ភ្នំពេញ ៖ ស្រ្តីម្នាក់បន្ទាប់ពីឈ្លោះប្រកែកជាមួយប្តីរួច ជិះម៉ូតូចេញពីផ្ទះត្រូវរថយន្តដឹកទំនិញមួយគ្រឿងបើកបុកពេញទំហឹង បណ្តាលឱ្យដួលបោកក្បាលធ្លាយខួរស្លាប់គួរឱ្យរន្ធត់ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំនុចខាងត្បូងស្តុបទេព ផនចម្ងាយ១០០ម៉ែត្រ តាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

ជនរងគ្រោះដែលស្លាប់នៅកន្លែងកើតហេតុ មានឈ្មោះ ខែម ឌឿន ភេទស្រី អាយុ ២៥ឆ្នាំ មុខកម្មករសំណង់ ស្នាក់ម្តុំវត្តអង្គតាមិញ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិព្រៃក្តូច ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បើកបរម៉ូតូមួយគ្រឿងម៉ាក ហុងដាគុបជ្រុង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1CK-5773 ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្រ្តីរងគ្រោះជិះម៉ូតូគុបជ្រុងមួយគ្រឿង តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំនុចកើតហេតុ ផ្លូវមានស្ថានភាពងងឹតដោយពុំមានភ្លើងបំភ្លឺនោះទេ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត មិនចាំម៉ាក ប្រភេទទម្ងន់ ៥តោន ពាក់ស្លាកលេខ ភ្នំពេញ 3D-8761 ដោយបើកបរក្នុងល្បឿនយ៉ាងលឿន បើកបញ្ច្រាសទិសគ្នា ហើយព្យាយាមបើកជែងខាងឆ្វេងរថយន្តមិនចាំម៉ាកមួយគ្រឿងទៀត ជ្រុលទៅបុកម៉ូតូរងគ្រោះខាងលើពេញទំហឹង បណ្តាលឱ្យស្រ្តីរងគ្រោះបោកក្បាលនិងថ្នល់ ធ្លាយខួរស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ រីឯម៉ូតូរងការខូចខាតបន្តិចបន្តួច ចំណែឯរថយន្តបង្ក បានព្យាយាមបើករត់គេចខ្លួនទៅមុខបាត់ស្រមោល ។
បើតាមសម្តីបុរសម្នាក់សូមមិនបញ្ចេញឈ្មោះ បានរៀបរាប់ឱ្យដឹងថា រូបគាត់ជាបងប្រុសបង្កើតរបស់ស្រ្តីរងគ្រោះ នៅមុនពេលកើតហេតុ ស្រ្តីរងគ្រោះបានមកប្រាប់ថា នាងឈ្លោះជាមួយនិងប្តី ពេលនោះគាត់បាននិយាយថា មិនគិតធ្វើការទេ គិតតែពីឈ្លោះគ្នា ហើយនាងបានតបវិញថា បើនាងស្លាប់ ឬរស់ក៏មិនបាច់ខ្វល់ពីនាងដែរ រួចហើយនាងក៏ជិះម៉ូតូចេញមក តែគាត់មិនដឹងថានាងជិះទៅណានោះទេ ។
បន្ទាប់មក ស្រាប់តែមានអ្នកទាក់ទងទៅគាត់ប្រាប់ថា នាងបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។ ក្រោយពេលកើតហេតុ ម៉ូតូរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដោយឡែកសពស្រ្តីខាងលើ ត្រូវសាច់ញាតិដឹកយកទៅដំគល់នៅវត្តទឹកថ្លាដើម្បីធ្វើបុណ្យទៅតាមប្រពៃណី ៕ សហការី KBN-LIVE.com