ហុងកុង៖ សារព័ត៌មាន AFP បានចុះផ្សាយ កាលពីថ្ងៃម្សិលមិញថា ព្យុះមួយមេ បានវាយប្រហារទីក្រុងម៉ាកាវ និងទីក្រុងហុងកុង ដោយមានខ្យល់បក់ខ្លាំង ធ្វើឲ្យដើមឈើរលំជាច្រើន និងខូចខាតផ្ទះរបស់ប្រជាជនជាច្រើនផងដែរ ។

បើតាមរបាយការណ៍ខ្លះៗ បានឲ្យដឹងថា មានមនុស្សរងរបួសជាច្រើន និងស្លាប់មនុស្សចំនួន ៤នាក់ផងដែរ ក្នុងនោះ បុរស៣នាក់បានស្លាប់នៅ ទីក្រុងម៉ាកាវ និង ១នាក់បានស្លាប់នៅហុងកុង។ ព្យុះទីហ្វុងនេះ បានវាយប្រហារចេញពីហុងកុង ដែលមានកំលាំងដល់ទៅ ២០៧គីឡូម៉ែត្រក្នុង១ម៉ោង ដែលជាព្យុះ ដែលមានល្បឿនលឿនបំផុត ក្នុងរយៈពេល៥ឆ្នាំកន្លែងមកនេះ ។

ជនរងគ្រោះដែលចូលទៅសម្រាក ក្នុងមន្ទីរពេទ្យមាន៣៤នាក់ ហើយ២៨០នាក់ ត្រូវបានជម្លាសចេញពីទីក្រុង និងស្វែងរកទីជំរកសុវត្ថិភាព ព្រមទាំងលាយឡំជាមួយ ទឹកជំនន់ដែលមាន កំពស់ត្រឹមក្បាលជង្គង់ផងដែរ ។

ក្រោយពីវាយប្រហារ ទីក្រុងហុងកុងរួចហើយ ព្យុះដ៏សាហាវនេះ បានបន្តទៅវាយប្រហារ នៅទីក្រុងម៉ាកាវបន្តទៀត ធ្វើឲ្យទឹកជំនន់ក្នុងទីក្រុង កើនឡើងយ៉ាងខ្លាំង ហើយគេបានឃើញមនុស្សជាច្រើន បានហែលទឹកទៅរកទីកន្លែងសុវត្ថិភាព។

បើតាមរបាយការណ៍ ព្យុះទីហ្វុងនេះ កំពុងតែបន្តដំណើរ ចូលទៅក្នុងប្រទេសចិន ដែលជាដែនដីដ៏ធំ ចំភាគខាងត្បូងទីក្រុងស៊ូហៃ ហើយរដ្ឋាភិបាលចិន កំពុងតែធ្វើការជម្លាសប្រជាជន ដែលរស់នៅក្នុងតំបន់គ្រោះថ្នាក់ ដើម្បីគេចចេញពីព្យុះទីហ្វុង ដែលកំពុងតែបក់សំដៅមកផងដែរ ។

ទោះជាយ៉ាងណា ក្រសួងឧតុនិយមចិន បានផ្សាយថា ព្យុះនោះបានបន្ថយកម្លាំងបន្តិចហើយ តែនៅមានភ្លៀងធ្លាក់នៅតាមតំបន់ខ្លះៗ ហើយអាចមានការបាក់ដី នៅតាមតំបន់ភ្នំទៀតផង ៕

ប្រភព៖ AFP