ភ្នំពេញ៖ ជនសង្ស័យកម្មករជាងដែកម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពលួចគាស់ ថតតុយកគ្រឿងអលង្កា និងពេជ្រអស់ចំនួនជាង ៣ពាន់ដុល្លារហើយក៏ត្រូវម្ចាស់តាមទាន់ ចាប់ឃាត់ខ្លួនឱ្យសមត្ថកិច្ចតែម្តង ។

ហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង១និង០០នាទីយប់ រំលងអាធ្រាត ឈានចូលថ្ងៃទី២០ ខែមិថុនាឆ្នាំ២០១៧នៅចំណុចផ្ទះលេខ ១៤៤កា ផ្លូវលេខ៥៩៨ ក្រុមទី១១ ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលឃាត់ខ្លួននោះមានឈ្មោះ សុទ្ធ រិទ្ធី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខែ្មរមុខរបរកម្មករផ្សារដែក(ឃាត់ខ្លួន)ស្នាក់នៅផ្ទះកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិព្រៃអំបិល ឃុំអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ហ៊ុន ធីដាពៅ ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរបុក្គលិកក្រុមហ៊ុន សា្នក់នៅផ្ទះកើតហេតុខាងលើ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ថៅកែស្រី ដែលជាជនរងគ្រោះ បានចេញពីផ្ទះទៅធ្វើការនៅក្រុមហ៊ុនបាត់ ចំណែកឯថៅប្រុស និងកម្មករជាងដែក ចំនួន ៣នាក់ទៀតបានចេញទៅធ្វើការ នៅឯខេត្តកំពត ចំណែកឯជនសង្ស័យដែលឃាត់ខ្លួននោះ នៅផ្ទះម្នាក់ឯង ដោយឃើញមានឪកាសល្អ រូបគេបានដើរឡើងទៅលើកបន្ទប់ឡៅតឿ ។ ដោយឃើញទ្វារបន្ទប់ឡៅតឿមិនចាក់សោរ ហើយរូបគេបានបើកទ្វារចូលទៅក្នុងបន្ទប់ខាងលើ រួចរូបគេបានយក ទុលរវីសធ្វើសកម្មភាពគាស់ថតតុ យកគ្រឿងអលង្កា ខ្សែកពេជ្រ ក្រវិលពេជ្រ ចិញៀនពេជ្រ សរុបជាទឹកប្រាក់ជាង ៣ពាន់ដុល្លារ ហើយជនសង្ស័យរូបនោះ បានរត់គេចខ្លួនបាត់ ។

លុះដល់នៅវេលាម៉ោង៧និង០០នាទីយប់ ជនរងគ្រោះបានចេញពីធើ្វការនៅក្រុមហ៊ុន ត្រឡប់មកផ្ទះវិញ ក៏បានឡើងទៅបន្ទប់ឡៅតឿ ស្រាប់តែឃើញសញាប័ត្រ របស់កូននៅលើតុ ទើបរូបគាត់មានការសង្ស័យ ហើថតតុមានស្នាមគាស់សោរ ក៏ទាញថតតុកមើល ស្រាប់តែបាត់សម្ភារៈ គ្រឿងអលង្កាអសើ ។

ភ្លាមៗនោះ ថៅកែស្រីក៏មានការសង្ស័យ ទៅជនសង្ស័យខាងលើ ដោយមិនឃើញជនសង្ស័យរូបនេះ ដេកនៅបន្ទប់ដូចសព្វដង រហូតដល់វេលាម៉ោង១និង០០នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែមិថុនា ស្រាប់តែឃើញជនសង្ស័យខាងលើ កំពុងតែអង្គុយលេងល្បែងអនឡាញ នៅទីនោះ ក៏បានចាប់ឃាត់ខ្លួន និងឆែកឆេរខ្លួនរកឃើញគ្រឿងអលង្កា ដែលរូបគេធ្វើសកម្មភាពគាស់យក ហើយក៏បានឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ ដើម្បីធ្វើការសួរនាំ ។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យខាងលើរួចមក រូបគេបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពគាស់យកគ្រឿងអលង្កា របស់ថៅកែរបស់ខ្លួនពិតប្រាកដមែន ។ ចំណែកឯសំភារៈខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅម្ចាស់ដើមវិញ ។

ជនរងគ្រោះបានប្រាប់ឱ្យដឹងថា ជនសង្ស័យខាងលើ បានមកសុំគាត់ធ្វើការ និងស្នាក់នៅផ្ទះរបស់គាត់ ទើបតែបានជិតមួយខែទេ ដោយគាត់មានការទុកចិត្តជនសង្ស័យខាងលើខ្លាំងពេក ទើបនឹកស្មានមិនដល់ ឱ្យជនសង្ស័យនៅផ្ទះម្នាក់ឯង ក៏ជនសង្ស័យមានឱកាសល្អ ធ្វើសកម្មភាពគាស់តុយកគ្រឿងអលង្កាតែម្តង ​តែសំណាងល្អរូបគេមិនទាន់បានលក់ បើមិនរកឃើញនៅយប់កើតហេតុនោះទេ ច្បាស់ជារូបគេយកគ្រឿងអលង្កាទាំងនោះ ទៅលក់លេងល្បែងអស់មិខាន ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ សហការី KBN-LIVE.com