​​ភ្នំពេញ ៖ រថយន្តឡិចស៊ីស GS300 បត់ចូលបុរីពិភពថ្មី ធ្វើឲ្យម៉ូតូមួយគ្រឿងជិះពីរនាក់ប្តីប្រពន្ធ ចាប់ហ្រ្វាំងមិនទាន់ជ្រុលទៅបុកចំពីមុខពេញទំហឹង បណ្តាលឲ្យម៉ូតូដាច់ជាពីរកំណាត់ បណ្ដាលឲ្យអ្នកជិះម៉ូតូ ២នាក់រងរបួសធ្ងន់ ​កាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី៤ ខែឧសភា តាមបណ្ដោយផ្លូវជាតិ៤ ត្រង់ចំណុចមុខបុរីពិភពថ្មីផ្សារកំបូល ស្ថិតនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក
ខណ្ឌពោធិ៍សែនជ័យ ។​

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បាននិយាយថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក ឡិចស៊ីសGS300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2-AQ 9919 ​បើកបរពីកើតទៅលិចហើយបត់ឆ្វេងចូលក្នុងបុរីពិភពថ្មី រីឯចំណែកម៉ូតូម៉ាកវ៉េវ ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ តាកែវ -1D5508 ​​ក្នុងទិសដៅលិចទៅកើត បើកបរដោយប្តីប្រពន្ធ ២នាក់ ។ ខណៈបើកមកដល់ចំណុចកើតហេតុ ម៉ូតូបានជ្រុលទៅបុករថយន្តចំពីមុខពេញទំហឹង បណ្តាលអោយរថយន្តខូចខាតផ្នែកខាងមុខ ចំណែកម៉ូតូដាច់ជា ២កំណាត់ ធ្វើឲ្យអ្នក​បើកម៉ូតូផ្លោងទៅបុកកញ្ចក់រថយន្ត​ផុងកញ្ចក់រងរបួសធ្ងន់ ហើយប្រពន្ធក៏រងរបួសធ្ងន់ដែរ ។

​ជនរងគ្រោះទាំង ២នាក់ប្តីប្រពន្ធ ត្រូវបានរថយន្តសង្គ្រោះគ្លីនិកឯកជន​ សុធារិទ្ធ បែកចាន ដឹកយកទៅព្យាបាល ។​ ក្រោយពេលកើតហេតុហេតុសមត្ថកិច្ចធ្វើការវាស់វែង ​យករថយន្តយកទៅរក្សាទុកនៅអធិ​ការខណ្ឌពោធិ៍សែនជ័យ ស្រាប់តែត្រូវភាគីទាំងសងខាង បានធ្វើការសម្រួលគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ សហការី kbn-live.com