ខេត្តព្រៃវែង៖ ប្រជាពលរដ្ឋមួយក្រុមបាននាំគ្នាទៅជួយលើកផ្ទះអ្នកភូមិជាមួយគ្នា ហើយហូបបបរ ស្រាប់តែពុលក្អួត​ចង្អោរចំនួន១៦នាក់ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅភូមិតាកែវ ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

បើតាមសម្ដីរបស់លោក សែន អាយុ៣៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានហៅ​អ្នកភូមិជាមួយគ្នាឲ្យមកជួយលើកផ្ទះរបស់គាត់។ បន្ទាប់ពីលើកផ្ទះរួចហើយ ពួកគាត់ទាំង២នាក់ប្ដីប្រពន្ធក៏បានរៀបចំ​បបរឲ្យបងប្អូនហូប លុះពេលហូបបបររួច សម្រាប់តែពួកគាត់ម្នាក់ៗមានការក្អួតចង្អោរ ពុលរហូតដល់ចំនួន១៦នាក់ (ស្រី៤នាក់ និងមានអាការធ្ងន់២នាក់) ក្នុងនោះមានក្មេងចំនួន៨នាក់ផងដែរ។

ក្រោយពេលកើតហេតុ អ្នកជំងឺទាំងអស់ត្រូវសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះ នៅក្នុងមណ្ឌលសុខភាពពាមមន្ទារ ហើយអ្នកមានអការធ្ងន់ចំនួន២នាក់ ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុក។ ទោះជាយ៉ាងណា ករណីនេះគេមិនទាន់ដឹង​ថា ពុលមកពីអ្វីឲ្យពិតប្រាកដនៅឡើយ ៕ សហការី KBN