ភ្នំពេញៈ អ្នកជំងឺស្រវឹងជោកជាំ ជិះម្នាក់មួយគ្រឿង ចូលក្នុងមន្ទីពេទ្យព្រះកុសុមៈ ទាំងមានសភាពបែកមុខបែកមាត់ ហូរឈាមពេញមុខ ហើយទៅអង្គុយនៅក្នុង បរិវេណមន្ទីពេទ្យ ខណៈពេលនោះ សន្តិសុខមន្ទីពេទ្យបានសួរនាំ និងជួយប្រាប់អោយទៅព្យាបាល បែរជាអ្នកជំងឺ ស្រវឹងស្រាខាងលើនោះ ខឹងសម្បា និងស្ទុះមកវាយសន្តិសុខ ដែលយាមនៅក្នុងមន្ទីពេទ្យ បង្កអោយមានការភ្ញាក់ផ្អើល ឡើងកាលពីវេលាម៉ោង ៨និង០០នាទីយប់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំនុចក្នុងមន្ទីពេទ្យព្រះកុសុមៈ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

បើតាមសម្តី ពីបុរសម្នាក់ សុំមិនបញ្ចេញឈ្មោះ ជាសន្តិសុខមន្ទីពេទ្យព្រះកុសុមៈ បានរៀបរាប់អោយដឹងថា នៅមុនពេលកើតហេតុ គាត់ឃើញបុរសម្នាក់ មិនស្គាល់ឈ្មោះ វ័យប្រហែល ២០ក្រាស់ និងបានបើកបរម៉ូតូមួយគ្រឿង ម៉ាក ធូដេ ពណ៌ស មិនចាំស្លាកលេខ ហើយបានជិះចូលមក សុំចូលទៅព្យាបាលរបួសក្នុងមន្ទីពេទ្យ ដោយក្នុងស្ថានភាពស្រវឹង និងមានរបួស បែកមុខបែកមាត់ ហូរឈាមស្រោចខ្លូន ហើយបុរសខាងលើនោះ បានជិះម៉ូតូទៅឈប់ អង្គុយនៅខាងមុខ ទីស្នាក់ការរបស់ ប ស ស ដែលនៅក្នុងមន្ទីពេទ្យ ខណៈពេលនោះ គាត់ក៏បានដើរទៅសួរនាំ និងប្រាប់អោយបុរសរូបនោះ ទៅព្យាបាលនៅ កន្លែងសង្គ្រោះបន្ទាន់២៤ម៉ោង ។

តែត្រូវបុរសរូបនោះ និយាយថា គេមិនចង់ទៅព្យាបាលនោះទេ គឺចង់ព្យាបាលដោយខ្លួនឯង។ ហើយរូបគាត់ ខ្លាចមានបញ្ហាក្នុងមន្ទីទេព្យ ក៏ប្រាប់ទៅបុរសរូបនោះ វិញថា បើបងឯងមិនចង់ អោយពេទ្យ ព្យាបាលអោយទេ សូមបងឯងចេញទៅវិញចុះ រួចបុរសរូបនោះ និយាយវិញថា អស្ចារ្យ ស្អីពួកហ៊ែង អញចង់អង្គុយត្រង់ណា ជារឿងរបស់អញ ពួកអាអស់ឯង ជាសន្តិសុខឯកជនទេ រូបអញក៏ជាកងកម្លាំងមួយរូបដែរ អាណាហ៊ាន មើលហៅប្រធានពេទ្យមកជួបអញ ។

ហើយដោយមិនចង់ មានរឿងវែងឆ្ងាយ គាត់ក៏ដើរចេញ ពីបុរសរូបនោះទៅ ស្រាប់តែ មួយសន្ទុះក្រោយមក បុរសរូបនោះ បានហូតខ្សែក្រវ៉ាត រួចដើរមកវាយរូបគាត់ ហើយគាត់ក៏បានបោះដៃ តាមអាយកូមហៅសន្តិសុខបីទៅបួននាក់ទៀត អោយមកជួយអន្តរាគមន៍ និងចាប់ឃាត់ខ្លួនបុរសខាងលើ ហើយក៏ចាប់ចងដៃចងជើង បុរសរូបនោះកុំអោយបង្កបញ្ហាទៀត រងចាំទាក់ទង់ទៅសាច់ញាតិ អោយមកទទួលយកទៅផ្ទះវិញ ខណៈពេលដែលឃាត់ខ្លួន បានសម្រេចហើយ បុរសរូបនោះបានស្រែក ជេរប្រមាថនិងគំរាមថា ពួកហែងចាំមើល អញអត់អោយពួកហែងរួចខ្លួនទេ។

ក្រោយពេលកើតហេតុ សាច់ញាតិបុរស ស្រវឹងស្រាខាងលើ បានមកមើលបុរសរូបនោះ ហើយនិងបានសុំទោស សន្តិសុខមន្ទីពេទ្យព្រះកុសុមៈ ហើយដោយភាគីខាងសន្តិសុខ មិនចង់មានរឿងវែងឆ្ងាយ និងយល់ថា បុរសខាងលើស្រវឹង និយាយមិនដឹងអី ក៏ព្រមអោយសាច់ញាតិ នាំបុរសខាងលើទៅផ្ទះវិញ ដើម្បីបញ្ចប់រឿង៕

សហការី KBN-live.com