កាលពីពេលថ្មីៗនេះ វេបសាយ ឈ្មោះ Coconuts Jakarta បានចុះផ្សាយពីករណី ប្រជាពលរដ្ឋក្នុងភូមិមួយ បានប្រទះឃើញទារកស្រែកយំ យ៉ាងខ្លាំងចេញពីផ្ទះចាស់ ដែលត្រូវគេបោះបង់ចោលមួយកន្លែង ស្ថិតនៅទឹកដី អិនថារាមាយូ ខេត្តជ្រាភាគខាងលិច ប្រទេសឥណ្ឌូនេស៊ី ។

ក្រោយពីបានឮសម្លេងស្រែក រំពងពេញព្រៃដូច្នេះ ប្រជាពលរដ្ឋបាននាំគ្នា ចូលទៅពិនិត្យមើលសម្លេងនោះ ស្រាប់តែប្រទះឃើញទារក មិនដល់១ខែផង កំពុងស្រែកយំយ៉ាងវេទនា គួរឲ្យសង្វេគ ដោយមនុស្សចិត្តអប្រិយ បានយកគ្នាទៅបោះចោលក្នុងរណ្តៅដី ក្បែរផ្ទះចាស់ខាងលើនោះ ។

បើតាមរយៈវីដេអូ ឃ្លីបដែលបានបង្ហោះ ដោយហ្វេសប៊ូកឈ្មោះ Virzi Brisnay បានបង្ហោះកាលពេលថ្មីៗនេះ បានបង្ហាញឲ្យឃើញថា ទារកដែលគេយកទៅ បោះចោលក្នុងផ្ទះចាស់នោះ មានរបួស ជុំវិញក្បាលទៀតផង ហើយគេក៏បានឃើញ សពទារកស្អុយរលួយ នៅក្បែរនោះម្នាក់ទៀតផងដែរ ។

វីដេអូឃ្លីបនោះ ត្រូវបានគេយកទៅស៊ែរ ចែករំលែកមិនតិចជាង ១,៥សែនដងនោះទេ ហើយក៏មានអ្នកចូលមើល មិនតិចជាង៨,៦លានដងនោះឡើយ ។

ប៉ូលិសបានប្រាប់កាសែតខាងលើថា ទារករូបនោះ មកទល់និងពេលនេះ បានទទួលការព្យាបាល យ៉ាងយកចិត្តទុកដាក់បំផុត ពីក្រុមគ្រូពេទ្យ ហើយបានរួចផុតពីគ្រោះថ្នាក់ហើយ ព្រមទាំងក្រុមប៉ូលិស ក៏បានចូលទៅត្រួតពិនិត្យមើលផ្ទះនោះ ហើយបានយក DNA របស់ទារកនោះ ទៅពិនិត្យដើម្បីស្វែងរក ជនល្មើសដែលបានយក ទារកនោះទៅទុកចោលដូចសត្វធាតុ ៕