ភ្នំពេញ៖ នារីវ័យក្មេង ជាកម្មការិនីកាត់ដេរ អាយុទើប១៥ឆ្នាំម្នាក់ បានចាញ់បោកប្រុសព្រាន លួងលោមនាំចូល ផ្ទះសំណាក់មួយយប់ ចាប់បង្ខំរួមរ័ក្សបាន៣ដង សម្រេចហើយគេចខ្លួនបាត់ បន្សល់ទុក​ម៉ូតូមួយគ្រឿង ត្រូវសាច់ញាតិ ជិះយកទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅ ​កាល​​ពីវេលាម៉ោង ៩យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅខាងក្រោយ ផ្សារកាណាស៊ីធី ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

នារីវ័យក្មេងស្រស់ស្អាត ដែលចាញ់ល្បិចប្រុសស្នេហ៍ មានឈ្មោះ ហ ស ព អាយុ១៥ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួល ជាមួយម្តាយមីង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

ចំណែកប្រុសស្នេហ៍វិញ គ្រាន់តែស្គាល់ឈ្មោះ វី អាយុជាង២០ឆ្នាំ មុខរបរ កម្មកររោងចក្រជាមួយគ្នា ស្នាក់នៅផ្ទះជួល ក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ក្រោយពីដឹងសភាពមិនស្រួល ក្រុមគ្រួសារក្មេងស្រី តាមទាន់ដឹងរឿងហើយ បើមិនជាប់ខ្នោះក៏ច្រវ៉ាក់ដែរ មានតែម្យ៉ាង បិទសាប៊ូកែង រត់បាតជើងសព្រាត គេចខ្លួនបាត់ បន្សល់ទុកតែម៉ូតូមួយគ្រឿង ម៉ាក zoomer ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CS-6414។

បើយោងតាមសម្តីក្មេងស្រីរងគ្រោះ បានឲ្យដឹងថា រូបនាងទើបនឹងចូល ធ្វើការរោងចក្រ បានជិតមួយខែ ហើយ​បានស្គាល់គ្នា ជាមួយជនសង្ស័យខាងលើ រាប់អានជិតដិតទើបតែ ៥ទៅ៦ថ្ងៃចុង​ក្រោយនេះ ហើយជនសង្ស័យ បានសារភាពសុំស្រឡាញ់នាង នៅល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ។ បន្ទាប់ពីសារភាពស្នេហាហើយ យុវជនបានណាត់រូបនាង ទៅដើរ​លេងនៅវេលាម៉ោង ៥ល្ងាចថ្ងៃដដែល ដោយទៅដើរ​លេង ជាមួយមិត្តភក្តិផ្សេងទៀត សរុបគ្នា៦នាក់ ប្រុស៣នាក់ ស្រី៣នាក់ ជិះម៉ូតូ៣គ្រឿង ទៅហូបអាហារ នៅមុខសណ្ឋាគារណាហ្គាវើរ សង្កាត់ទន្លេបាសាក់ រហូតដល់វេលាម៉ោង ៩និង៣០នាទីយប់ ទើបនាំគ្នាវិលត្រឡប់មកផ្ទះ ជួលរៀងៗ​​ខ្លួនវិញ ។

ដោយឡែកតែរូបនាង ​ត្រូវបានជនសង្ស័យ​ឈ្មោះ វី មិនបានឌុប ​ទៅផ្ទះជួលទេ បែរជាឌុបទៅផ្ទះ​សំណាក់ ៣ដុល្លារ ស្ថិតនៅមុខផ្សារត្រពាំងថ្លឹង តាមផ្លូវវេងស្រេង ហើយ​និយាយល្បួង លួងលោមឲ្យនាង ចូលបន្ទប់ផ្ទះសំណាក់ ទោះជានាងបដិសេធក៏ដោយ នៅតែយុវជនរូបនេះបង្ខំឲ្យចូល ដោយសន្យាថា ពាក្យ «មិនអីទេអូន បងទទួលខុសត្រូវ» គួបផ្សំនឹងយប់កាន់តែជ្រៅផងនោះ បាក់ជឿទុកចិត្ត ត្បិតប្រុសបងបង្ខំហើយ ក៏បណ្តោយខ្លួន តាមយថាកម្ម ពេលបានសម្រេច៣ដងហើយ ប្រុសបងឌុបជូនទៅធ្វើការ នៅពេលព្រឹកថ្ងៃទី២៨ ខែកក្កដា។

ក្រោយពីប្រុសព្រាន ជូនទៅដល់កន្លែងធ្វើការហើយ នាង​សុខចិត្តសង្ងំក្នុងរោងចក្រ រហូតដល់ល្ងាច ទើបប្រុសព្រានខាងលើ បានមកឌុបជូនទៅផ្ទះជួល ខាងក្រោយផ្សារកាណាស៊ីធីបន្តទៀត ក្នុងបំណងប៉ងចង់សុំម្តងទៀត តែត្រូវសាច់ញាតិខាងស្រី បាត់នាងមួយយប់មិនឃើញ ក៏បានសួរ​ដេញដោលដឹងរឿង ហើយសម្រេចលួងលោម ឲ្យជនសង្ស័យជាប្រុសព្រានខាងលើ ចូលខ្លួនទៅដោះស្រាយ នៅប៉ុស្តិនគរបាល តែត្រូវប្រុសព្រានរូបនោះ ដឹងខ្លួនមុន ក៏បានរត់គេចខ្លួន បន្សល់ទុកម៉ូតូមួយគ្រឿង ត្រូវសាច់ញាតិជនរងគ្រោះ ជិះយកទៅប្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ។

តាមសម្តីក្រុមគ្រួសារ ក្មេងស្រីរងគ្រោះវិញ បានឲ្យដឹងថា ក្រោយពីក្មេងស្រីរងគ្រោះ បាត់មួយយប់មួយថ្ងៃ ឪពុកម្តាយភិតភ័យ រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ កាលពីព្រឹកថ្ងៃទី២៨ ខែកក្តដា ម្តងរួចជាស្រេចហើយ បន្តតាមស្វែងរក ទីបំផុតក្មេងស្រីរងគ្រោះ ដើរជាប់អន្ទាក់ប្រុសព្រាន ដឹងកន្លែងលាក់ខ្លួន ក៏ទៅតាមរកឃើញ តែត្រូវខាងប្រុសដឹងខ្លួនមុន រត់គេចបាត់ បន្សល់ទុកតែម៉ូតូ Zoomer មួយគ្រឿង មានតែអូសយកទៅប្តឹង ប៉ូលីសប៉ុស្តិ៍ចោមចៅ ឲ្យជួយអន្តរាគមន៍ស្រាវជ្រាវ ដើម្បីចាត់ការ​ទៅតាមនីតិវិធី ៕

សហការី KBN