ភ្នំពេញ៖ បុរសជាអ្នកដឹកកាតុង តាមរោងចក្រម្នាក់ ត្រូវជនដៃដល់សម្លា ប់រួចយកទៅចាក់ប្រេងម៉ាស៊ូតដុតចោល នៅគុម្ពឬស្សីគាស់ទុកចោល នៅលើដីទួលមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើល​ កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ។

បើតាមការបញ្ជាក់ ពីសាច់ញាតិ បានអោយដឹងថា សពជនរងគ្រោះ មានឈ្មោះ ណូន សំណាង​ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរអ្នកបើករថយន្ត ដឹកកាតុងតាមរោងចក្រ រស់នៅក្នុងភូមិស្លែងគង់ ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ​មានប្រពន្ធឈ្មោះ ហ៊ិន 
ចាន់ណា អាយុ ៣៥ឆ្នាំ មានកូន ៣នាក់ ស្នាក់នៅភូមិជាមួយគ្នា ។

ប្រភពព័ត៌ពីកន្លែងកើតហេតុ បានអោយដឹងដឹងថា នៅមុនពេលកើតហេតុ បុរសឈ្មោះ វ៉ន សុប៉ាញ់ អាយុ ២៧ឆ្នាំ មុខរបរកសិករ និងឈ្មោះ ឆៃ ​អាយុ ២៥ឆ្នាំ បានជិះគោរថយន្ត ទៅរើសអុសនៅក្បែរនោះ ក៏ប្រទះឃើញសពបុរសម្នាក់ ត្រូវបានគេយកទៅដុត នៅគុម្ពឬស្សី ដែលប្រជាពលរដ្ឋគាស់ទុកចោល ដោយចាក់ប្រេងម៉ាស៊ូត មួយកានចំណុះ៣០លីត្រ ចាក់អស់ពាក់កណ្តាល បានទុកចោលនៅក្នុងកាន ពាក់កណ្តាលទៀត ពេលដែលឃើញបែបនេះ ពួកគាត់ទាំងពីរ បានរត់ទៅប្រាប់អ្នកភូមិ ហើយបានរាយកាណ៍ ប្រាប់ទៅដល់សម្ថតកិច្ចក្នុងមូលដ្ឋាន បង្កឲ្យមានការផ្អើល ឆោឡោដល់សមត្ថកិច្ច ចុះទៅឡោមព័ទ្ធ ទីតាំងខាងលើ រង់ចាំសមត្ថកិច្ចជំនាញចុះទៅពិនិត្យ ។

​ក្រោយពេលកើតហេតុ សាច់ញាតិបានឃើញ រថយន្តរបស់ជនរងគ្រោះ តាមរយៈហ្វេសប៊ុក ក៏បានមកដល់កន្លែងកើតហេតុ ឃើញជនរងគ្រោះ ត្រូវជនដៃដល់សម្លាប់ រួចអូសយកទៅ​ចាក់ប្រេងម៉ាស៊ូត ដុតចោលនៅគុម្ពឬស្សី គាស់ទុកចោលមួយគុម្ពយ៉ាងធំ ធ្វើឲ្យឆេះខ្លោច នៅដេកច្រង៉ាងស្លាប់ គួរឲ្យអាណោចអាធ័ម ។

បើតាមសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃជនរងគ្រោះ និងប្រពន្ធរបស់គាត់ តែងតែចេញពីផ្ទះ នៅម៉ោង៦ព្រឹក បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-8343 ជារថយន្តឃ្លុបបិទជិត ​ទៅដឹកកាតុងនៅតាម បណ្ដារោងចក្រក្នុងរាជធានីភ្នំពេញ ។ ដោយឡែក នៅព្រឹកកើតហេតុ ប្ដីរបស់គាត់ បានចេញរថយន្ដទៅ​ ដូចសព្វមួយដង ប៉ុន្តែទៅតែម្នាក់ឯងទេ ដោយសារ​ប្រពន្ធ ​ជាប់រវល់ជួយ ហែរជំនូនការអ្នកជិតខាង ។ លុះមកដល់ម៉ោង កើតហេតុខាងលើ ទើបមានគេរាយកាណ៍ប្រាប់ថា គេបានឃើញ ជនរងគ្រោះត្រូវបានគេសម្លាប់ រួចយកទៅដុតចោល នៅដីទួលមួយកន្លែង ក្នុងសង្កាត់ប្រទះឡាង ខណ្ឌ
ដង្កោ ។

ក្រោយពីទទួលបាន ព័ត៌មានភ្លាម ក្រុមគ្រួសាររបស់ជនរងគ្រោះ បានទៅដល់កន្លែងកើតហេតុ ធ្វើ​ឲ្យស្រ្តីជាបងជីដូនមួយ របស់ជនរងគ្រោះ យំសោកស្តាយ រហូតសន្លប់ ចំណែកប្រពន្ធបាន នៅរៀបចំ ផ្ទះមិនបានមកកន្លែងកើតហេតុទេ ​។ ទោះបីជាយ៉ាងណា សាច់ញាតិរបស់ជនរងគ្រោះ បានអះអាងថា ជនរងគ្រោះ មិនដែលមានទំនាស់ជាមួយអ្នកដទៃទេ ។

បើតាមការបញ្ជាក់ពីលោក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានបញ្ជាក់ប្រាប់ថា លោកនឹងធ្វើការស្រាវជ្រាវ ករណីឃាតកម្មដុតសម្លាប់ចោលនេះ ​ដោយយកចិត្តទុកដាក់បំផុត ដើម្បីតាមចាប់យកជនដៃដល់ យកមកដាក់ទោស ទៅតាមផ្លូវច្បាប់ ​។

សពបន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យ វិច័យរួចហើយ បញ្ជាក់ថា ជាករណីឃាតកម្ម​ និងបានប្រគល់សព ទៅឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ សហការី kbn-live.com