ភ្នំពេញ ៖ ប្តី​ប្រពន្ធទើបរៀបការបាន ៥ខែ​ ជិះម៉ូតូ​ចេញ​ពី​ធ្វើ​ការ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ចៃដន្យ​ម៉ូតូ​បែកកង់​ បានឈប់​អោយ​ជាងប៉ះកង់​ ​ដោយបាននាំគ្នា​មកឈរ​មើលនៅចិញ្ចើមផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿង បើកជែងគ្នាជ្រុលទៅបុកបុរសជាប្តីផ្លោងបោកក្បាលស្លាប់ ចំណែកប្រពន្ធរង​របួសធ្ងន់ ​​ហេតុការណ៍នេះកើតឡើង​នៅវេលាម៉ោង​ ៨និង​២៥នាទី​យប់​ ថ្ងៃ​ទី​៣​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ ជិត​ច្រកចូល​កន្លែង​ចាក់​សំរាម​ស៊ីនទ្រី​ ផ្លូវ​២១៧​ ភូមិ​ខ្វា​លិច​  សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ ។

សពជនរងគ្រោះ​មានឈ្មោះ​ រឿន ​បូរិន​ ភេទប្រុស​ អាយុ​ ២០ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ W and D CAMBODAI CO LTD ស្នាក់នៅ​ភូមិ​ព្រែក​ថ្លឹង​ សង្កាត់​ព្រែក​កំពឹស​ ខណ្ឌ​ដង្កោ​ មានប្រពន្ធ​ឈ្មោះ​ ភឿន​ រីដា​ ភេទស្រី​ អាយុ​ ១៩ឆ្នាំ​ មុខរបរ​កម្មកររោងចក្រ​ រងរបួស​ធ្ងន់​ ស្នាក់នៅ​ជាមួយ​ប្តី​ ទើប​និងរៀប​ការ ហើយ​បានរយៈពេល​៥ខែ​ ។

តាម​សម្ដី​បងស្រី​របស់​ជនរងគ្រោះ​ ដែល​ឃើញ​ហេតុ​ការណ៍​ផ្ទាល់ភ្នែក​ បានអោយដឹងថា​ មុនពេលកើតហេតុ​ ប្អូន​របស់​គាត់​ ដែល​ជាជនរងគ្រោះ​ទាំង​ ២នាក់​ធ្វើការរោងចក្រ ទើបនឹង​រៀបការកាលពីខែមករា ឆ្នាំ២០១៧ បានចេញ​ពី​ធ្វើ​ការគោលបំណង​ត្រលប់​ផ្ទះ​របស់​វិញ​ ដោយ​បានជិះ​ម៉ូតូ​ម៉ាក​ ស្កុបពី​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1DW 3551 ធ្វើដំនើរតាមផ្លូវ​ ២១៧​ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ លុះជិះ​ដល់ពាក់​កណ្ដាល​ផ្លូវ​ ក៍ស្រាប់តែម៉ូតូ​បែកកង់​ ត្រូវប្តីប្រពន្ធនេះ ​បានបណ្តើរម៉ូតូ​ទៅរក​ជាងប៉ះកង់បានហើយ ខណៈពេល​​កំពុង​តែ​
អោយ​ជាងប៉ះកង់ម៉ូតូ​ ពួកគេ​ទាំង​២នាក់​បាននាំគ្នា​ទៅ​ឈរ​នៅកៀនផ្លូវ​ ស្របពេល​នោះ​ដែរ​ មានរថយន្ត​មិនស្គាល់ម៉ាក​មួយគ្រឿង​ បានបើក​ជែង​គ្នា​ជាមួយ​នឹង​រថយន្ត​មិនស្គាល់ម៉ាក​មួយគ្រឿងទៀត​ ​​ដោយសារ​តែ​ផ្លូវ​រៀង​កោង​ផងនោះ​ បានជ្រុល​ទៅបុក​​ពី​រនាក់ប្តី​ប្រពន្ធ​ទាំង​កំរោល​ ធ្វើ​ឲ្យ​បុរស​ជាប្តី​ហោះ​ផ្លោង​ជិត​ ១០ម៉ែត្រ​ បណ្តាលអោយ​បាក់​ជើង​បោកក្បាល​ទៅនិង​ផ្លូវ ​ហូរឈាម​ស្លាប់​ភ្លាមៗនៅ​កន្លែង​កើត​ ។

ចំនែក​ប្រពន្ធ​វិញ​រងរបួស​ធ្ងន់​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បានមកដឹក​យកទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​សួគ៌ា តែដោយសារ​របួស​ធ្ងន់ធ្ងរ ​ក៏​ត្រូវ​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ ។ ​ 

ដោយ​ឡែក​រថយន្ត​បង្ក​ ឃើញ​សភាព​ការណ៍បែបនេះ​ បានបន្ថែម​ល្បឿន​បើក​រត់​គេច​ខ្លួន​បាត់​ស្រមោល​ ។  បន្តិច​ក្រោយ​មក​ ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ ព្រម​ទាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ដង្កោ​ បានចុះ​ទៅ​កន្លែង​កើត​ហេតុ​ ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​ កុំឱ្យ​មានការកកស្ទះ​ផងដែរ​​ ហើយនៅក្នុង​ហេតុការណ៍​នេះ​ គេឃើញ​មាន​បងប្អូន​ឪពុក​របស់​ជនរងគ្រោះ​ បានមកយំ​សោកបោក​ប្រាណឱបជនរងគ្រោះ​ ឡើង​ទ្រហឹង​ពេញកន្លែង​កើតហេតុ​ ។ 

ក្រោយ​ពេល​កើតហេតុ​ សពជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​ ធ្វើ​កំណត់ហេតុ ​រួចបាន​ប្រគល់​សពទៅ​ក្រុម​គ្រួសារ​ដឹក​តាម​រថយន្ត​យកទៅ​ធ្វើ​បុណ្យ​នៅ​ផ្ទះ​ជនរងគ្រោះ​ផ្ទាល់​ ចំនែក​ម៉ូតូ​របស់​ជនរងគ្រោះ​ត្រូវ​បានសមត្ថកិច្ច ​យកទៅ​រក្សា​ទុក​នៅ​អធិការដ្ធាន​ខណ្ឌ​ដង្កោ​ ដើម្បី​ប្រគល់​
អោយ​ក្រុមគ្រួសារ​សាច់ញាតិ​របស់​ជនរងគ្រោះ​វិញ​ ៕ សហការី kbn-live.com