សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗនេះ កាសែត Mirror បានចុះផ្សាយហេតុការណ៍ ចោរកម្មមួយ នៅក្នុងសណ្ឋាគារមួយកន្លែង ក្នុងរដ្ឋមីស៊ីហ្គែន សហរដ្ឋអាមេរិក ដោយមានបុរសម្នាក់ បានដើរចូលទៅលួចយកទូរ ATM របស់សណ្ឋាគារ ទាំងកណ្តាលថ្ងៃត្រង់ ដោយមិនខ្វល់អ្វីបន្តិចសោះ សូម្បីមុខមាត់ក៏មិនបិទផង ព្រមទាំងទុកទូរ ATM ទទេមួយ នៅកន្លែងដើមឲ្យគេវិញ ហើយដោះយកទូរ ATM របស់ធនាគារទៅបាត់ ។

បុរសជាចោរក្លាហានខាងលើ មានវ័យកណ្តាល រូបរាងខ្ពស់ធំដំបង ដោយបានដើរចូលធ្វើដូចជាបុគ្គលិកធនាគារ ហើយប្រាប់ថា ខ្លួនជាភ្នាក់ងារដូរទូ ATM ថ្មី ហើយបុរសនោះក៏បាន ដើរចូលក្នុងសណ្ឋាគារ ដោយគ្មាននរណាចាប់អារម្មណ៍អ្វីបន្តិចឡើយ ។ បន្ទាប់ពីដោះទូរ ATM ក្នុងសណ្ឋាគាររួចហើយ បុរសនោះបានលើកទូរនោះ ទៅដាក់លើរថយន្ត១បាំងកន្លះរបស់ខ្លួន ហើយបានលើក ទូរទទេរមួយមកដាក់ជំនួសវិញ ។

ក្រុមប៉ូលិសបានមកធ្វើការត្រួតពិនិត្យ និងមើលកាម៉េរ៉ាសុវត្ថិភាព ហើយបានបញ្ជាក់ថា ធ្លាប់មានករណីបែបនេះ ចំនួន៤ដងរួចមកហើយ នៅក្នុងតំបន់ក្បែរៗគ្នានោះ តែនៅមិនទាន់ដឹងថា ជនល្មើសជាមនុស្សតែមួយ ឬយ៉ាងណា តែពេលនេះប៉ូលិសកំពុងតាមចាប់ខ្លួន បុរសរូបនោះដើម្បីយកទៅផ្តន្ទាទោសតាមច្បាប់ ៕

ប្រភព៖ The Mirror