ភ្នំពេញ​៖ ​ជនសង្ស័យ​ម្នាក់ បានធ្វើសកម្មភាពចូលលួចទូរស័ព្ទ ម៉ាកអាយហ្វូនហ្វាយ (ihone5) មួយគ្រឿននៅក្នុងបន្ទប់ជួល តែត្រូវម្ចាស់ឃើញទាន់ ដេញតាមចាប់វាយទ្រមខ្លួន ប្រគល់ឱ្យសមត្ថកិច្ចកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលលេខ៨ ក្នុងផ្សារមង្គុល ភូមិទួលទួលសង្កែ ខណ្ឌឬស្សីកែវ ​។​



សម​ត្ថ​កិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ម្នាក់​នោះ​ឈ្មោះ វ៉ាន់ វី ភេទ​ប្រុស​ អាយុ​ ២២ឆ្នាំ ​មុខរបរ​មិន​ពិត​ប្រាដក់ ​ស្នាក់​នៅផ្ទះ​ជួលភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និងមានស្រុកកំណើតនៅភូមិកោះ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។​ ចំណែក​ជនរងគ្រោះ​ឈ្មោះ​ សំ ភី ភេទ​ប្រុស​ អាយុ ​៦៤​ឆ្នាំ​ មុខរបរ​លក់ដូរ​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ និងមានស្រុកកំណើតនៅភូមិត្រពាំងសង្កែ ឃុំស្វាយភ្លើង ស្រុកបារាយ ខេត្តកំពង់ធំ ។​

តាមប្រភពព័ត៌មាន ពីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគេបានទុកទូរស័ព្ទនៅលើការ៉ូក្នុងបន្ទប់ជួល ក្បែរក្មួយប្រុសដេក ហើយរូបគេបានចេញទៅទិញទឹកកកមកហូប នៅក្បែរនោះ បន្ទាប់ពីទិញទឹកកកបានហើយ ត្រឡប់មកបន្ទប់ជួលវិញ ស្រាប់តែមិនឃើញទូរស័ព្ទនៅកន្លែងទុក ភ្លាមៗនោះមានការសង្ស័យឃើញជនសង្ស័យបានដើរចេញពីបន្ទប់ជួលរបស់ខ្លួន ក៏ស្រែកឆោឡោដេញតាមចាប់ បានឆែកឃើញទូរស័ព្ទនៅហោប៉ៅខោ ក៏វាយមួយដៃមួយជើងទ្រមខ្លួន ទើបប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ ដើម្បីសាកសួរបន្ត។​

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបានបញ្ជូនខ្លួន ទៅបណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​ ៕ សហការី kbn-live.com