ភ្នំពេញ ៖ នារី​ម្នាក់​បានជិះម៉ូតូ​ធ្វើដំនើរតាមផ្លួវ​ ក៍ស្រាប់​តែ​ជនសង្ស័យ​ ពីរ​នាក់​បានធ្វើសកម្មភាព​ឆក់​យក​កាបូប​ស្ពាយ​បានសំរេច​ រួច​ជិះ​គេច​ខ្លួន​បាត់​ ព្រមទាំង​ធ្វើអោយ​នារី​រងគ្រោះ ​ដួល​បោក​ទៅ​នៅ​ថ្នល់​ រងរបួស​បែក​មុខ​បែក​មាត់​​​ ដោយហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង​៧និង​១០នាទី​យប់​ ថ្ងៃ​ទី​៣​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ ទុលមុខ​ផ្ទះ​លេខ​34AEO.E1 ផ្លូវ​៣៦៨​ ក្រុម​៤២​ ភូមិ​៤​ សង្កាត់​បឹង​កេងកង​៣​ ខណ្ឌ​ចំការមន​ ។

នារី​រងគ្រោះ​មានឈ្មោះ​ រយ​ សុវណ្ណ​ ភេទស្រី​ អាយុ​ ២៣ឆ្នាំ​ ស្នាក់នៅ​ផ្ទះ​ជួល​ ផ្លូវ​៣៦០​ សង្កាត់​បឹងកេងកង​៣​ ខណ្ឌ​ចំការមន​ ។

តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើត​ហេតុ​ បានអោយដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​នារី​រងគ្រោះ​ខាងលើ​ មិនដឹង​ថាគោល​បំណង​ទៅ​ណា​នោះ​ទេ​ ​​បាន​ជិះម៉ូតូ​ម៉ាក​ស៊ុយសុគី​និក​ ពណ៌ក្រហម​លាយ​ស​ បានធ្វើដំនើរតាមផ្លូវ​៣៦៨ ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ ខណៈ​មកដល់​ចំនុចកើតហេតុ​ ក៏ស្រាប់​តែ​មានបុរស​ ២នាក់​ បានជិះម៉ូតូ​មិនចាំ​ម៉ាក​ មួយ​គ្រឿង​​ធ្វើដំណើរមក​ពី​ក្រោយ​ រួច​ហើយ​បានធ្វើ​សកម្មភាព​ឆក់​យក​កាបូប​ស្ពាយ​ពី​នារី​រងគ្រោះ​បាន​សម្រេច​ បណ្ដាលឲ្យ​នារី​រងគ្រោះ​ដួល​បោក​ទៅ​នៅ​ថ្នល់ ​រងរបួស​បែក​មុខ​បែក​មាត់​និង​បាក់​ធ្មេញ​ និយាយ​លែង​កើត​ ។ ជនសង្ស័យ​ឃើញ​សភាព​ដូចនេះ​ បានបន្ថែម​ល្បឿន​បើក​ម៉ូតូ​រត់​គេច​ខ្លួន​បាត់​ស្រមោល​ ។

​ក្រោយ​ពេល​កើតហេតុ​ ឃើញ​មានសមត្ថ​កិច្ច​មូលដ្ឋាន​បានចុះ​ទៅដល់​កន្លែង​កើតហេតុ​ រួច​ហើយ​បានទំនាក់ទំនង់​ ហៅរថយន្ត​សង្គ្រោះ​អោយ​មកដឹក​ជនរងគ្រោះ ​យកទៅ​សង្គ្រោះ​នៅ​គ្លីនិក​​ ហុង​ហាក់​ ។ ចំនែក​ម៉ូតូ​របស់​ជនរងគ្រោះ ​ត្រូវ​បានសមត្ថកិច្ច​យកទៅ​រក្សា​ទុក​ប៉ុស្តិ៍​នគរបាល​បឹង​កេង​កង​៣​ ដើម្បី​ទុក​ប្រគល់​អោយ​ម្ចាស់​វិញ​ ៕ សហការី kbn-live.com