ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត​ សារឿន អគ្គស្នងការនគរបាលជាតិ នៅមុននេះបន្តិច ឲ្យដឹងថា លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពិតប្រាកដមែន កាលពីវេលាម៉ោងប្រមាណ ១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយជាតិលេខ៦ មុខវត្តព្រែកលៀប ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។​ ពាក់ព័ន្ធករណីផលិតគ្រឿងញៀន កាលពីឆ្នាំ២០០៧ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។​

នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាលរាជធានីភ្នំពេញ អនុវត្តតាមដីការបស់តុលាការ ដើម្បីនាំខ្លួនលោក ញឹក ប៊ុនឆៃ មកសាកសួរនាំ នៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០០៧ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំណុចគីឡូម៉ែត្រលេខ៨១-៨២ សមត្ថកិច្ចបានចុះបង្ក្រាបទីតាំង ផលិតគ្រឿងញៀន ដ៏ធំមួយ ដោយទីតាំងនោះ ត្រូវបានគេដឹងថា ជាកម្មសិទ្ធិរបស់ឈ្មោះ ជា ជុង ដែលគេដឹងថា គឺជាទីប្រឹក្សា របស់លោកឧបនាយករដ្ឋមន្ត្រី ញឹក ប៊ុនឆៃ ។

ក្នុងនោះសមត្ថកិច្ច មន្ទីរប្រឆាំងគ្រឿងញៀន បានរកឃើញ វត្ថុធាតុដើម សំរាប់ផលិតគ្រឿងញៀនជាច្រើន ហើយគេក៏បានឃើញ រថយន្តកាមរី ពណ៌ស ដាក់ស៊ីរ៉ែន ពាក់ស្លាកលេខរដ្ឋ ដែលគេដឹងថា រថយន្តស៊ីរ៉ែននេះ គឺសំរាប់បើកនាំមុខក្បួន រថយន្តរបស់លោក ឧបនាយករដ្ឋមន្ត្រី ញឹក ប៊ុនឆៃ ចតនៅទីនោះដែរ។

តាមសាក្សីដែលជាប្រជាពលរដ្ឋ ជិតខាង និងកម្មករមើលថែដី គេអះអាងថា ទីតាំងនេះ គឺជាកសិដ្ឋានចិញ្ចឹមគោ ប៉ុន្តែគេឧស្សាហ៏ឃើញលោក ញឹក ប៊ុនឆៃ ចេញចូលទីនោះ ញឹកញាប់ ជាពិសេសជាមួយឈ្មោះ ជា ជុង ដែលបច្ចុប្បន្នកំពុង ជាប់ពន្ធនាគារក្នុងបទល្មើស ផលិតគ្រឿងញៀននៅទីនោះ រួមជាមួយជនជាតិ ចិន២នាក់ ជនជាតិថៃម្នាក់ ដែលជាអ្នកបច្ចេកទេស ក្នុងការលាយថ្នាំ សំរាប់ផលិតគ្រឿងញៀន ក្រោមលេសផលិតថ្នាំ សំរាប់ធ្វើជីដាំស្មៅឲ្យគោស៊ី៕

សហការី KBN