ភ្នំពេញ ៖ កូនស្រីអាយុ១២ខែ២០ថ្ងៃ យកទៅជួលស្រ្តីម្នាក់មើលថែ ស្រាប់តែមានឈាមហូរតាមប្រដាប់ភេទ សង្ស័យថាបុរសជាប្តី​អ្នកមើល ចាប់រំលោភត្រូវបានឪពុកម្តាយកុមារីរងគ្រោះ ទៅប្តឹង​នៅប៉ុស្តិ៍នគរស្ទឹងមានជ័យ ឱ្យជួយរកយុត្តិធម៍ដល់កូនស្រីគាត់ផង កាលពីវេលា ម៉ោង៨និង១៥ព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ។

​​ម្តាយក្មេងរងគ្រោះមានឈ្មោះ សៀន រតនា អាយុ ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជយ័ មានស្រុកកំណើតនៅភូមិព្រីងជ្រុំ ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង មានឪពុកឈ្មោះ ពៅ សៅ អាយុ ៣៥ឆ្នាំ មុខរបរជាងកាត់កញ្ចក់ មានស្រុកកំណើតភូមិឈើទាល ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ។ ចំណែកកូនស្រីរងគ្រោះមានឈ្មោះ រ ច ណ អាយុ១២ខែ២០ថ្ងៃ ។

ដោយឡែកស្រ្តីជាអ្នកមើលថែមានឈ្មោះ តោ ស្រី អាយុ ៣៦ឆ្នាំ មុខរបរមើលថែក្មេង នៅផ្ទះស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជយ័ មាន​ប្តីឈ្មោះ ទ្រូ អាយុ ៤៥ឆ្នាំ មុខរបរសន្តិសុខនៅផ្សារទំនើបមួយកន្លែងក្នុងរាជធានីភ្នំពេញ ស្នាក់នៅជាមួយប្រពន្ធ ។

​តាមសម្តីម្តាយកុមារីរងគ្រោះបានឱ្យដឹងថា ដោយសារតែពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធ សុទ្ធតែជាប់រវល់ធ្វើការដូចគ្នា ហេតុនេះហើយពេលសម្រាលបានកូនស្រីអាយុបាន ៣ខែ ក៏បានយកកូនស្រីទៅជួលស្ត្រីឈ្មោះ តោ ស្រី ជាអ្នកមើលថែ រហូតដល់គាត់ចេញពីធ្វើការ ទើបទៅយកត្រឡប់មកផ្ទះវិញ គឺក្នុងមួយខែ ៤០ដុល្លារ ។

ប្រភពដដែលបន្តទៀតថា ជារៀងរាល់ថ្ងៃ ពេលព្រឹកឡើង គាត់យកកូនទៅទុកំ្យស្រ្តីខាងលើ ជាអ្នកមើលថែ រួចបានចេញទៅធ្វើការ ហើយពេលដែលទៅដល់ អ្នកមើលកូនគាត់ជួនកាល ជួបបុរសជាប្តី ជួនកាលអត់ជួបទេ ព្រោះធ្វើការដូរវេនយប់ និងថ្ងៃ ប៉ុន្តែនៅថ្ងៃកើតហេតុ ពេលដែលគាត់យកកូនទៅទុកដូចសព្វដង បានឃើញប្តីរបស់ស្រ្តីជាអ្នកមើលថែនៅផ្ទះ ។ លុះដល់ម៉ោង១១ព្រឹកថ្ងៃទី១៨ ខែកក្កដា ម្សិលមិញនេះ ស្រាប់តែស្រ្តីជាអ្នកមើលថែកូន បានទូរស័ព្ទទៅប្រាប់ថា ​កូនស្រី​មានហូរឈាមតាមប្រដាប់ភេទយ៉ាងខ្លាំង ។ ពេលដែលបានទទួលដំណឹងហើយ រូបគាត់ជាម្តាយ បានមកទទួលយកកូនស្រីយកទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យគន្ធបុប្ផា ។

បើតាមស្រ្តីជាបងស្រីរបស់ម្តាយកុមារី​រងគ្រោះ បានឱ្យដឹងថា តាមការពិនិត្យរបស់គ្រូពេទ្យ បានឱ្យដឹងថា ស្នាមរលាត់ដាច់ប្រដាប់ភេទ ធ្វើឱ្យហូរឈាម ដោយសារតែមានស្នាមដៃលូក ខ្វេះទើបធ្វើឱ្យដាច់ហូរឈាមបែបនេះ បច្ចុប្បន្នកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ គន្ធបុប្ផា ។

បន្ទាប់ពីយកកូនទៅព្យាបាលនៅមន្ទីរពេទ្យរួចហើយ ទើបនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ស្រ្តីជា​ម្តាយ និងឪពុកបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ឱ្យឃាត់ខ្លួនស្រ្តី ជាអ្នកមើលថែ និងប្តីយកមកសួរនាំ ។ ពេលដែលទទួលបានពាក្យបណ្តឹង របស់ឪពុកម្តាយជនរងគ្រោះហើយ សមត្ថកិច្ចបាននាំខ្លួនស្រ្តីជាអ្នកមើលថែមកសួរនាំ នៅប៉ុស្តិ៍នគរបាលស្ទឹង​មានជ័យ ​ចំណែកបុរសជាប្តី សមត្ថកិច្ចមិនទាន់ឃាត់ខ្លួននៅឡើយទេ ខណៈដែល​ករណី​ខាងលើនេះ សង្ស័យថាជាប់ពាក់ព័ន្ធបុរសជាប្តី ជាអ្នកប្រព្រឹត្ត ៕ សហការី KBN