ភ្នំពេញ៖ បុរសម្នាក់បុគ្គលិក នៅភោជនីយដ្ឋានម្នាក់ ខឹងថៅកែស្រីស្ដីបន្ទាសឱ្យខ្លួន ព្រោះរឿងនិយាយទូរស័ព្ទច្រើន ជាងធ្វើការងា ស្រាប់តែលួចយកម៉ូតូម៉ាក ZOOMER.X ពណ៌ស បិទស្កុតខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FO-6927 ស៊េរីឆ្នាំ២០១៦ យកទៅដឹងស្រីស្នេហ៍ នៅស្រុកបាត់ ៤ថ្ងៃ ត្រូវបានថៅកែតាមរកឃើញ នៅខេត្តកណ្ដាល ក៏ក្របួចឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ កាលវេលាម៉ោង១និង០០នាទីរសៀល ថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០១៧ នៅចំណុចមុខភោជនីយដ្ឋានម្លប់ដូង (ផ្ទះលេខ៨៤២) ផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះមានឈ្មោះ ទេស មុនី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើតនៅភូមិក្បាលកោះ ឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ជាថៅកែភោជនីយដ្ឋានកើតហេតុខាងលើ បានប្រាប់ឱ្យដឹងថា មុនកើតហេតុ ប្រពន្ធរបស់គាត់បានស្ដីបន្ទោសឱ្យជនសង្ស័យដែលជាបុគ្គលិក រឿងម៉ោងធ្វើការ មិនធ្វើទេ ច្រើនតែលួចពួននិយាយទូរស័ព្ទ ច្រើនជាង ហើយបុរសជនសង្ស័យប្រហែលជាខឹង ។

ប្រហែលកន្លះម៉ោងក្រោយ បុរសជាជនសង្ស័យ និងជាបុគ្គលិករូបនោះ បានលួចយកសោម៉ូតូ ដែលគាត់ដាក់លើតុ ងាយស្រួលប្រើបុគ្គលិកជិះទៅទិញឥវ៉ាន់ ដែលត្រូវប្រើក្នុងហាង ហើយទៅចាក់សោម៉ូតូម៉ាក ZOOMER.X ពណ៌ស បិទស្កុតខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FO-6927 ស៊េរីឆ្នាំ២០១៦ ជិះយកចេញទៅដោយនឹកថា ប្រហែលប្រពន្ធប្រើឱ្យជិះទៅទិញឥវ៉ាន់ តែពេលបាត់យូរក៏សួរនាំប្រពន្ធថា បានប្រើម្នាក់ឈ្មោះ ស្រស់ ទៅទិញអ្វីបានជិះម៉ូតូទៅយូរម្ល៉ះ ស្រាប់តែប្រពន្ធថា មិនបានឱ្យម៉ូតូជិះទៅទិញអីទេ ទើបផ្អើលឆាឡាហើយទាក់ទងទូរស័ព្ទចូលមិនលើក រហូតបិទទូរសព្ទ រហូតទាល់តែព្រឹកម៉ោង ៨និង៣០នាទីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ ខណ្ឌច្បារអំពៅ ពីបទលួចម៉ូតូគាត់ ។

រហូតដល់ម៉ោង១និង០០នាទីរសៀលថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០១៧ បានមកដល់ស្រុកកំណើតជនសង្ស័យ ក៏ប្រទះឃើញជិះម៉ូតូរបស់គាត់ នៅតាមផ្លូវ ក៏ចាប់យកទៅស្រុក ពញាឮ ខេត្តកណ្តាលនិងបង្ហាញពាក្យបណ្ដឹង ឱ្យអាជ្ញាធរដឹងឮ ឱ្យមានការភ្ញាក់ផ្អើល ទើបដឹកជនសង្ស័យ និងម៉ូតូ មកប្រគល់ឱ្យនគរបាលប៉ុស្តិ៍ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

ជនសង្ស័យឈ្មោះ ក្រូច ចិត្រ្តា ហៅ ស្រស់ ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់តុ ស្នាក់នៅ ផ្ទះកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិត្រពាំង ឃុំ ជ្រៃលាស់ ស្រុកពញាឭ ខេត្តកណ្ដាល បានឆ្លើយសារភាពថា ខ្លួនខឹងថៅកែស្រី ស្ដីបន្ទោសពិតប្រាកដមែន ដោយគោលបំណាងលួចយកម៉ូតូរបស់ថៅកែ មិនយកទៅលក់ទេ ទុកគ្រាន់ជិះបង្អួត និងដឹកស្រីស្នេហ៍ ដើរលេងក្នុងស្រុក ដោយខ្លួនធ្វើការយូរហើយ មិនដែលមានលុយទិញម៉ូតូជិះផង ក្រោយមកជិះសង្ហាបានតែ ៤ថ្ងៃ ថៅកែប្រុស តាមរកឃើញចាប់ប្រគល់ឱ្យសមត្ថកិច្ចតែម្ដង ។

លោក អ៊ុន ប៊ុណ្ណា នាយប៉ុស្តិ៍ស្ដីទី នគរបាលសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បានប្រាប់អ្នកយកព័ត៌មានថា ដោយបុរសជាថៅកែភោជនីយដ្ឋាន មកដាក់ពាក្យបណ្ដឹង បុគ្គលិកគាត់បានលួចយកម៉ូតូម៉ាក ZOOMER.X ពណ៍ស បិទស្កុតខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FO-6927 ស៊េរីឆ្នាំ ២០១៦ហើយបាន ៤ថ្ងៃក៏តាមចាប់បាននៅស្រុកកំណើតជនសង្ស័យ រួចបុរសជាថៅកែប្រគល់ឱ្យសមត្ថកិច្ចយើងចាត់ការតាមផ្លូវច្បាប់ ។

លោកបន្តថា ក្រោយពីសាកសួរនាំ ជនសង្ស័យបានឆ្លើយរាល់សកម្មភាពខ្លួនបានលួចម៉ូតូរបស់កែ ពិតមែន និងបានដកហូតវត្ថុតាងម៉ូតូម៉ាក ZOOMER.X ពណ៍សបិទស្កុតខ្មៅពាក់ ស្លាកលេខភ្នំពេញ 1FO-6927 ស៊េរីឆ្នាំ២០១៦ ពីជនសង្ស័យ ឱ្យទៅជនរងគ្រោះជាម្ចាស់ប្រើប្រាស់ជាបណ្ដោះអាសន្នវិញ ចំណែកជនសង្ស័យ នឹងកសាងសំណុំរឿងបញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្ត ៕ សហការី KBN