ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរមួយ បានបណ្តាលឲ្យបុរសម្នាក់ស្លាប់ ​ដោយសារជិះម៉ូតូ​ជែង​រថយន្តមួយគ្រឿង ​ចូល​ទៅ​ចំណី​ផ្លូវម្ខាងទៀត ជ្រុល​ទៅបុក ​និង​រថយន្ត​ហាយឡែនឌឺ​ មួយ​គ្រឿង ​ដែល​កំពុង​បើក​បញ្ច្រាសទិ​ស​គ្នា​ ចំពីមុខ​ពេញទំហឹង​ បណ្តាលអោយ​អ្នក​បើក​ម៉ូតូ​ ហោះ​ផ្លោង​ផ្ទុប​ទៅ​កញ្ចក់​រថយន្ត​ បោក​ក្បាល​ហូរឈាម​ស្លាប់​ ហេតុការណ៍នេះ កើតឡើង​ នៅវេលាម៉ោង​៨យប់​ ថ្ងៃ​ទី​២៨​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ ទុលមុខ​និង​បុរី​ពិភព​ថ្មី​ ផ្លូវ​ជាតិ​លេខ​២​ ភូមិ​ក្រាំង​ស្វាយ​  សង្កាត់​ព្រែក​កំពឹស​ ខណ្ឌ​ដង្កោ​ ។

បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា សពជនរងគ្រោះ​ មានឈ្មោះ​ មុំ​ រតនា​ ភេទប្រុស​ អាយុ​៣០ឆ្នាំ​ មុខរបរ​មន្ត្រី​អង្គរក្ស​ ស្នាក់នៅ​ក្នុង​បន្ទាយ​ មានស្រុកកំនើត នៅភូមិ​ជើងកើប​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ ។

​​បើតាមការរៀបរាប់ ពីអ្នកឃើញហេតុការណ៍ នៅ​កន្លែង​កើត​ហេតុ​ បានអោយដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​ ជនរងគ្រោះ​ខាងលើ​ បានជិះម៉ូតូ​ម៉ាកហុងដា​ឌ្រីម​​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ កណ្ដាល​ 1M9910 បានធ្វើដំនើរ តាមផ្លូវ​ជាតិ​លេខ​២​ ក្នុង​ទិសដៅ​ ពី​​លិច​ទៅកើត​ ក្នុង​ល្បឿន​លឿន
 ខណៈ​មកដល់​ចំនុចកើតហេតុ​ អ្នក​បើកម៉ូតូ​ បានបើក​វ៉ា​ជែង​រថយន្ត​ មិនស្គាល់ម៉ាក​មួយគ្រឿង​ ដែល​ធ្វើ​ដំណើរ​ស្រប​ទិសគ្នា​ ធ្វើ​ឲ្យម៉ូតូ​ ចូល​ទៅ​ចំនីផ្លូវ​ម្ខាងទៀត ជ្រុល​ទៅ​បុក​និង​រថយន្ត​ ម៉ាក​ ហាយឡែនឌឺ​ ពណ៌ស្ករ​  ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AJ 7332 ធ្វើដំនើរតាមផ្លួវបញ្ច្រាសទិ​ស​គ្នា​ ពីកើត​ទៅលិច ចំពីមុខ​ពេញទំហឹង​ បណ្តាលអោយ​អ្នក​បើក​ម៉ូតូ​ ហោះ​ផ្លោង​ផ្ទុប​ទៅ​កញ្ចក់​រថយន្ត​ បោក​ក្បាល​ហូរឈាម និង​បាក់.​ក​ ស្លាប់​នៅ​និង​កន្លែង​តែម្ដង​  ចំនែកម៉ូតូ រងការខូចខាត​ ខ្ទេចផ្នែកខាងមុខ ​ស្ទើរតែ​ទាំង​ស្រុង​  ។

ដោយ​ឡែក​ខាង​រថយន្ត​ រងការខូចខាត​ខ្ទេចផ្នែកខាងមុខ​ ចំហៀង​ស្តាំ​ និង​កញ្ចក់​ខាងមុខ​ផ្នែកខាងស្តាំ​ ​ពេល​នោះ​ដែល​អ្នក​បើក​រថយន្ត​ បានបើករថយន្ត​រត់​ ចេញ​ពី​កន្លែង​កើត​ហេតុ​​​ បាន១០០ម៉ែត្រ​ បានទុក​រថយន្ត​ចោល​ រួច​ហើយ​បាន​រត់ ​គេច​ខ្លួន​បាត់​ស្រមោល​។


 
ចំណែកសាច់ញាតិ របស់ជនរងគ្រោះ ដែលចុះមកដល់កន្លែងកើតហេតុ បានអះអាងថា រថយន្តនិងម៉ូតូបើកស្របទិសគ្នា ហើយរថយន្តបើកបុក ម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យ អ្នកបើកម៉ូតូស្លាប់ភ្លាមៗ​ ។

​​បន្ទាប់ពីកើតហេតុ​ឃើញ​ មាន​សាច់​ញាតិ​ របស់​ជនរងគ្រោះ​ បានមក​យំ​សោក​បោក​ខ្លួន​ អោប​សព​ជនរងគ្រោះ​ ទាំង​អារម្មណ៍​សោកស្ដាយ​បំផុត​  ។
ក្រោយ​ពីសមត្ថកិច្ច​ជំនាញ​ ចុះ​ទៅដល់​ ​បាន​​​ប្រគល់​សព​ជនរងគ្រោះ ​ទៅ​អោយ​ក្រុមគ្រួសារ ​យកទៅ​តម្កល់​ធ្វើ​បុណ្យ​ នៅ​វត្ត​ព្រែក​ឬស្សី​ ក្រុងតាខ្មៅ​ ខេត្ត​កណ្ដាល។ ចំនែក​ម៉ូតូ​ និង​រថយន្ត​ត្រូវ​សមត្ថកិច្ច​ បានធ្វើ​វាស់​វែង​យក​ទៅ​រក្សា​ទុក​ នៅ​ការិយា​ល័យ​ចរាចរណ៍ ​ជើង​គោក​រាជ​ធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ធ្វើ​ការដោះស្រាយ​  ៕ 

សហការី KBN