(ប្រទេសរុស្ស៊ី)៖ កាលពីពេលថ្មីៗនេះ គេហទំព័រ​​ ASN 24 របស់ប្រទេសរុស្ស៊ី បានចុះផ្សាយ មានករណីហេតុការណ៍រថភ្លើងមួយខ្សែ បានបុករថយន្ត១គ្រឿង នៅលើផ្លូវរថភ្លើងមួយកន្លែង ស្ថិតនៅក្នុងភូមិអីសគី ភាគខាងត្បូង ប្រទេសរុស្ស៊ី។

បើតាមហេតុការណ៍នៅក្នុងវីដេអូឃ្លីប បានបញ្ជាក់ថា បុរសអ្នកបើកបររថយន្ត ប្រភេទJeep ជាមួយនឹងមិត្តភក្តិ ២នាក់ផ្សេងទៀត បានបើកបរឆ្លងកាត់ផ្លូវរថភ្លើង ដោយមិនចង់បើកផ្លូវវាង ប៉ុន្តែរថយន្តប្រភេទJeep របស់ពួកគេ បានជាប់គាំងនៅក្នុងចន្លោះ រវាងផ្លូវរថភ្លើងនោះ ដោយសារតែកង់ រអិលជាមួយនិងដែក ផ្លូវរថភ្លើង ហើយខណៈនោះ បុរសអ្នកបើកបររថយន្ត បានព្យាយាមជាន់ហ្គែរអស់មួយទំហឹង នៅតែមិនអាច ឡើងលើផ្លូវរថភ្លើងនោះរួច។

ចំណែកមិត្តភក្តិ២នាក់ទៀត បានចេញមកឈរ នៅខាងក្រៅរថយន្ត ដោយម្នាក់បានថតឃ្លីបវីដេអូ ខណៈដែលរថភ្លើងកំពុងបើកយ៉ាងលឿន ហើយខិតកាន់តែជិត។ បន្ទាប់មក មិត្តភក្តិគេបានស្រែកអោយអ្នកបើកបរ ឆាប់បើកទ្វាររថយន្ត រត់ចេញអោយលឿន ព្រោះតែរថភ្លើងខិតកាន់តែជិតដល់ ។ ពេលដែលអ្នកបើកបរ លោតចុះពីរថយន្តបានប្រហែល៣ម៉ែត្រ រថភ្លើងក៏បានមកដល់ល្មម ហើយបានបុករថយន្តខ្ទេចតែម្តង។

ហេតុការណ៍នេះ ចាត់ទុកជាសំណាងមួយ របស់អ្នកបើកបរ ដែលបានរត់ចុះទាន់ពេល កុំអីនឹងត្រូវស្លាប់ជាមួយនិងកំទេចរថយន្តរបស់គេមិនខាន ។ តាមរបាយការណ៍បានបញ្ជាក់ថា គ្មានអ្នកណាម្នាក់រងរបួស ចំណែករថភ្លើងនៅតែបើកបម្រើសេវាកម្មជាធម្មតា ៕