ភ្នំពេញ ៖ ផ្ទះកោសជប់ ម៉ាស្សាមួយកន្លែងគ្មានយុីហោ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ផ្ទះខាងលើមានស្រ្តីបម្រើការងារម៉ាស្សាតែ ២នាក់ទេ តែល្បីខាងលួចលុយភ្ញៀវ ជាច្រើនលើកច្រើនសាររាប់លែងអស់ទៅហើយ ទោះជាកន្លងមកត្រូវបានសមត្ថកិច្ចឃាត់ស្រ្តីទាំង ២នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាកាយ៉ាងណាក៏ដោយ ក៏ខាងតុលាកាមិនបានឃាត់ ឬឃុំខ្លួនអ្វីដែរ ដោះលែងដោយរលូចចេញមកបើករបរវិញដដែល ហើយក៏មិនញញើតជាមួយអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋានទាល់ដែរ លួចហើយលួចទៀត លួចឥតស្រាកស្រាន្ត ល្បីជាប់ចំណាត់ថ្នាក់ទៅហើយ នៅតែគ្មានស្ថាប័ណណា បង្ក្រាបអប់រំនាងៗទាំង ២នាក់នេះបានឡើយ រហូតមកដល់ល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ ស្រ្តីទាំង ២នាក់សមគំនិតគ្នា ប្រព្រឹត្តលុយភ្ញៀវ សារជាថ្មីម្ដងទៀត ដោយលួចបានលុយចំនួន ៧០០ដុល្លារ តែសំណាងល្អ ម្ចាស់បានលុយដុល្លារខ្មោចមកវិញចំនួន ៦០០ដុល្លារ ទើបរត់ទៅប្តឹងប៉ូលីសទាំងយប់ ដោយសារក្រុមជនសង្ស័យគេចខ្លួនបិទទ្វារ ក្រោយកើតហេតុ ទើបនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែឧសភានេះ នគរបាលបានចុះទៅហៅស្រ្តីម្នាក់មកសាកសួរ ចំណែកស្រ្តីដៃងាយរត់គេចខ្លួនបាត់ ។

នគរបាលបានឲ្យដឹងថា ស្រ្តីសង្ស័យដៃងាយរហ័សខាងលួចលើកនេះមានឈ្មោះថា សៅ សុខហេង អាយុ ១៨ឆ្នាំ មុខរបរជាអ្នកម៉ាស្សា ស្នាក់នៅផ្ទះលេខ ១៣០អា ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិពាមរក៍ ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ចំណែកស្រ្តីម្នាក់ ដែលនគរបាលហៅមកសាកសួរ ជាដៃគូរ របរម៉ាស្សាជាមួយគ្នា មានឈ្មោះ ហេង ធូ អាយុ ៣០ឆ្នាំ មុខរបរជាអ្នកម៉ាស្សា ស្នាក់នៅជាមួយគ្នា មានស្រុកកំណើត ភូមិអង្គរបុរី ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ ។ រីឯជនរងគ្រោះ មិនត្រូវបានប្រាប់ឲ្យស្គាល់ឈ្មោះឡើយ គ្រាន់តែបញ្ជាក់ថា លុយបាត់បង់ដោយសារស្រីម៉ាស្សាលួច ចំនួន ៧០០ដុល្លារ ហើយដាក់ដុល្លារសែនខ្មោចឲ្យវិញ ៦០០ដុល្លារ ។

តាមស្រ្តីម៉ាស្សា ឈ្មោះ ហេង ធូ បានឲ្យដឹងថា ខ្លួនពុំទទួលដឹងឮ រឿងបាត់បង់លុយភ្ញៀវខាងលើនេះឡើយ អ្នកណាប្រព្រឹត្ត អ្នកនោះទទួលខុសត្រូវ ។ តែបើតាមមតិមហាជនបានលើកឡើងថា ពាក្យនេះគ្រាន់តែជាការដោះសារ ក្នុងផ្ទះម៉ាស្សាខាងលើមានតែ ២នាក់នេះទេ ហើយកន្លងមកការប្រព្រឹត្តល្មើស ស្រ្តីទាំង២នាក់នេះសមគំនិតគ្នាលួច ទោះជាចាប់ ក៏តុលាកាដោះលែងវិញដដែល សូម្បីតែអាជ្ញាធរចុះសួរនាំ ក៏ស្រ្តីទាំងនេះមិនញញើតឡើយ ពោលអត់ខ្វល់ សំខាន់មានឱកាសលួចគឺលួច លួចឲ្យអស់ ព្រោះតុលាកា សមត្ថកិច្ចធ្វើអីពួកគេមិនកើតឡើយ ។

ខណៈដែលស្រ្តីដៃឆើត ឈ្មោះ សៅ សុខហេង រត់គេចខ្លួនបាត់ នគរបាលបានត្រឹមហៅនាំស្រ្តី ឈ្មោះ ហេង ធូ មកសាកសួរនៅប៉ុស្តិ៍នគរបាលកាកាប សារជាថ្មី សរសេរកំណត់ហេតុ ដដែលៗ ក្រដាស់អត្តសញ្ញាណ គរសឹងដូចភ្នំទៅហើយ សូម្បីអ្នកសាពត៌មាន ក៏សរសេរចាំដៃដែរ ចំពោះស្រ្តីទាំង ២នាក់ ផ្ទះម៉ាស្សាខាងលើ ព្រោះរឿងលួចនេះ មិនមែនតែម្តងទេ វារាប់ភ្លេចទៅហើយ ។ ក្រោយពីសាកសួររួចស្រ្តី ហេង ធូ ត្រូវបាននគរបាលអនុញា្ញតឲ្យវិលត្រឡប់ទៅវិញ តែលើកនេះ ប្លែកត្រង់ថា មានកិច្ចសន្យាបិទផ្ទះ ម៉ាស្សាខាងលើ បញ្ឈប់របរ កោសជប់ ម៉ាស្សាតទៅទៀត ជៀសវាងអ្នកសាពត៌មានសរសេរដដែលៗពេក ៕ សហការី kbn-live.com