ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ មានក្រុមសិស្សសាលា២ក្រុម ដែលមកពីសាលាវិជ្ជាជីវៈផ្សេងៗគ្នា បានដេញវាយ និងកាប់គ្នាផ្អើលពេញទីក្រុងបាងកក ហើយថែមទាំងបាន គប់គ្រាប់បែកដាក់គ្នា ដូចក្នុងរឿងកុន ។

ហេតុការណ៍នេះ បានកើតឡើងនៅមុខសកលវិទ្យាល័យ ដ៏ល្បីមួយ ឈ្មោះ Bangkok Siam University ដែលស្ថិតនៅផ្លូវផេចកសេម បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ ដែលបណ្តាលមកពីការផ្ទុះគ្រាប់បែក និងម្នាក់ត្រូវបានគេកាប់ជាច្រើនកាំបិត ពេញដងខ្លួន។

ទោះជាយ៉ាងណា បន្ទាប់ពីកើតហេតុរួច ប៉ូលិស និងស្នងការខណ្ឌ បានកំណត់មុខសញ្ញាក្រុមជនដៃដល់ តាមការផ្តល់ព័ត៌មាន ពីក្រុមជនរងគ្រោះ។ បើតាមការរៀបរាប់ របស់ជនរងគ្រោះ បាននិយាយថា ខ្លួនបានកំពុងតែត្រៀមខ្លួន ត្រលប់ទៅផ្ទះវិញបន្ទាប់ពីចេញពីសាលា តែពេលមកដល់មុខសាលា ស្រាប់តែឃើញក្រុមម្ខាងទៀត មានគ្នាច្រើនខ្លួនក៏ត្រលប់ទៅវិញ ហើយមិត្តភក្តិក៏បានចេញទៅផ្ទះជាមួយគ្នា លុះចេញពីសាលាបានបន្តិច ក្រុមម្ខាងមានគ្នាច្រើន បានជិះម៉ូតូតាមពីក្រោយជាច្រើននាក់ រហូតមានការដេញវាយ ធ្វើបាបមកលើខ្លួន ដូចក្នុងវីដេអូឃ្លីប ។

បើតាមប៉ូលិសបានបញ្ជាក់ថា ខណៈពេលនេះ ប៉ូលិសបានពិនិត្យមើល CCTV តាមផ្លូវនោះ ហើយព្រមទាំងបានស្គាល់ជនល្មើស ទាំងអស់នោះហើយ តែដោយសារ ពួកគេភាគច្រើន ជាយុវជនក្រោម១៨ឆ្នាំ ទើបប៉ូលិសបានចេញលិខិត ឲ្យមកជួបប៉ូលិសផ្ទាល់តែម្តង ដោយជនល្មើសទាំងអស់ មានគ្នាសរុប២០នាក់ និង១០នាក់ ជាយុវជនក្រោមអាយុ១៨ឆ្នាំ ហើយពេលនេះ ប៉ូលិសកំពុងដំណើរការតាមផ្លូវច្បាប់បន្តទៀត ៕