ឈៀងម៉ៃ ប្រទេសថៃ៖ ហេតុការណ៍ដ៏កក្រើកមួយ បានធ្វើឲ្យប្រជាជនថៃ រាប់លាននាក់ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបុរសម្នាក់ ជាគ្រូរំដោះគ្រោះ ដេញខ្មោចព្រាយបិសាច បានស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ ដោយសារយកផ្លែដាវ ទៅដោតផ្ទប់និងដើមទ្រូងរបស់ខ្លួន ខណៈកំពុងតែគ្រូចូល រាំបណ្តើរ រំដោះគ្រោះដេញខ្មោច ឲ្យស្ត្រីម្នាក់បណ្តើរ។

គ្រូរំដោះគ្រោះ ដែលស្លាប់នោះ ត្រូវបានគេស្គាល់ ឈ្មោះ ផេបក្រឹដ ប៉ាលី អាយុ២៥ឆ្នាំ ហើយមានជំនាញខាងរំដោះគ្រោះ ដេញខ្មោចព្រាយបិសាច ឲ្យអ្នកស្រុកអ្នកភូមិ អស់រយៈពេលជាង៧ឆ្នាំ កន្លងមកហើយ។

អ្នកថតវិដេអូ ក្នុងហេតុការណ៍នោះ បានប្រាប់ប៉ូលិសថា លោកគ្រូម្នាក់នេះ បានរាំបង្ហាញ របៀបគ្រូចូល ដោយយកដាវប្រវែង ប្រហែល៣០សង់ទីម៉ែត្រ ទៅចាក់និងដើមទ្រូងរបស់ខ្លួន ។
បន្ទាប់ពីចាក់ចូលក្នុងដើមទ្រូង ជម្រៅប្រហែល១០សង់ទីម៉ែត្រ ដោយឃើញសភាពមិនស្រួល គាត់ក៏បាន ដកដាវចេញពីដើមទ្រូង របស់គាត់វិញភ្លាមៗ ហើយបានដើរចេញ ទៅឲ្យគេជួយ ។


ក្រុមជួយសង្គ្រោះបានព្យាយាម ជួយលោកគ្រូភ្លាមៗផងដែរ តែដោយសារជំរៅដាវ ចាក់ចូល ចំកន្លែងសំខាន់នៃបេះដូង ជ្រាបដល់សរសៃឈាម បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងធ្វើពិធីតែម្តង ។

ករណីនេះ ប៉ូលិសបានសន្និដ្ឋានថា នេះជាឃាតកម្មមកលើខ្លួនឯង ព្រមទាំងសុំឲ្យប្រជាជនពិចារណា ឲ្យបានច្បាស់លាស់ មុននិងជឿស៊ប់ទៅលើជំនឿអរូបិយ ឬជំនឿផ្សេងៗ ដែលធ្វើឲ្យអន្តរាយដល់ខ្លួន៕