ខេត្តត្បូងឃ្មុំ៖ ជនសង្ស័យម្នាក់បានលួចគាស់ផ្ទះប្រជាពលរដ្ឋ​លួចលុយបានជិត៩លានរៀល ក៏ត្រូវម្ចាស់ឆែកកាមេរ៉ាសុវត្ថិភាព​ ស្គាល់ពីអត្តសញ្ញាណរបស់ជននោះ ក៏ប្ដឹងទៅសមត្ថកិច្ចឲ្យចុះទៅឃាត់ខ្លួននាំមកចាត់ការតាមច្បាប់។ ហេតុការណ៍គាស់​ផ្ទះ​នេះបានកើតឡើង កាលពី​វេលា​ម៉ោង​២​ និង​២នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃទី២២​ ខែ​សីហា​ ឆ្នាំ​២០១៧ ស្ថិតក្នុង​ភូមិ​ជ្រួយ​ ​សង្កាត់​វិហារ​លួង​ ក្រុង​សួង​ ខេត្ត​ត្បូងឃ្មុំ​។

លោកវរសេនីយ៍ ឈន សុធន អធិការនគរបាលក្រុងសួង ​បាន​ឲ្យដឹងថា​ ជនរងគ្រោះ ឈ្មោះ ហេង សុខឃន់ ភេទស្រី អាយុ៤១ឆ្នាំ មាន​លំនៅ​ក្នុង​ភូមិ​-ឃុំ​កើត​ហេតុ​ខាង​លើ​។ រីឯ​ជនសង្ស័យ ឈ្មោះ ម៉ា រ៉េន ភេទប្រុស អាយុ៥១ឆ្នាំ​ ជាតិខ្មែរ រស់នៅក្នុងភូមិជីកែ សង្កាត់សួង ក្រុងសួង។ នៅក្នុងអំពើគាស់ផ្ទះនោះ គឺជនសង្ស័យលួចបានប្រាក់ខែ្មរ ៧,៦លានរៀល​ និងប្រាក់អាមេរិក ២៧០ដុល្លារ។

លោកអធិការនគរបាលក្រុងសួង បានបន្តថា កាលពីព្រលប់ថ្ងៃទី២១ ខែសីហានោះ ជនរងគ្រោះបាននាំគ្នាហូបបាយទឹក​ រួចហើយក៏ចូលដេកលង់លក់ នៅក្នុងដំណេករៀងៗខ្លួនទៅ។ លុះមកដល់វេលារំលងអធ្រាត្រ ស្រាប់តែជនសង្ស័យបានចូលទៅ​គាស់​ផ្ទះលួចទ្រព្យសម្បត្តិ​ និងលុយកាក់អស់ជិត ៩លានរៀល រួចគេចខ្លួនបាត់។ បន្ទាប់ពីដឹងថា មានចោរចូលគាស់ផ្ទះលួចលុយរបស់ខ្លួនហើយ ជនរងគ្រោះក៏បានឆែក​កាមេរ៉ាមើល រួចហើយប្ដឹងទៅសមត្ថកិច្ច ទើបនគរបាលជំនាញចុះទៅឃាត់ខ្លួន រួមជាមួយនឹងលុយមួយចំនួនទៀត។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលក្រុងសួង ដើម្បីសាកសួរ និងកសាងសំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូងខេ​ត្ត​ត្បូងឃ្មុំ​ ចាត់ការបន្តតាមនីតិវិធី​៕
សហការី KBN