ខេត្តកំពត៖ ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ ត្រូវឪពុកម្តាយផ្ញើទុកឲ្យរស់នៅជាមួយនឹងអ៊ុំបង្កើត ហើយចេញទៅធ្វើការនៅប្រទេស​ថៃបាត់អស់ ក៏ត្រូវជន​ដៃដល់លួចធ្វើឃាត បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិត្រពាំង​ថ្លាន់ ឃុំប្រភ្នំ ស្រុកអង្គរ​ជ័យ ខេត្តកំពត។

មន្ត្រីនគរបាលស្រុកអង្គរជ័យ បានឲ្យដឹងថា កុមារារងគ្រោះ ឈ្មោះ ថេត ទិច អាយុ ៣ឆ្នាំ និងបងប្រុសរបស់គេ រស់នៅជាមួយអ៊ំស្រីបង្កើត ឈ្មោះ អេត សាវន អាយុ ៤០ឆ្នាំ និងប្តី ឈ្មោះ ត្រក រ៉ា រស់នៅភូមិកើត​ហេតុខាងលើ។ រីឯឪពុកម្តាយរបស់ពួកគេ បានចេញទៅធ្វើការងារ នៅក្នុងប្រទេសថៃ។

បើតាមសម្ដីបងប្រុសរបស់កុមារារងគ្រោះ ឈ្មោះ ថេត វណ្ណៈ អាយុ ៩ឆ្នាំ បានឲ្យដឹងថា កាលពីព្រឹក(មិនចាំម៉ោង) ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ គេបានឃើញអ៊ំថ្លៃ ឈ្មោះ ត្រក​ រ៉ា ច្របាច់កប្អូនរបស់ខ្លួន រួចបីឡើងទៅលើផ្ទះ។ បន្ទាប់មករូបគេបានឮសូរប្អូនរបស់ខ្លួនស្រែកយំ តែពេលនោះ រូបគេមិនចាប់អារម្មណ៍ ក៏ដើរលេងបាត់ទៅ លុះក្រោយមកទើបគេដឹងថា ប្អូនស្លាប់។ ចំណែកឯអ៊ំប្រុស ឈ្មោះ ត្រក រ៉ា (អ៊ំថ្លៃ) ក៏បានដើរចេញពីផ្ទះបាត់ តាំងពីម៉ោងប្រហែលជាង ១០ព្រឹក នៅថ្ងៃដដែលនោះ និងបិទទូរសព្ទ័ ដោយមិនអាចទាក់ទងបានទៀតផង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសព រួចហើយសន្និដ្ឋានថា ក្មេងប្រុសរង​គ្រោះពិតជាត្រូវជនដៃដល់សម្លាប់ប្រាកដមែន។ ករណីនេះ គឺគេដាក់ការសង័្សយទៅលើអ៊ំសាច់ថ្លៃរបស់ជនរងគ្រោះ ហើយនៅ​ពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនជនសង័្សយ នាំមកសាកសួរ និងចាត់ការតាមច្បាប់៕ សហការី KBN