ភ្នំពេញ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវបាត់បង់ម៉ូតូដែលជាឆ្នាំងបាយរបស់ខ្លួន ត្រឹមតែមួយប៉ប្រិចភ្នែក ដោយសារដឹកម៉ូយប៉ះ​ចំចោរ យកដំបងវាយពីក្រោយបណ្តាលឱ្យបែកមួក​ការពារសុវត្ថិភាព ដួលម៉ូតូរងរបួសធ្ងន់ ហើយជនសង្ស័យបានប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព ​ដែលករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុង ក្លោងទ្វារវត្ត តិក្ខប្បញ្ញោ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមានឈ្មោះ នេត គុន ភេទប្រុស អាយុ ៥២ឆ្នាំ ស្នាក់នៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។ ម៉ូតូដែលត្រូវជនសង្ស័យវាយប្លន់យកទៅបាត់ ម៉ាកហុងដាឌ្រីម ​សេរ៊ី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CO-5872។

តាមប្រភពព័ត៌មានពីជនរងគ្រោះ បាននិយាយថា មុនពេលកើតហេតុរូបគាត់ជាអ្នករត់ម៉ូតូឌុប ហើយ​ត្រូវជនសង្ស័យហៅឌុបពីចំណុចជិតរោងចក្រប៊ីរី នៅភូមិជម្ពូវន្ត សង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ ទៅ​ហាងផឹកស៊ីនៅជិតវត្តឈូកវ៉ា ក្នុងតំលៃ ៨ពាន់រៀល ​បានជិះតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ។

លុះបើកមកដល់ចំណុចខ្លោងទ្វារវត្តតិក្ខប្បញ្ញោ បានបត់ចូលតាមក្លោងវត្ត ដែលជាផ្លូវក្រហែងក្រហូត ជិះយឺតៗបានប្រមាណ ៥ម៉ែត្រ ក៏ត្រូវ​ជនសង្ស័យ​ដែលអង្គុយលើម៉ូតូ បានយកដំបងវាយពីក្រោយ​​ចំដៃផ្នែកខាងស្តាំជាច្រើនដំបង បណ្តាលឱ្យ​បែកមួកការពារសុវត្ថិភាព ​ធ្វើឱ្យដួលម៉ូតូ ហើយជនរងគ្រោះរងរបួសធ្ងន់ឈឺដៃផ្នែកខាងស្តាំ លើកវាយតបមិនរួច ក៏ត្រូវជនសង្ស័យជិះចេញទៅបាត់ ។
ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលសំរោងក្រោមឱ្យជួយអន្តរាគមន៍ ៕ សហការី KBN