ភ្នំពេញ៖ ស្ត្រីជាបុគ្គលិកខារ៉ាអូខេស្រស់ស្អាតម្នាក់ គិតខ្លីចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក មិនដឹងមូលហេតុអ្វី បានបង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះ ប្ដឹងសមត្ថកិច្ចចុះមកត្រួតពិនិត្យសាកសព កាលវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៣៧DE1 E2 បន្ទប់ជួលគ្មានលេខ ជាន់ទី២ ផ្លូវ៣៩០ ក្រុម៤៣ ស្ថិតនៅភូមិ៤ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។

យោងតាមសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជុំ សូវីវណ្ណ ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរខោរ៉ាអូខេ សូល ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹក ។

បុរសម្នាក់ឈ្មោះ សែ រស្មី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ជាអ្នករាប់អានជាមួយនារីរងគ្រោះ ស្នាក់នៅជាមួយម្ដាយមីង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក មានស្រុកកំណើតនៅភូមិផ្លុកជ្រៅ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម បានប្រាប់សមត្ថកិច្ចពេលធ្វើកំណត់ហេតុថា គាត់មានការរាប់អានជាមួយនារីរងគ្រោះ ជាមិត្តភក្ដិរយៈពេលខ្លី ហើយមុនកើតហេតុ គាត់បានជិះម៉ូតូគោលបំណងមកលេងបន្ទប់ជួលគាត់ (នារីរងគ្រោះ) តែមកដល់មុខបន្ទប់ជួល គាស់ក៏គោះទ្វាបន្ទប់ តែមិនឭអ្នកណាឆ្លើយ ទើបស្រែកហៅខ្លាំងៗ ។

ដោយមានការសង្ស័យ ខ្លាចខ្យល់គរ ឬមានរឿងអ្វីផ្សេង គាត់ក៏រត់ទៅហៅម្ចាស់ផ្ទះជួល មកគាស់បន្ទប់ជួល តែដោយគ្រាន់តែយកទូឡឺវីស ដោះផ្ទាំងកញ្ចក់ទ្វាចេញ រួចលូកដៃយកមេសោ ពីគន្លះហើយ បើកទ្វាចូលជាមួយម្ចាស់ផ្ទះ ទើបដឹងថា នារីរងគ្រោះ ចងកសម្លាប់ខ្លួន ក្នុងបន្ទប់ទឹក ហើយគាត់ក៏មិនដឹងមូលហេតុអ្វី ទើបនារីរងគ្រោះដាច់ចិត្តចងកសម្លាប់ខ្លួនបែបនេះដែរ ។

ម្ចាស់ផ្ទះមានឈ្មោះ ហេង សុខជា ភេទប្រុស អាយុ ៣៦ឆ្នាំ បានប្រាប់សមត្ថកិច្ចថា គាត់ជាម្ចាស់បន្ទប់ជួល ដោយនារីរងគ្រោះ បានជួលមករស់នៅ តាំងពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ ក្នុងតំលៃបន្ទប់ជួល ៨០ដុល្លារ ហើយមិនដែលមានបញ្ហាអ្វីទេ តែគាត់មិនដែលចាប់អារម្មណ៍ថា គាត់ (នារីរងគ្រោះ) មិនទៅធ្វើការតាំងពីពេលណាទេ គ្រាន់តែរសៀលនេះ មានយុវជនម្នាក់មកលេងបន្ទប់ជួលនារីរងគ្រោះ ហើយមកប្រាប់គាត់ថា ម្ចាស់បន្ទប់នៅក្នុងបន្ទប់ តែហៅមិនបើកទ្វារ ។

ម្ចាស់បន្ទប់រូបនោះបន្តថា ដោយមានការសង្ស័យ ក៏សម្រេចចិត្ត យកទូឡឺវីសដោះផ្ទាំងកញ្ចក់ចេញ ហើយឆ្កឹះទំពក់គន្លឹះ លូកដៃយកមេសោចេញ ក៏ចូលក្នុងបន្ទប់ជួល ទើបឃើញនារីរងគ្រោះ បានយកក្រណាត់ ចងទៅលើដែកស្នួរ សំរាប់ដាក់កន្សែងហាលក្នុងបន្ទប់ទឹក ដើម្បីចងកសម្លាប់ខ្លួន ។ ក្រោយកើតហេតុ ដើម្បីកំណត់ឱ្យច្បាស់ពីមូលហេតុ គាត់ក៏បានប្ដឹងសមត្ថកិច្ច ចុះមកធ្វើកោសល្យវិច័្ចយ សពភ្លាមៗផងដែរ ។

សមត្ថកិច្ចនគរបាល សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន បានប្រាប់ថា បន្ទាប់ពីមានម្ចាស់ផ្ទះបន្ទប់ជួល ប្ដឹងអាជ្ញាធរ មានករណីនារីម្នាក់ចងក សម្លាប់ខ្លួនក្នុងបន្ទប់ទឹក ហើយបានចុះមកដល់កន្លែងកើតហេតុ រួចកហៅខាងការិយាល័យបច្ចេកទេស កោសល្យវិច្ច័យនគរបាលប៉ុស្តិ៍ស្នងការរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យ ក្រែងជាករណីផ្សេង ។

ក្រោយមក មានលោកគ្រូពេទ្យ អមសាលាដំបូងរាជធានីភ្នំពេញ សហការចុះមកពិនិត្យ លើសពនារីរងគ្រោះ និងធ្វើការសន្និដ្ឋានថា ជាករណីអត្តឃាត សម្លាប់ខ្លួនឯង(ចងក)ក្នុងបន្ទប់ទឹក ដោយយកក្រណាត់ចងទៅលើ ភ្ជាប់នឹងដែកស្នួរ ហាលខោអាវ ក្នុងបន្ទប់ទឹក ហើយសពនារីរងគ្រោះ មិនទាន់មានសាច់ញាតិដឹងឡើយ ដោយសារម្ចាស់ផ្ទះជួល មិនបានយកអត្តសញ្ញាណប័ណ្ណ ពីនារីរងគ្រោះ ហើយនេះ ជាការពិបាកមួយ សម្រាប់សមត្ថកិច្ច ស្វែងរកសាច់ញាតិ ជនរងគ្រោះ ។ ចំណែកសព ត្រូវបានរថយន្តនគរបាល ដឹកសពយកតំកល់ទុក នៅវត្តស្ទឹងមានជ័យ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ៕ សហការី KBN