​ភ្នំពេញ ៖ ទុស្សេខ្សែរភ្លើង ឆាបឆេះសន្ធោសន្ធៅ នៅលើបង្គោលខ្សែរភ្លើង បង្កឲ្យមានការភ័យស្លន់ស្លោ​រ ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យ មកជួយអន្តរាគមន៍​ កាលពីវេលាម៉ោង ៥និង១០នាទី ទៀបភ្លឺថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០១៧ នៅចំណុចផ្លូវ៦៣ ក្រុម៧៥ ស្ថិតនៅភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ​។

តាមសម្តីលោកមេភូមិ១៣ បានប្រាប់ថា ផ្ទះរបស់គាត់​នៅក្បែរ កន្លែងកើតហេតុ ខាងលើដែរ ដោយសារតែ ប៉ុន្មានថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ជាប់គ្នា ស្រាប់តែមុនពេលកើតហេតុ​ លឺសូរសំឡេងផ្ទុះ ដូចគ្រាប់បែក ក៏​រត់ចេញពីក្នុងផ្ទះមក ឃើញមានខ្សែភ្លើងមួយដុំធំ ធ្លាក់ដាច់នៅលើថ្នល់​ និងនៅលើបង្គាលភ្លើង មានអណ្តាតភ្លើងឆេះសន្ធោសន្ធៅ ភ្លាមៗនោះ មាន​ប្រជាពលរដ្ឋខ្លះ​ហៅរថយន្តពន្លត់អគ្គីភ័យ ខ្លះក៏យកបំពង់ពន្លត់អគ្គីភ័យ មកជួយបាញ់ទប់ស្កាត់ ខ្លាចរាលដល់ផ្ទះប្រជាពលរដ្ឋ តែបាញ់អស់ជាច្រើនបំពង់ហើយ ក៏នៅទប់​មិនជាប់ ដោយសារភ្លើងឆេះខ្លាំង និងមានសំឡេងផ្ទុះផង ក្រោយមក​រថយន្តពន្លត់អគ្គីភ័យ ស្នងការរាជធានីភ្នំពេញ​​ ចំនួន១គ្រឿង​ បានបាញ់ពន្លត់រលត់ទៅវិញ ដោយមិនប៉ះពាល់ របួសខូចខាតទ្រព្យផ្សេង ក្រៅពីខ្សែភ្លើងអគ្គិសនីកម្ពុជាទេ ។

តាមមន្រ្តីពន្លត់អគ្គីភ័យ បានប្រាប់ថា បន្ទាប់ពីមានប្រជាពលរដ្ឋ ទូរស័ព្ទទៅក្រុមការងារ ប្រញាប់ប្រញាល់ចេញមកដល់ មិនទាន់ហ៊ានបាញ់ពន្លត់ភ្លាមៗទេ បានរាយការណ៍ ជូនអគ្គីសនីកម្ពុជាអោយជួយបិទភ្លើង កុំអោយមានចន្តរឆ្លងកាត់ ទើប​បាញ់ពន្លត់​អស់ ៕

សហការី KBN-live.com