ខេត្តត្បូងឃ្មុំ៖ សមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំ បានចុះត្រួតពិនិត្យម្ហូបអាហារ និងទំនិញដែលអាជីវករ​ដាក់តាំងលក់ នៅក្នុងផ្សារមេមត់ ស្រុកមេមត់ កាលពីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ។

មន្រ្ដីសាខាកាំកុងត្រូលខេត្តត្បូងឃុំ បានឲ្យដឹងថា​ ការចុះត្រូតពិនិត្យទំនិញ និងចំណីអាហារខូច​គុណ​ភាព និងហួសកាលបរិច្ឆេទនេះ មានការចូលរូមពីលោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ និងមន្ត្រីកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត។

លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ដោយសង្កេតឃើញនៅលើទីផ្សារ​បច្ចុប្បន្ន រាល់មុខទំនិញ មានការក្លែងបន្លំគុណភាពទំនិញ និងការយល់ដឹងពីគុណភាពរបស់អាជីវ​ករនៅមានកម្រិត បានដាក់បន្ថែមសារធាតុគីមីហាមឃាត់ ទៅលើចំណីអាហារ នាំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ទើបសមត្ថកិច្ចចុះត្រួតពិនិត្យ។

លោកប្រធានសាខា បានបន្តថា បន្ទាប់ពីធ្វើតេស្តឃីតភ្លាមៗលើ បង្គា មឹក សាច់ប្រហិតកញ្ចប់ ត្រីប្រឡាក់ងៀត សរសៃគុយទាវ និងសណ្តែកបណ្តុះ គឺមិនមានសញ្ញាណវត្តមានផ្ទុកនូវសារធាតុបូរ៉ាក់ ដែលជាសារធាតុគីមីហាមឃាត់នោះទេ។ ប៉ុន្តែមន្ត្រីជំនាញរកឃើញខ្ទិះដូងកំប៉ុង និងអាហារកំប៉ុង ហួសកាលបរិច្ឆេទ សំបកកំប៉ោងកំប៉ិត ដែលខូចគុណភាពមួយចំនួន។

ក្រោយពេលពិនិត្យរួច សមត្ថកិច្ចជំនាញបានដកហូតផលិតផលម្ហូបអាហារខូចគុណភាពមួយចំនួន​យកទៅដុតកម្ទេចចោល៕ សហការី KBN