ភ្នំពេញ ថ្ងៃទី26 កក្កដា ៖ បន្ទាប់ពីទទួលបានតំណែងជាក្រុមហ៊ុនទូរគមនាគមន៍ជាទីទុកចិត្តបំផុតនៅកម្ពុជា ក្នុងសន្និសីទ IDG 4G នាពេលថ្មីៗនេះ ថ្ងៃនេះ សែលកាតបានប្រកាសពី ការឈ្នះពានរង្វាន់ Ookla Speedtest Award របស់ខ្លួន ដែលជាពានរង្វាន់បណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅកម្ពុជា។Ookla ជាស្ថាប័នពិភពលោកឈានមុខគេ លើការតេស្ដល្បឿនអ៊ីនធើណិតដែលរៀបចំការធ្វើតេស្តប្រចាំឆ្នាំលើបណ្ដាញសេវារបស់ក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ទូទាំងពិភពលោក។សែលកាត បានក្លាយជា បណ្ដាញសេវាអ៊ីនធើណិតលឿនបំផុតក្នុងការធ្វើតេស្តល្បឿនអ៊ីនធើណិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ 2017 ដោយល្បឿនអ៊ីនធើណិតជាមធ្យម 13.81 Mbps (ល្បឿនអាប់ឡូតជាមធ្យម 11.91Mbps និងល្បឿនដោនឡូត 14.77 Mbps)។សមិទ្ធផលនេះគឺដោយសារការប្រឹងប្រែងក្នុងការកែលម្អគុណភាពសេវារបស់ក្រុមហ៊ុនដោយ បង្កើនចំនួនទីតាំងអង់តែន 4G ពី200អង់តែន ក្នុងឆ្នាំ2016 កើនរហូតដល់ 2000 អង់តែន នាពេលបច្ចុប្បន្ន និងគ្រោងបង្កើនរហូតដល់ 3000 អង់តែនក្នុងដំណាច់ឆ្នាំនេះ។ បណ្ដាញសេវានេះ អាចត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ការសាកល្បងសេវា 5G នៅដើមខែធ្នូនេះ។
“ការឈ្នះពានរង្វាន់ Ookla ជាការឆ្លុះបញ្ចាំងកាន់តែច្បាស់អំពីការប្ដេជ្ញាចិត្តរបស់យើងចំពោះអតិថិជនក្នុងការផ្ដល់នូវបទពិសោធន៏អ៊ីនធើណិតល្អបំផុត ហើយក៏ជាកិត្តិយសបំផុតសម្រាប់បេសកកម្មរបស់យើងក្នុងការផ្ដល់នូវសេវាអ៊ីនធើណិតក្នុងតម្លៃសមរម្យបំផុតដល់ប្រជាជនកម្ពុជា។” នេះជាប្រសាសន៍លើកឡើងរបស់លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត។

លោកបានបន្តទៀតថា “យើងបានប្រកាសក្នុងខែមករា ថា យើងចង់កសាងបណ្ដាញសេវាអ៊ីនធើណិតលឿនបំផុតនិង វិសាលភាពគ្របដណ្ដប់ធំទូលាយបំផុតនៅកម្ពុជា ហើយពានរង្វាន់នេះក៏បង្ហាញយ៉ាងច្បាស់ថាយើងកំពុងបំពេញតាមការសន្យារបស់យើង។”  “ទោះបីជាយ៉ាងណាក៏ដោយ បេសកកម្មរបស់យើង នៅតែបន្តក្នុងការកែលម្អគុណភាពសេវា ដើម្បីបង្ហាញថាយើងនៅតែជាក្រុមហ៊ុនឈានមុខលើគំនិតច្នៃប្រឌិត ក្នុងការជំរុញភាពរីកចម្រើនរបស់សង្គមជាតិតាមរយៈវិស័យទូរគមនាគមន៍ ។”
ដើម្បីបង្ហាញពីល្បឿនសេវាអ៊ីនធើណិតលឿនបំផុតនៅកម្ពុជា Ookla បានធ្វើការប្រៀបធៀប ល្បឿនពីអ្នកប្រើប្រាស់លើកម្មវិធីតេស្តល្បឿន Speedtest លើប្រតិបត្តិការ iOS និង Android ពីគ្រប់សេវាក្រុមហ៊ុនទូរស័ព្ទទាំងអស់នៅកម្ពុជា ។
ក្នុងខែមិថុនា ឆ្នាំនេះ សែលកាត ទទួលបានពានរង្វាន់ជា ក្រុមហ៊ុនទូរគមនាគមន៍ជាទីទុកចិត្តបំផុតនៅកម្ពុជាក្នុងសន្និសីទ IDG ASEAN 4G ចំណាត់ថ្នាក់លេខមួយសម្រាប់បណ្ដាញសេវាគ្របដណ្ដប់ និងគុណភាពសំឡេងល្អបំផុត ហើយឈ្នះជាក្រុមហ៊ុនសេវា 4G ទទួលការពេញចិត្ត រួមមាន៖
រលកសេវា
សេវាល្អមិនរអាក់រអួល
ល្បឿននៃការភ្ជាប់អ៊ីនធើណិត
ល្បឿននៃការអាប់ឡូត
សេវាខ្លាំង
លោក វ៉ាតសុន បានថ្លែងថា ការទទួលស្គាល់លើបណ្ដាញសេវាពី IDG ASEAN និង Ookla ជាការបង្ហាញថាសែលកាតនៅតែខ្លាំងហើយអតិថិជននៅតែអាចទុកចិត្តបានក្នុងការប្រើប្រាស់​ហើយយើងនិងមានព័ត៍មានល្អជាច្រើនទៀតនៅពេលអនាគត!