ភ្នំពេញ៖ ​កាលពី​វេលាម៉ោង៦ព្រឹកថ្ងៃទី៤ ឧសភា ឆ្នាំ២០១៧ មានការភ្ញាក់ផ្អើលបន្ទាប់ពីប្រទះឃើញ​សពបុរសម្នាក់ដុតសម្លាប់ នៅក្បែរគុម្ពឬស្សី​គាស់ទុកចោលនៅលើដីទួលមួយកន្លែង​ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ផ្អើលដល់សមត្ថកិច្ចជំនាញចុះទៅធ្វើ​កោសល្យវិច័យ បានឲ្យដឹងថា ជាករណីធ្វើអត្តឃាត ដោយចាក់ប្រេងម៉ាស៊ូតដុតសម្លាប់ខ្លួនឯង ។

​​ជនរងគ្រោះធ្វើអត្តឃាតខ្លួនឯង មានឈ្មោះ ណូត សំណាង ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរបើកឡានដឹកកាតុង តាមរោងចក្រក្នុងរាជធានីភ្នំពេញ មានទីលំនៅភូមិស្លែងគង់ ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានប្រពន្ធឈ្មោះ ហ៊ិន ចាន់ណាត​ អាយុ ៣៨ឆ្នាំ មានកូន ៣នាក់ ស្នាក់នៅភូមិជាមួយគ្នា។

ប្រពភពព័ត៌មានពីនគរបាលខណ្ឌដង្កោ​ បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា មាន​ករណីឃាតកម្មនៅ​​ចំណុចដីទួលភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ឃើញជនរងគ្រោះត្រូវបានភ្លើងឆេះស្លាប់នៅលើដីទួល សមត្ថកិច្ចបានប្រមូលវត្ថុតាងនៅកន្លែងកើតហេតុឃើញ បន្សល់ទុករថយន្ត០១គ្រឿងម៉ាក Hyu Mighty ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-8343 ប៊ីដុងប្រេងម៉ាស៊ូតចំនួន ០១កាតចំណុះ៣០លីត្រ នៅសល់កន្លះប៊ីដុង និងស្បែកជើងផ្ទាត់ ០១ចំហៀង រួចហើយយោងតាម​សមត្ថកិច្ចការិយាល័យបច្ចេកទេស រាជធានីភ្នំពេញ អោយមកធ្វើកោសល្យវិច័យសពឃើញថា សពធ្វើអត្តឃាតចាក់ប្រេងម៉ាស៊ូតដុតខ្លួនឯង ។

សមត្ថកិច្ចបានបន្តទៀតថា បន្ទាប់ពីពិនិត្យកន្លែងកើតហេតុចប់រួចរាល់ហើយ សមត្ថកិច្ចបាន បន្តទៅ​ធ្វើការស្រាវជ្រាវដល់ទីលំនៅរបស់ជនរងគ្រោះ ​ធ្វើការសាកសួរបំភ្លឺឈ្មោះ ហ៊ិន ចាន់ណាត ភេទស្រី អាយុ ៣៨ឆ្នាំ ​ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ បានអោយដឹថា ជនរងគ្រោះ​ ជាមនុស្សមានវិបត្តិក្នុងគ្រួសារ កន្លងមកធ្លាប់មានរបួសធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ចរា​ចរ កាលពីឆ្នាំ២០០១ ហើយនៅដើមឆ្នាំ ២០១៧ ជីវភាពក្នុងគ្រួសារ មានលុយចាយមិនគ្រាប់គ្រាន់ បានជំពាក់លុយធនាគារចំនួន ៥០០០ដុល្លារអាមេរិក បង់០១ថ្ងៃ ៥០០០០រៀល គ្មានលទ្ធភាពបង់ ណាមួយម្តាយឈឺអត់មានលុយព្យាបាល ពេលភ្លៀងម្តងៗ ទឹកលិចផ្ទះរស់នៅមិនកើត រួចសុំផ្ទះអ្នកជិតខាងដើម្បីបង្ហូទឹកចេញពីផ្ទះ គេមិនអោយបង្ហូរ គ្មានលុយធ្វើផ្ទះ ទើបធ្វើឲ្យសតិអារម្មណ៍របស់ជនងគ្រោះគិតច្រើន រហូតដល់ថ្នាក់ពេលថ្មីៗកន្លងមកនេះ មានសភាពខុសប្លែកពីធម្មតា ​ ។

នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ ជនរងគ្រោះ​បានយកប្រងម៉ាស៊ូត ០១ពីដុង ចំនុះ ៣០លីត្រ មកទុកក្នុងផ្ទះ ហើយប្រពន្ធបានសួរថា ហេតុអ្វី ឯងយកប្រេងមកទុកក្នុងផ្ទះ ពេលនោះ ប្តីបានឆ្លើយថា ពិបាកចិត្តពេក យកមកដុតសំលាប់ខ្លួនទាំងគ្រួសារ ។ ពេលនោះប្រពន្ធក៏បាននិយាយថា បើឯងចង់ស្លាប់ៗ តែឯងទៅ ខ្ញុំមិនស្លាប់ជាមួយទេ រួចជនរងគ្រោះក៏បានសួរប្រពន្ធថា បើខ្ញុំស្លាប់ ឯងយកប្តីទៀតអត់? ប្រពន្ធឆ្លើយរបៀបលេងសើចថា បើឯងស្លាប់ខ្ញុំយកប្តីថ្មី រួចជនរងគ្រោះសួរថា បើយកប្តីថ្មី យកចាស់ ឬក្មេង ?

ប្រពន្ធក៏ឆ្លើយថា យកប្តីក្មេង ហើយប្តីក៏សើច ។ បន្ទាប់មកជនរងគ្រោះចេះតែមានអារម្មណ៍គិតច្រើន រៀងរាល់ថ្ងៃ​ នៅវេលាម៉ោង១រសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ ប្រពន្ធក៏បានអោយបងប្អូនរបស់គាត់ នាំយកទៅមន្ទីរពេទ្យរុស្សី ផ្នែកប្រសៃប្រសាទ រួចហើយនាំដើរលេងលំហែរកាយ រហូតដល់ម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃដដែលទើបត្រឡប់មកផ្ទះវិញ  ។

ពេលនោះជនរងគ្រោះ ​មិនមាត់មិនក ប្រពន្ធហៅហូបបាយ ក៏មិនហូប ទឹកក៏មិនងូត ហើតក៏នាំគ្នាដេក ។ លុះដល់ម៉ោងប្រហែល០៥និង៣០នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ ជនរងគ្រោះបានក្រោកឡើងងួតទឹកស្លៀកពាក់ប្រាប់ប្រពន្ធថា ទៅដឹកអ៊ីវ៉ាន់អោយគេ ឯងមិនបាច់ទៅទេ នៅចាំជួយហែជំនួនអោយគេទៅ ហើយក៏បើករថយន្តជិះចេញទៅបាត់ រហូតដល់ម៉ោង​៦ព្រឹក មានប្រជាពលរដ្ឋប្រទះឃើញករណីខាងលើតែម្តង ។

ក្រោយពីសមត្ថកិច្ចយើងធ្វើការស្រាវជ្រាវ និងលទ្ធផលពិនិត្យសពរបស់កម្លាំងសមត្ថកិច្ចការិយាល័យនគរបាលបច្ចេកទេស រាជធានីភ្នំពេញ និងពេទ្យតុលាការ យើងសន្និដ្ឋានថា ករណីខាងលើ ពិតជាករណីអត្តឃាត ​ចាក់ប្រេងម៉ាស៊ូតដុតសម្លាប់ខ្លួនឯង​ប្រាកដមែន ។

បើតាមការអះអាងរបស់ប្រពន្ធបានឲ្យដឹងថា ប្តីរបស់គាត់ធ្វើអត្តឃាតដោយសារតែ មានវិបត្តគ្រួសារ ជីវភាពក្នុងគ្រួសារមានលុយ ចាយមិនគ្រាប់គ្រាន់ បានជំពាក់លុយធនាគារចំនួន ៥០០០ដុល្លារអាមេរិក បង់០១ថ្ងៃ ៥០០០០រៀល គ្មានលទ្ធភាពបង់ ណាមួយម្តាយឈឺអត់មានលុយព្យាបាល ពេលភ្លៀងម្តងៗ ទឹកលិចផ្ទះរស់នៅមិនកើត រួចសុំផ្ទះអ្នកជិតខាងដើម្បីបង្ហូទឹកចេញពីផ្ទះ គេមិនអោយបង្ហូរ គ្មានលុយធ្វើផ្ទះ ម្យ៉ាងទៀតជនរងគ្រោះទើបនឹង ទិញរថយន្តមួយគ្រឿងយកមកដឹកកាតុងតាមរោងចក្រ ពេលដែលទិញរថយន្តគេប្រាប់ថា រថយន្តថ្មី ប៉ុន្តែពេលទិញមក ត្រូវអ្នកជិតខាងនិយាយថា ជារថយន្តបាញ់ថ្នាំឲ្យថ្មីតែប៉ុណ្ណោះ មិនមែនជារថយន្តថ្មីទេ ទើបធ្វើឲ្យគាត់ពិបាកចិត្តសម្រេចចិត្តធ្វើអត្តឃាតតែម្តង ៕ សហការី kbn-live.com