កូរ៉េខាជើង​ បាន​ចោទប្រកាន់​ថា​ សហរដ្ឋអាមេរិក​ បាន​បញ្ជូន​យន្តហោះ ​ទម្លាក់​គ្រាប់បែក​ ល្បឿន​លឿន​ជាង​សំឡេង​មួយ​គ្រឿង​ ទៅ​កាន់​ឧបទ្វីប​កូរ៉េ​ ដោយ​សំងាត់​ និង​ថែម​ទាំង​បាន ​ធ្វើ​សម​យុទ្ធ​ទម្លាក់​គ្រាប់​បែក ​នុយក្លេអ៊ែរ​ទៀត​ផង​។ នេះ​បើ​យោង​តាម​ សារព័ត៌មានរដ្ឋទីក្រុង ព្យុងយ៉ាង​ KCNA កាល​ពី​ថ្ងៃទី០២ ខែ​ឧសភា ឆ្នាំ២០១៧​។

រដ្ឋាភិបាល ​កូរ៉េខាងជើង ​បាន​ធ្វើ​ការ​ចោទប្រកាន់ យ៉ាង​ពេញ​ទំហឹងថា​ សហរដ្ឋអាមេរិក​ បាន​បញ្ជូន​​​យន្តហោះ​ទម្លាក់​គ្រាប់បែក ​ប្រភេទ​ B-1B​ មួយ​គ្រឿង​​ទៀត បន្ថែម​លើ​នាវាមុជទឹក​ ថាមពល​នុយក្លេអ៊ែរ ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ ដែលកំពុង​ធ្វើសម​យុទ្ធ​ នៅ​​សមុទ្រ​ខាង​កើត​ នា​តំបន់​កោះ Peninsula ​កូរ៉េខាងត្បូង។

ទីក្រុង​ព្យុងយ៉ាង​អះអាង​ថា​ យន្តហោះ​ទម្លាក់​គ្រាប់បែក ​នុយក្លេអ៊ែរ​អាមេរិក ​ម៉ាក B-1B ទើប​បាន​បញ្ជូន​​ចេញ ពី​មូលដ្ឋាន​ទ័ព​អាកាស​ Guam មកកាន់ កូរ៉េខាងត្បូង​ ក្រោយ​មក​បាន​ធ្វើ​ការ​ហ្វឹកហ្វឺន​ ទម្លាក់​គ្រាប់​លើ​ទីតាំង ​សំខាន់ៗ​មួយ​ចំនួន​លើ​ទឹក​ដី​ កូរ៉េខាងជើង​ទៀត​ផង​។ យ៉ាងណា​មិញ ​ប្រទេស​ផ្ដាច់​ការ​មួយ​នេះ​ ពុំ​ទាន់​ចេញ​សញ្ញា​ប្រឆាំង​ នឹង​សម​យុទ្ធ​ថ្មី​នេះ​នៅ​ឡើយ​៕

ផ្តល់សិទ្ធដោយ៖ kqube.net