ប្រទេសចិន៖ នេះគឺជាហេតុការណ៍ ទុកជាមេរៀនមួយ សម្រាប់អ្នកដែលចូលចិត្ត ចតរថយន្តនៅលើចិញ្ចើមផ្លូវសាធារណៈ ដែលធ្វើឲ្យកកស្ទះចរាចរ ជាពិសេសការធ្វើដំណើរ របស់ប្រជាពលរដ្ឋ នៅតាមដងផ្លូវសាធារណៈ ហើយក៏ធ្វើឲ្យខូចសោភ័ណភាពទីក្រុងផងដែរ ។

ទោះជាយ៉ាងណា ការស៊ែររូបភាពនេះ បានធ្វើឲ្យផ្អើលពេញប្រទេសចិន ខណៈដែលមានអ្នកលេងហ្វេសប៊ូក បានបង្ហោះរូបភាពមានរថយន្តមួយ បានចតនៅមុខទីស្នាក់ការ របស់ប៉ូលិស ដែលស្ថិតនៅក្នុងទីក្រុងប៉ិងស៊ី … ប្រទេសចិន។

តាមការចុះផ្សាយ របស់កាសែត Metro កាលពីពេលថ្មីៗនេះ បានសរសេរថា រឿងរ៉ាវនេះបានកើតឡើង ខណៈពេលដែលមានស្ត្រីម្នាក់ ដែលជាម្ចាស់រថយន្ត បានចតរថយន្តរបស់គាត់ នៅលើផ្លូវដែលហាមឃាត់ ជាច្រើនលើកច្រើនសារ ទោះជាប៉ូលិស បានពិន័យជាទឹកប្រាក់លើរូបគាត់ យ៉ាងណាក៏ដោយ ក៏គាត់នៅតែចចេស ឈប់រថយន្តនៅកន្លែងនោះដដែល ។

នៅថ្ងៃកើតហេតុ ប៉ូលិសបានឃើញស្ត្រីខាងលើ បានចតរថយន្តដដែល នៅលើផ្លូវ ហើយទើសផ្លូវចូលទីស្នាក់ការប៉ូលិសទៀតនោះ ណាមួយនាងបានចត លើសពី៣៨ម៉ោង ធ្វើឲ្យក្រុមរក្សាសន្តិសុខក្រុង ទ្រាំនិងទង្វើរបស់នាងលែងបាន ក៏យករថយន្តស្ទូច មកស្ទូបរថយន្តរបស់ស្ត្រីនោះ ដាក់លើដំបូលទីស្នាក់ការប៉ូលិសតែម្តង ។

ហេតុការណ៍នេះ បានធ្វើឲ្យមនុស្សជាច្រើន ដែលឆ្លងកាត់ផ្លូវនោះ ហួសចិត្តយ៉ាងខ្លាំង ហើយបាននាំគ្នាថតយករូបភាព ដ៏កំរបានឃើញមួយនេះ ហើយបង្ហោះ ទៅក្នុងបណ្តាញសង្គមហ្វេសប៊ូក ធ្វើឲ្យមានការស៊ែរតៗគ្នាយ៉ាងច្រើន ពេញប្រទេសចិន ។

បើតាមកាសែតខាងលើបានបន្តថា ចុងក្រោយ ម្ចាស់រថយន្ត និងប្រជាជននៅក្បែរនោះ ត្រូវបានប៉ូលិសកោះហៅ ទៅអប់រំ និងធ្វើការណែនាំពីការចតរថយន្ត តាមបណ្តោយផ្លូវ ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ទីក្រុង។ ទោះជាយ៉ាងណា នេះជាព្រឹត្តិការ ដែលធ្វើឲ្យស្ត្រីម្ចាស់រថយន្ត ចងចាំរហូតក្នុងឆាកជីវិតរបស់នាង ៕