ភ្នំពេញ ៖ ម៉ូតូស្មាស់មួយគ្រឿង ខណៈដែលម្ចាស់ ចតទុកចោល ជាប់ទាំងកន្ទុយរុឺម៉ក ហើយរវល់តែអង្គុយលក់ផ្លែធូរេន ក្រឡេកមើលក្រោយ ស្រាប់តែជនសង្ស័យ លួចផ្តាច់រុឺម៉កចោល យកម៉ូតូទៅបាត់ ដោយសុវត្តិភាព កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅខាងក្រោយ ផ្សារសុិនជូរី ភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះឈ្មោះ ឃ្លោក ប៊ុនណា ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរលក់ផ្លែឈើ ស្នាក់នៅផ្ទះជួល ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកម៉ូតូដែលជនសង្ស័យ លួចយកទៅបាត់ ម៉ាក ស្មាស់ សេរី២០០៦ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1N-1209 ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ រុឺម៉កម៉ូតូ ចតដាក់នៅខាងក្រោយ ផ្សារសយិនជូរី ក្រោយពីរើផ្លែធូរេន យកទៅដាក់អង្គុយលក់ ភ្លេចខ្លួន ខណៈដែលរុឺម៉ក គាត់ចតទុកដាក់រាល់ថ្ងៃ ស្រាប់តែនៅថ្ងៃនេះ រវល់តែអង្គុយលក់ផ្លែធូរេន ក្រឡេកមើលក្រោយ ស្រាប់តែជនសង្ស័យ ផ្តាច់ដោះកន្ទុយរុឺម៉កចោល យកតែម៉ូតូទោបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះបានត្រឹមតែ កាន់កាតគ្រីទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ប៉ូលីសដើម្បីឲ្យជួយស្រាវជ្រាវ ៕

សហការី KBN