ប៉ូលិស និង​មន្ត្រី​រដ្ឋាភិបាល​​សូម៉ាលី​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ខ្មាន់​កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បាញ់​សម្លាប់​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​លោក​ Abbas Abdullahi Sheikh Siraji នៅ​ពេល​ដែល​មាន​ចលាចល​ក្នុង​ទីក្រុង​ Mogadishu ប្រទេស​សូម៉ាលី​ កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​ ។

យោង​តាម​គេហទំព័រ​ព័ត៌មាន​​ ស៊ិនហួ ​បាន​ចុះ​ផ្សាយ​ថ្ងៃ​ទី​០៤ ខែ​ឧសភា​នេះ​ថា​ រដ្ឋមន្ត្រី​ព័ត៌មាន​សូម៉ាលី​លោក​ Abdurahman Omar Osman បាន​និយាយ​ថា​ ខ្លួន​បាន​បើក​ការ​ស៊ើប​អង្កេត​​រក​មូលហេតុ​នៅ​ពី​ក្រោយ​ការ​សម្លាប់​រដ្ឋមន្ត្រី​ ដែល​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ក្នុង​ចំណោម​មន្ត្រី​រដ្ឋាភិបាល​ក្នុង​ប្រទេស​នេះ​។

ទន្ទឹម​គ្នា​នេះ​ដែរ​ មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​ បាន​និយាយ​ថែម​ទៀត​ថា​ ទាហាន​ចំនួន​០៤​រូប​ស្ថិត​នៅ​ក្រោម​ការ​សង្ស័យ​ និង​ស៊ើប​អង្កេត​ ដែល​ទាក់ទង​នឹង​ការ​វាយ​ប្រហារ​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ លោក​ Abbas Abdullahi Sheikh Siraji គឺ​ជា​សមាជិក​វ័យ​ក្មេង​បំផុត​របស់​សភា​សហព័ន្ធ​ប្រទេស​សូម៉ាលី​ និង​ទើប​ក្លាយ​ជា​រដ្ឋមន្ត្រី​នៅ​គណៈ​រដ្ឋមន្ត្រី​ក្នុង​ខែ​មីនា​នេះ​៕ ផ្ដល់សិទ្ធដោយ៖ kqube