ភ្នំពេញ៖ ដោយសារអំណាចនៃគ្រឿងញៀន ធ្វើឱ្យបុរសម្នាក់ ចិត្តខ្លាំង អុកឡុក រករឿងក្នុងគ្រួសារ បង្ខំឱ្យម្តាយលក់ផ្ទះ ចោលយកលុយឱ្យខ្លួនជក់ថ្នាំ ទីបំផុតខឹងម្តាយមិនយល់ស្របតាមគេ សម្រេចចិត្តដុតផ្ទះចោលឆេះម៉ដ្ឋ អស់ទាំងទ្រព្យសម្បត្តិទាំងស្រុង ដែលហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ចេញទៅជួយអន្តរាគមន៍ កាលពីវេលាម៉ោង១៤និង៣៥នាទីរសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះលេខ២៨៤ផ្លូវបេតុង ក្រុម១១ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ក្រោយធ្វើសកម្មភាពដុតផ្ទះខ្លួនឯងចោលហើយ ជនសង្ស័យព្យាយាមរត់គេចខ្លួន តែត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ភ្នំពេញថ្មី តាមដេញចាប់ខ្លួនបាន កាលពីវេលាម៉ោង១៨និង៣០នាទី ព្រលប់ថ្ងៃកើតហេតុ ត្រង់ចំណុចតាមផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជនសង្ស័យដុតផ្ទះខ្លួនឯងចោល ឈ្មោះ មាស សីហា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅផ្ទះកើតហេតុ ជាមួយ ប្អូនប្រុស ឈ្មោះ មាស កក្កដា អាយុ ២៨ឆ្នាំ មុខរបរលក់ដូរ មានប្រពន្ធឈ្មោះ ឃ្លាំង សារ៉ា អាយុ ៣២ឆ្នាំ មុខរបរលក់ដូរ ។ ចំណែកម្តាយ របស់ជនសង្ស័យមានឈ្មោះ ឆាយ សុផល អាយុ ៥៨ឆ្នាំ រស់នៅផ្ទះផ្សេងមួយកន្លែងទៀត សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

គួររំលឹកផងដែរថា កាលពីរសៀលថ្ងៃទី០២ ខែសីហា ផ្ទះមួយខ្នង សង់អំពីឈើ ប្រក់ស័ង្កសី ថ្មក្រោម ទំហំ៧ម៉ែត្រគុណ០៩ម៉ែត្រ ដែលមានទីតាំងស្ថិតនៅតាមផ្លូវបេតុងក្រុម១១ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ត្រូវបានជនសង្ស័យ ឈ្មោះ មាស សីហា ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅផ្ទះខាងលើ ដុតឆេះម៉ដ្ឋ ។ ក្រុមរថយន្តពន្លត់អគ្គិភ័យ បានត្រឹមទៅជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ យកធ្យូង ដោយសារភ្លើងឆេះលឿនពេក ហើយជនបង្កព្យាយាមរត់គេចខ្លួន ក្រោយពីដុតហើយ និងត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍ ដេញតាមចាប់ខ្លួនបាន នាំយកទៅសាកសួរនៅអធិការដ្ឋានខណ្ឌ ។

តាមការសារភាព ជនសង្ស័យបានឱ្យដឹងថា ដោយសាររូបគេខឹងជាមួយម្តាយ ដោយបបួលឱ្យលក់ផ្ទះយកលុយឱ្យគេមិនបាន ហើយម្តាយចេះតែជេរស្តី ប្រដៅរូបគេ ញឹកញយដងពេក ធ្វើឱ្យរូបគេខឹង ឆ្លៀតពេលប្អូនៗមិននៅផ្ទះ បានឱកាសដុតកម្ទេចចោលតែម្តង ។

តាមអ្វីដែលជនសង្ស័យបំភ្លឺ ធ្វើឱ្យប៉ូលិស និងអ្នកស្តាប់ឮហើយ ហួសចិត្តគ្រប់គ្នា មិនគួរណា យកកំហឹង ទោសៈ មោហៈ ដាក់ខ្លួន ក្រោយពីមានការអប់រំពីចាស់ទុំ មាតាបិតា យ៉ាងនេះសោះ តើម្តាយឯណា ចង់ឱ្យកូនអាក្រក់ ស្តីប្រដៅក៏ព្រោះចង់ឱ្យកូនមានអានាគតភ្លឺស្វាង ជៀសវៀសឆ្ងាយចេញពីគ្រឿងញៀន តែផ្ទុយទៅវិញ ឥទ្ធិពលនៃគ្រឿងញៀន លទ្ធផលគឺបែបនេះឯង អស់ទ្រព្យសម្បត្តិ ហើយជាប់គុកទៀត ៕ សហការី KBN