ភ្នំពេញ៖ បុរសជនជាតិញូហ្សេលែនម្នាក់ សង្ស័យខ្យល់គ​ដួលបោកក្បាលស្លាប់ នៅក្នុងផ្ទះ​ពេលប្រពន្ធមិននៅរវល់នៅផ្ទះម្ដាយ ធ្វើខួបកំណើតឲ្យឪពុកត្រឡប់មកវិញទើបដឹង ក៏បង្កឲ្យ​មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្ទះគ្មាលេខ ផ្លូវ៤១បេតេ ក្រុម៥ សន្សំកុសល២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។


សពមានឈ្មោះ DIVINE DAVID ALLAN ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិជាតិញូហ្ស៊ឺលែន មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ ដួលស្លាប់នៅក្នុងផ្ទះល្វែងកន្លែងទទួលភ្ញៀវ ។ ប្រពន្ធសពមានឈ្មោះ មាស លីដា ​ អាយុ ២៩ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះជួលជាមួយគ្នា មានស្រុកកំណើតនៅភូមិព្រលឹងមាស ឃុំសំរោង ស្រុកព្រៃវែង ខេត្តតាកែវ ។

តាមសម្តីរបស់ស្រ្តីជាប្រពន្ធរបស់ជនរងគ្រោះ បានប្រាប់សមត្ថកិច្ច​ថា កាលពីយប់ម៉ិញ គាត់មិនបានសំរាកជាមួយប្ដីទេ ព្រោះ​មានកម្មពិធីធ្វើខួបកំណើត​ឪពុកបង្កើតនៅភូមិត្នោតជ្រុំ១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ​នៅវេលាម៉ោង១០និង០៥នាទីយប់ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ បានទូរស័ព្ទទៅប្ដី​ប្រាប់ថា អោយសំរាកមុនទៅ គាត់មិនបានទៅដេកផ្ទះទេ ប៉ុន្តែ​ទូរស័ព្ទ​មុនដំបូង​ចូលតែគ្មានអ្នកណាលើក ​ពេលទូរស័ព្ទម្ដងទៀតអត់ចូល ហើយក៏មិនចាប់អារម្មណ៍ទេ នឹកស្មានថាប្តីហត់នឿយការងារពេក ដេកលក់បាត់ក៏ឈប់​ទូរស័ព្ទបន្តទៀត ។

លុះ​ដល់ម៉ោង៧និង៣០នាទីព្រឹក ថ្ងៃកើតហេតុទើបគាត់ត្រឡប់មកដល់មុខផ្ទះ ហៅក៏មិនឭ ទូរស័ព្ទក៏មិនចូល បានយកកូនសោលូកដៃចូលប្រហោចាក់យកមេសោចេញ ហើយដើរចូលទៅក្នុងផ្ទះក៏ស្រែកហៅប្ដីគាត់ តែស្រាប់តែឃើញបុរសជាប្ដីដេកដួលនៅលើឥដ្ឋការ៉ូ ​មានសភាពរឹងស្ដូកស្ដឹងទៅហើយ ភ្លាមៗនោះ បានទូរស័ព្ទហៅគ្រួសារអោយមកជួយមើល ទើបដឹងថាស្លាប់បាត់ទៅហើយ ក៏បានប្ដឹងសមត្ថកិច​អោយចុះមកកោសល្យវិច័យកន្លែងកើត
ហេតុ ។

ស្រ្តីជាប្រពន្ធបានបន្តទៀតថា គាត់បានរៀបការនិងរស់នៅ​ជាមួយប្ដីគាត់ជិត ៥ឆ្នាំហើយ តែមិនទាន់មានកូនទេ កន្លងមកប្ដីគាត់មិនដែលចូលសំរាក ឬទៅពិនិត្យសុខភាពទេ គ្រាន់តែ៣ទៅ៤ថ្ងៃមុនបានប្រាប់ថា គាត់ដូចជាឈឺដៃជើង រូបគាត់ក៏បាន​ប្រាប់ថា បើទំនេរការងារឆ្លៀតទៅពេទ្យដើម្បីអោយពេទ្យពិនិត្យសុខភាព តែមិនទាន់បានទៅពិនិត្យផង ស្រាប់តែដួលស្លាប់ទៅហើយ ។

សពត្រូវបានសមត្ថកិច្ចជំនាញចុះទៅពិនិត្យធ្វើកោសល្យវិច័យឲ្យដឹងថា ស្លាប់ដោយសារគាំងបេះដូង ចំណែកសពត្រូវបានក្រុមគ្រួសារស្នើរសុំធ្វើបុណ្យតាមប្រពៃណី ៕ សហការី​ kbn-live.com