ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ ទាហានថៃ និងប៉ូលិស បានចាប់ខ្លួនជនជាតិថៃ២នាក់ និងជនជាតិខ្មែរម្នាក់ នៅម៉ោងប្រហែល១០ព្រឹក ស្ថិតនៅក្នុងខេត្តត្រាត ហើយបាននាំខ្លួនជនល្មើសទាំង៣រូប ទៅឃុំខ្លួនដោយមានឈ្មោះ លៀង ពិសិដ្ឋ ជាអនុសេនីយ៍ត្រី សក្តិ២ បើករថយន្តម៉ាក Rangrover ស្លាកលេខ 2AP-5629 ភ្នំពេញ និងជនជាតិថៃ២នាក់ទៀត ។

យ៉ាងណាក៏ដោយ ជនល្មើសទាំងអស់ នៅមិនទាន់និយាយអ្វីនៅឡើយទេ ដោយរងចាំប៉ូលិសអន្តោប្រវេសន៍ខ្មែរ ចូលទៅដោះស្រាយ ជាមួយប៉ូលិសថៃ ។

ប៉ូលិសអន្តោប្រវេសន៍ហាតលិក ស្រុកខ្លងយ៉ៃ បានបញ្ជាក់ពីទិន្នន័យថា រថយន្តម៉ាក Rangrover នោះធ្លាប់បានឆ្លងកាត់ ច្រកព្រំដែនចំនួន ពីរបីដងរួចមកហើយ កាលពីខែកន្លងទៅ ហើយថ្មីៗនេះ រថយន្តនេះបានឆ្លងចូល ដីថៃម្តងទៀត តែមិនទាន់បានត្រឡប់ចូលទឹកដីខ្មែរវិញឡើយ។ ក្រោយមកថ្ងៃទី៣ មិថុនា ២០១៧ ម៉ោង៧ព្រឹក ក្រុមពួកជនល្មើស បានចាកចេញពីសណ្ឋាគារ ដែលពួកគេបានស្នាក់នៅជាមួយគ្នា ដោយមានរថយន្តចំនួន២គ្រឿង មួយគ្រឿងម៉ាក Rangrover ស្លាកលេខខ្មែរ ជារថយន្តដឹកអាវុធ និង១គ្រឿងទៀត រថយន្តស្លាកលេខថៃ ។

បន្ទាប់ពីពួកគេ ដាក់ផ្ទេរអាវុធរួចហើយ ពួកគេក៏បានចែកផ្លូវគ្នា ដោយរថយន្តថៃបានបើក សំដៅទៅព្រំដែនភូមា-ថៃ ដើម្បីលក់អាវុធបន្ត ឲ្យទៅក្រុមភូមា ចំណែករថយន្តរបស់ប៉ូលិស អន្តោប្រវេសន៍ខ្មែរ បានបើកត្រលប់មកព្រំដែនខ្មែរ-ថៃ វិញ តែមិនទាន់ដល់ព្រំដែនផង ស្រាប់តែរថយន្តថៃ ជួបគ្រោះថ្នាក់ចរាចរ ហើយក៏រថយន្តខ្មែរ ក៏បកក្រោយទៅជួយជនជាតិថៃវិញ ហើយត្រូវប៉ូលិសទាហានថៃ ស្ទាក់ចាប់បានតែម្តង នៅត្រង់ចំណុចស្រុកខ្លងយ៉ៃ នៅម៉ោងប្រហែល៩និង៣០នាទីព្រឹក។

ក្រោយពីបានពិនិត្យឯកសាររថយន្តរួចមក ប៉ូលិសថៃបានប្រាប់ថា រថយន្តនេះពិតជារថយន្ត របស់មន្ត្រីធំផ្នែកប៉ូលិសកម្ពុជា នៅក្នុងទីក្រុងភ្នំពេញ ព្រមទាំងពាក់ព័ន្ធនិងខ្សៃរបស់ទាហានប៉ូលិសខ្មែរទៀតផង។ តាមការរៀបរាប់ពីជនល្មើស ជនជាតិថៃបានឲ្យដឹងថា រថយន្តទំនើបម៉ាក Rangrover នោះធ្លាប់បានដឹកអាវុធ ពីមេប៉ូលិសខ្មែរ ចំនួនពីរបីដងរួចមកហើយ ថែមទាំងបានដឹកឆ្លងកាត់ប្រទេសថៃ និងប្រទេសភូមា ក្នុងរយៈពេល៦ខែកន្លងទៅនេះ ទៀតផង ៕

ប្រភព៖ សារព័ត៌មានថៃ Jowo