សិល្បៈ ៖ ចំ​ពេល​ដែល​អ្នក​សិល្បៈ​ជា​ច្រើន​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​សិល្ប​ករ​ពោរពេញ​ដោយ​សមត្ថភាព​លោក​ អ៊ិត សេដ្ឋា​ អ្នកនាង​ យុគ ចិន្តា​ ដែល​ជា​ដៃគូ​ធ្លាប់​ឆ្លងកាត់​ការងារ​ក្ដៅ​ត្រជាក់​រាប់​មិន​អស់ ​ក៏​បាន​ចេញ​សារ​ថា​ នាង​ពិត​ជា​សោកស្ដាយ​ណាស់​ដែល​មិន​បាន​ជួប​មុខ​លោក​ អ៊ិត សេដ្ឋា ​ពេល​ចុង​ក្រោយ​ ព្រោះ​នាង​កំពុង​ជាប់​រវល់​ការងារ​នៅ​សហរដ្ឋអាមេរិក​។

សំណេរ​ទាំង​នេះ​គឺ​ជា​សារ​របស់​ យុគ ចិន្តា ​”
ប្អូន​ស្ដាយ​ណាស់​ដែល​មិន​បាន​មក​ចូល​រួម​ជូន​ដំណើរ​បង​មុន​ដង្ហើម​ចុង​ក្រោយ​ ស្ដាយ​ណាស់​ដែល​មិន​មាន​ឱកាស​ជួប​មុខ​បង​ជា​ចុង​ក្រោយ​ រួម​ការងារ​ជា​មួយ​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​បង​ជា​ដៃគូ​ការងារ​ដ៏​ល្អ​បំផុត​ ជា​បង​ប្រុស​ដ៏​ល្អ​ម្នាក់​ដែល​មិន​រួញរា​នឹង​ការងារ​ អត់ធ្មត់​គ្រប់បែប​យ៉ាង​ សែន​មហា​សោក​ស្ដាយ​ដែល​បង​ចាក​ចោល​ប្អូន​ដោយ​មិន​មាន​ពាក្យ​លា ​អារម្មណ៍​ប្អូន​នៅ​ឆ្ងាយ​តែ​ការ​នឹក​រលឹក​ពី​អនុស្សាវរីយ​ការងារ​ល្អ​ៗ​ជា​ច្រើន​ដែល​ពួក​យើង​បាន​ធ្វើ​ជា​មួយ​គ្នា​នា​ពេល​កន្លង​មក​ ពេល​នេះ​បង​លាចាក​លោក​ហើយ​”។

សារ ​យុគ ចិន្តា​ បន្ត​ថា​ “ពេល​នេះ​ប្អូន​កំពុង​តែ​ស្នាក់នៅ​រដ្ឋ​ម៉ាសាយូសេត​ ទីក្រុង​ឡូវែល​ ដើម្បី​អង្គាស​ថវិកា​ដើម្បី​ជួយ​ដល់​ក្រុម​គ្រួសារ​បង​ ហើយ​៣​ថ្ងៃ​ទៀត​ប្អូន​នឹង​បន្ត​ស្នាក់​នៅ​រដ្ឋតិច​សាស់​ចំនួន​​១​សប្ដាហ៍ ​ប្អូន​នឹង​ត្រលប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ ប្អូន​នឹង​ប្រមែប្រមូល​បច្ច័យ​ទាំង​អស់​ជូន​ដល់​បង​ សូម​លោក​អ្នក​មេត្តា​បរិច្ចាគ​ថវិកា​តាម​រយៈ​ទូរស័ព្ទ​របស់​ម្ដាយ​ខ្ញុំ​នៅ​សហរដ្ឋអាមេរិក​តាម​រយៈ​លេខ​ 8323510241 ​លា​ហើយ​បង​ប្រុស​ជា​ទី​ស្រលាញ់ ​លា​ហើយ​ដៃ​គូរ​ដ៏​កម្សត់កម្រ​ លា​ដោយ​គ្មាន​ថ្ងៃ​វិល​ត្រលប់​វិញ​ …….សូម​ដួង​វិញ្ញាណក្ខន្ធ​បង​ប្រុស​បាន​ទៅ​សោយសុខ​សុគតិភព​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ​” ៕ ផ្ដល់សិទ្ធដោយ៖ kqube