សិល្បៈ ៖ ព័ត៌មាន​តារា​កំប្លែង​លោក​ ពែកមី ​សង់​ផ្ទះ​ជូន​អ្នក​មាន​គុណ​នៅ​ស្រុក​កំណើត​មាន​រយៈពេល​ប្រមាណ​ជា​មួយ​ឆ្នាំ​មក​ហើយ​ ពេល​នេះ​ផ្ទះ​ថ្មី​ ច្នៃ​ម៉ូដ​ដ៏​ប្រណិត​ក៏​បាន​បង្ហាញ​រូបរាង​ ហើយ​លោក​ក៏​បាន​ប្រកាស​បន្ត​ធ្វើ​សួនច្បារ​ក្នុង​បរិវេណ​ផ្ទះ​តាម​ប្លង់​គំរូ​ ដែល​ឪពុក​លោក​ចង់​បាន​បន្ថែម​ទៀត​។

សម្រាប់​ការ​លះបង់​ទាំង​ថវិកា​ និង​ពេលវេលា​ដ៏​មមាញឹក​របស់​លោក​ ពែកមី​ ទៅ​សង់​ផ្ទះ​ថ្មី​ជូន​អ្នក​មាន​គុណ​នៅ​ឯ​ស្រុក​កំណើត​ក្នុង​ខេត្ត​ស្វាយរៀង​ ជា​រឿង​ដ៏​ប្រពៃ​ណាស់​ក្នុង​នាម​ជា​កូន​ចង់​សងគុណ​ឪពុក​ម្ដាយ ​និង​ធ្វើ​តាម​បំណង​ដែល​លោក​ប៉ងប្រាថ្នា​។ សកម្មភាព​នេះ​ពេល​ដែល​លោក​ ពែកមី​ បាន​បង្ហាញ​ភ្លាម​មាន​ទស្សនិកជន​ជា​ច្រើន​បាន​សម្ដែង​ការ​កោតសរសើរ​ ចំពោះ​ទឹក​ចិត្ត​ប្រកប​ដោយ​គុណធម៌​របស់​លោក។​

ពេល​វេលា​កន្លង​ផុត​ទៅ​ប្រមាណ​ជា​មួយ​ឆ្នាំ​មក​ ក្ដី​ស្រមៃ​ឪពុក​លោក ​ពែកមី​ ក៏​កាន់​តែ​ដល់​គោលដៅ​ដែរ​ហើយ​ ព្រោះ​ពេល​នេះ​ផ្ទះ​ថ្មី​កាដូ​ពី​កូន​ប្រុស​ក៏​បាន​បង្ហាញ​ជា​រូបរាង​ជា​ស្ថាពរ​ ដោយ​ឡែក​សួនច្បារ​ ដែល​រៀបចំ​តាម​ប្លង់​គំរូ​ ក៏​បាន​ចាប់​ផ្ដើម​ធ្វើ​ឡើង​ផង​ដែរ​ ។ រូប​ភាព​ទាំង​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ មិន​យូរ​ប៉ុន្មាន​ទេ ​ផ្ទះ​ថ្មី​ ដែល​លម្អ​ដោយ​សួន​ច្បារ​ចម្រុះ​ពណ៌ ​របស់​លោក​ ពែកមី ​សង​ជូន​ឪពុក​នឹង​រួចរាល់​មួយ​រយ​ភាគរយ​ជា​មិន​ខាន​៕ ផ្ដល់សិទ្ធដោយ៖ Kqube