ភ្នំពេញ ៖ ស្រ្តីវ័យក្មេងម្នាក់ បានលោតពីលើខុនដូរ៩៩៩​ ជាន់ទី៦សម្លាប់ខ្លួន មិនបានសម្រេច បណ្ដាលបោកក្បាលនិងដៃបាក់របួសធ្ងន់ ត្រូវរថយន្តសង្រ្គោះដឹកយកទៅមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧​ព្រឹកថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ ២០១៧នៅចំណុចខុនដូរ៩៩៩ ស្ថិតនៅភូមិសន្សំកុសល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ​។

ស្រ្តីដែលលោតសម្លាប់ខ្លួនត្រូវបានស្គាល់ឈ្មោះ តូ នី ​អាយុ ២៤ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅខុនដូ៩៩៩ ​ជាន់ទី៥ បន្ទប់លេខ F០៥-៥០៩A ស្ថិតនៅភូមិសន្សំកុសល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានពីសន្តិសុខដែលយាមនៅខុនដូរ៩៩៩ បានប្រាប់សមត្ថកិច្ចថា ​មុនកើតហេតុ កាលពីទៀបភ្លឺថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០១៧ បានលឭសូរសំលេងលាន់ដូចធ្លាក់អ្វី ពីលើទី​ខ្ពស់នៅចំណុចដីឡូត៍ដាក់សម្ភារៈសំណង់របស់ខុនដូរ ទើបក្រុមសន្តិសុខរបស់ពួកគាត់នាំគា្នយកភ្លឺងពិលចាំង រកមើលតែមិនឃើញមានអ្វី រហូតទាល់តែភ្លឺម៉ោង ៧​ព្រឹកថ្ងៃខែដដែល ក៏នាំគា្នដើររកម្ដងទៀត​ស្រាប់តែឃើញស្រ្តីវ័យក្មេង ដែលស្នាក់នៅខុនដូរជាន់ទី៥ បន្ទប់លេខF០៥-៥០៩A ដេកសន្លប់នៅខាងក្រោយនោះ ។

ភ្លាមៗនោះ ​ក៏បានទាក់ទងទៅសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន ជួយទាក់ទងហៅរថយន្តសង្រ្គោះបន្ទាន់ ដឹកយកទៅសង្រ្គោះមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ។

ប្រភពដដែលបន្តទៀតថា ស្រ្តីដែលប៉ុនប៉ងលោតសម្លាប់ខ្លួននេះ មកស្នាក់នៅក្នុងខុនដូរយៈពេលជិតមួយខែកន្លងមកនេះ ហើយមិនមានទូរស័ព្ទសម្រាប់ប្រើទេ តែងតែខ្ចីទូរស័ព្ទរបស់គាត់ទូរស័ព្ទទៅបុរសម្នាក់ ។ ក្រោយពេលកើតហេតុ សន្តិសុខបានឆែកលេខទូរស័ព្ទដែលស្រ្តីខាងលើបានខ្ចីទូរស័ព្ទទៅញឹកញាប់នោះ ដឹងថាជាមនុស្សប្រុស ក៏ប្រាប់រឿងរ៉ាវឲ្យបុរសនោះដឹងហើយ ក៏មកកាន់កន្លែងកើតហេតុ ។

តាមសម្តីរបស់បុរសដែលស្រ្តីខាងលើតែងតែទូរស័ព្ទទៅមាន​ឈ្មោះ ហួត តុល ​អាយុ ៣៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ ​មានស្រុកកំណើតនៅភូមិបួរ ឃុំព្រៃរំដេង ស្រុកគីរីវង់ ខេត្តតាកែវ បានប្រាប់សមត្ថកិច្ចថា ​គាត់បានស្គាល់គ្នាជាមួយនិងស្រ្តីរងគ្រោះរាប់អានគ្នាជាមិត្តភក្តិធម្មតាទេ ​​ពីមុននាងជាបុគ្គលិកវេរលុយរបស់ក្រុមហ៊ុនអ៊ីម៉ាន់នី បច្ចុប្បន្នឈប់ពីការងារហើយ ។

បុរសរូបនោះបានបន្តទៀតថា គាត់គ្រាន់តែដឹងថា​ នាងមិនមាន​សង្សារ ឬប្តីអីទេ ប៉ុន្មានថ្ងៃកន្លងមកថ្មីៗនេះ គាត់បានជួបនាងផ្ទាល់ និងតាមទូរស័ព្ទ​នាងនិយាយថាពិបាកចិត្តណាស់ ចង់សម្លាប់ខ្លួន តែមិនដឹងថាពិបាកចិត្តរឿងអីទេ ។

​​​លោក ហួរ ម៉េងហួរ អធិការរងខណ្ឌមានជ័យទទួលផែនយុត្តិធម៍បានប្រាប់ថា ​កម្លាំងអាជ្ញាធរមូលដ្ឋានបានរាយការណ៍ប្រាប់ថា មានស្រ្តីវ័យក្មេងម្នាក់លោតពីលើអាគារខុនដូរ៩៩៩ សម្លាប់ខ្លួនមិនដឹងថាពីជាន់ទីប៉ុន្មានអោយច្បាស់លាស់ទេ ​ក៏ប្រញាប់ចុះទៅកន្លែងកើតហេតុ​សាកសួរនាំសន្តិសុខ និងអ្នកដែលដឹងហេតុការណ៍ ហើយត្រួតពិនិត្យកន្លែងកើតហេតុ
 អោយសន្តិសុខនាំគាត់ទៅមើលបន្ទប់ដែលស្រ្តីខាងលើស្នាក់នៅ តែបន្ទប់បានចាក់សោជាប់ បានត្រួតពិនិត្យមើលកាមេរ៉ាសុវត្ថិភាព របស់ខុនដូរដើម្បីមើលពីជាន់ទី ១ទៅរហូតដល់ជាន់ទី ១០ស្រាប់ តែឃើញស្រ្តីរងគ្រោះដើរចូលបន្ទប់លេខF០៦-៦០៩A ដែលជាបន្ទប់សាងសង់មិនទាន់ហើយ បានបើកទ្វារចូលទៅដើរចេញទៅរានហាលខាងក្រោយ យកធុងដាក់​ប្រេងឆាឡើងជាន់លោតផ្លោះបង្កាន់ដៃជាន់ទី៦ ដើម្បីសម្លាប់ខ្លួន ដោយបន្សល់ទុកស្បែក​ជើង ១គូរបស់ជនរងគ្រោះ និងធុងប្រេងមួយនៅកន្លែងកើតហេតុ ។

ជាសំណាងល្អ ពេលធ្លាក់ទៅចំក្តារកុងផ្លាកេ បណ្ដាលបាក់​ក្តារ​បោកក្បាលទៅនិងដែកជ្រុងហូរឈាម និងបាក់ដៃ​ឆ្វេង ។

ចំពោះមូលហេតុដែលបណ្តាលឲ្យស្រ្តីខាងលើលោតសម្លាប់ខ្លួន មិនទាន់មានប្រភពណាមួយអះអាងឲ្យច្បាស់លាស់ថា មានវិបត្តិស្នេហា ឬក៏វិបត្តិគ្រួសារនៅឡើយទេ គ្រាន់តែដឹងថា នាង​មានវិបត្តិ ។ ចំណែកសាច់ញាតិក្រុមគ្រួសារ ក៏មិនទាន់ទំនាក់ទំនងបាននៅឡើយទេ មានតែបុរសដែលស្គាល់លេខទូរស័ព្ទនោះ ជាអ្នកមកជួយមើលថែនៅមន្ទីរពេទ្យតែប៉ុណ្ណោះ ៕ សហការី kbn-live.com