លុះបន្តិចក្រោយមក ស្រាប់តែមានកម្មករ-កម្មការិនីបានដួលសន្លប់​ជាបន្តបន្ទាប់ចំនួន៦១នាក់ (ប្រុសម្នាក់) ក៏បង្កឲ្យមានការភ្ញាក់ផ្អើលឡើង និងបញ្ជូនទៅសង្គ្រោះ។

ទោះជាយ៉ាងណា ករណីនេះ គេមិនទាន់ដឹងថា បណ្ដាលមកពីបញ្ហាអ្វីឲ្យពិតប្រាកដនៅឡើយទេ ហើយនៅពេលនេះ អាជ្ញាធរ និងសមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវ រកពីមូលហេតុ នៃការដួលសន្លប់នោះ៕