ព្រឹត្តិការ​បោះឆ្នោត​ជុំ​ទី​២​ នៅ​បារាំង​កំពុង​ប្រឈមមុខ​ នឹង​ការ​តវ៉ា​យ៉ាង​ខ្លាំង ​ពីសំណាក់​ប្រជាជន ​រាប់​ពាន់​នាក់​ មក​ពី​សហជីព​បារាំង​ជាច្រើន​ ដោយ​កាល​ពី​ថ្ងៃ​ចន្ទ​ ទី០១ ​ខែ​ឧសភា ម្សិលមិញ​នេះ​ ក្រុម​បាតុករ​ទាំង​នោះ​ បាន​ប្រមូល​ផ្ដុំ​គ្នា​ នៅ​​ទីក្រុង​ប៉ារីស​ ដើម្បី​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​ នឹង​បេក្ខភាព​ប្រធានាធិបតី​ បារាំង​ទាំង​ពីរ​រូប​ ដែល​ជាប់​ឈ្មោះ​​បោះឆ្នោត​ ជ្រើសរើស​ប្រធានាធិបតី​ ជុំ​ទី​០២ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​។

នៅ​ថ្ងៃ​ទី​០៧ ​ខែ​ឧសភា​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ​ ជា​ពេល​ដែល​ត្រូវ​បោះឆ្នោត​ ជ្រើសរើស​ប្រធានាធិបតី​បារាំង​ ជុំ​ទី​០២ ​ដោយមាន​បេក្ខភាព ​តែ​ពីរ​រូប​​ប៉ុណ្ណោះ​ គឺ​លោក​ Emmanuel Macron ​និង​លោក​ស្រី​ Marine Le Pen ​ហើយ​ទាំង​ពីរ​រូប​នេះ​ផង​ដែរ ក៏​កំពុង​មាន​ប្រជាជន​​ជាច្រើន ​ផ្ទុះ​ការ​តវ៉ា​ឡើង​ប្រឆាំង​នឹង​ពួក​គេ​ ដោយ​ប្រមូល​គ្នា​ដង្ហែ​ក្បួន​ស្រែក​ថា​ «គ្មានលោកស្រី Le Pen! គ្មានលោក Macron!»។

​លើស​ពី​នេះ​ទៅ​ទៀត​ ក្រុម​បាតុករ​មួយ​ចំនួន ​បាន​​ពាក់​ម៉ាស់​បិទ​មុខ​ គប់​ផាវ​ផ្ទុះ​ និង​ចោល​ដប​សាំង​ ទៅ​លើ​ប៉ូលិស​ បង្ក​ឲ្យ​ឆេះ ​៣​នាក់​របួស​ និង​មនុស្ស​០៤​នាក់​ផ្សេង​ទៀត ​ត្រូវ​បាន​ចាប់​ខ្លួន​។ ទន្ទឹមគ្នា​នេះ​ដែរ​ ក្រុម​អ្នក​តវ៉ា​ទាំង​នោះ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ក្រុម​សហជីព​បារាំង​មាន​ CGT, FO, FSU ក្នុង​គោល​បំណង​ប្រឆាំង​ជំទាស់ ​នឹង​បេក្ខភាព​ប្រធានាធិបតី​បារាំង​ លោក​ស្រី​ Le Pen ​និង​លោក Macron​ និង​ថែមទាំង​ទទូច ​កុំ​ឲ្យ​ប្រជាជន​ទៅ​​ចូល​រួម ​បោះឆ្នោត​នៅ​ជុំ​ទី​២​ទៀត​ផង៕

ផ្តល់សិទ្ធដោយ៖ kqube.net