យោងតាមសារព័ត៌មាន Daily reports ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា បុរសម្នាក់មានរបួសយ៉ាងធ្ងន់ធ្ងរមួយ បន្ទាប់ពីបានប្រើប្រាស់ឧបករណ៍ជប់ខ្យល់ ខណៈដែលមិនស្រួលខ្លួន ហើយសម្រាប់គ្រោះថ្នាក់ដែលបណ្ដាលមកពីជប់ខ្យល់នេះ ត្រូវបានសង្គ្រោះដោយក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ រួមជាមួយក្រុមពន្លត់អគ្គិសភ័យ ។

ប្រភពខាងលើបានឱ្យដឹងបន្ថែមថា បុរសរងគ្រោះឈ្មោះ Hu រស់នៅក្នុងទីក្រុង Wuhan ប្រទេសចិន បានប្រើប្រពន្ធរបស់គាត់ ឱ្យជួយជប់ខ្យល់ឱ្យ ខណៈដែលគាត់មិនមានអាការៈមិនស្រួលខ្លួន ។ បន្ទាប់ពីប្រើកែវជប់ដាក់លើខ្នងរួចរាល់ហើយ ស្រាប់តែស្ត្រីជាប្រពន្ធមិនអាចដកកែវទាំងនោះចេញពីលើខ្លួនរបស់លោក Hu បាន រហូតបណ្ដាលឱ្យបុរសជាប្ដីរូបនោះមានអាការៈឈឺចាប់យ៉ាងខ្លាំង ។

ដោយសារតែគ្មានវិធីសង្គ្រោះលោក Hu បាន ស្ត្រីជាប្រពន្ធបាននាំប្ដីរបស់ខ្លួនរូបនោះ ទៅមន្ទីរពេទ្យមួយកន្លែងក្បែរតំបន់ដែលពួកគាត់រស់នៅ ។ បន្ទាប់ពីរយៈពេល ១ម៉ោង ទើបប្ដីប្រពន្ធខាងលើ ទៅដល់មន្ទីរពេទ្យ ហើយក្នុងរយៈពេល ១ម៉ោងនោះ បានធ្វើឱ្យសាច់របស់លោក Hu ប៉ោងឡើងទល់ជាមួយកែវជប់ ដែលមានកម្ពស់រហូតដល់ ៥សង់ទីម៉ែត្រឯណោះ ។

ប្រភពដដែលបានឱ្យដឹងទៀតថា បន្ទាប់ពីបានឃើញអាការៈរបស់លោក Hu ស្ថិតក្នុងសភាពធ្ងន់ធ្ងរដូចនេះ ទើបក្រុមគ្រូពេទ្យបានបញ្ជូនគាត់ទៅបន្ទប់សង្គ្រោះបន្ទាន់ បន្ទាប់មកក៏បានទំនាក់ទំនងទៅកាន់ក្រុមពន្លត់អគ្គិភ័យ ដើម្បីមកជួយអន្តរាគមន៍ ។

បន្តិចក្រោយមកក្រុមពន្លត់អគ្គិសភ័យក៏បានមកដល់ និងបានសហការគ្នាជាមួយក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ដើម្បីបំបែកកែវជប់ចេញពីលើខ្លួនរបស់លោក Hu ហើយជាលទ្ធផល ក៏បានទទួលជោគជ័យ ប៉ុន្តែរបួសលើខ្លួនរបស់លោក Hu នៅមានសភាពធ្ងន់ធ្ងរនៅឡើយ ។

ក្រោយពេលសង្គ្រោះទទួលបានជោគជ័យហើយ ក្រុមគ្រូពេទ្យ ក៏បានណែនាំទៅប្ដីប្រពន្ធខាងលើ ឱ្យប្រុងប្រយ័ត្នចំពោះវិធីជប់ខ្យល់នេះ ព្រោះវាក៏អាចបង្កគ្រោះថ្នាក់ផ្សេងៗ ដូចករណីនេះជាដើម ៕
សហការី KBN
ប្រភព៖ shanghaiist