ប្រទេសចិន៖ កាលពីថ្ងៃទី២៨ សីហា ២០១៧ ម្សិលមិញនេះ កាសែត Shanghaiiest បានចុះផ្សាយវីដេអូឃ្លីបមួយ ពីហេតុការណ៍បុរសវ័យក្មេងម្នាក់ បានព្យាយាមជួយសង្គ្រោះ នារីស្រស់ស្អាតម្នាក់ ដែលធ្លាក់ចូលទៅក្នុងរណ្តៅ ជណ្តើរយន្តស្តែងៗ ខណៈពេលដែលនាង កំពុងតែដើរនៅពីក្រោយខ្នងរបស់គាត់ ។

ឃ្លីបវីដេអូនេះ ត្រូវបានអ្នកលេងបណ្តាញសង្គម នៅប្រទេសចិនបានស៊ែរ រាប់លាននាក់ គ្រប់ទិសទីនៅក្នុងប្រទេសចិន។

ហេតុការណ៍នេះ បានកើតឡើងនៅ ក្នុងស្ថានីយ៍រថភ្លើងមួយកន្លែង ក្នុងក្រុងឈើនជើន ប្រទេសចិន។ នៅក្នុងហេតុការណ៍នេះ គេឃើញយុវជនម្នាក់ កំពុងតែដើរចុះជណ្តើរយន្ត តែពេលនោះ ស្រាប់តែមាននារីរូបស្អាតម្នាក់ ដើរពីក្រោយគាត់ បានផុងជើង ធ្លាក់ចូលក្នុងរណ្តៅជណ្តើរយន្ត ហើយបានស្រែកឲ្យគេជួយយ៉ាងខ្លាំង។

ខណៈពេលនោះ បុរសចិត្តធម៌បានងាកមកក្រោយ យ៉ាងប្រញាប់ ហើយបានឃើញនារីស្រស់ស្អាត កំពុងតែធ្លាក់ចុះក្រោម គាត់ក៏ស្ទុះទៅចាប់ដៃ តែគួរឲ្យស្តាយ គាត់ចាប់បានតែបន្តិច ក៏រអិលធ្លាក់ចូលក្នុងរណ្តៅបាត់។ ទោះជាយ៉ាងណា នេះគឺជាសំណាងមួយ របស់នារីដ៏ស្រស់ស្អាតម្នាក់នោះ ព្រោះក្នុងរណ្តៅដែលនាងធ្លាក់ទៅនោះ មិនមានអ្វីដែលធ្វើឲ្យនាងគ្រោះថ្នាក់ឡើយ ។

ក្រោយកើតហេតុ មានអ្នកឃើញហេតុការណ៍ បាននាំគ្នាមកជួយលើកនាង ចេញពីរណ្តៅនោះ ដោយគ្រាន់តែរបួសបន្តិចបន្តួចតែប៉ុណ្ណោះ។

បើតាមការរៀបរាប់ របស់សន្តិសុខនៅទីនោះ បានប្រាប់ថា ខណៈពេលកើតហេតុខាងលើ ពុំមាននរណាដឹងថា បន្ទះក្តារគ្របជណ្តើរយន្តនោះ មានបញ្ហាឡើយ ហើយបន្ទាប់ពីហេតុការណ៍កើតឡើង ត្រូវបានគេដាក់ស្លាកសញ្ញាគ្រោះថ្នាក់ នៅទីនោះផងដែរ ៕