ភ្នំពេញ៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ នៅតាមដងទន្លេសាប ក្នុងទឹកដីខណ្ឌឫស្សីកែវ ក៏ដូចជាខណ្ឌជ្រោយចង្វារ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ដែលរកសុីចិញ្ចឹមត្រីក្នុងបែរ តាមដងទន្លេសាប នាំគ្នាអូសបែរចេញ ពីទីតាំងដើម ហើយផ្លាស់ប្តូរទៅទីតាំងថ្មី អនាធិបតេយ្យពេញទន្លេ ដោយពួកគាត់អះអាងថា ប្តូរទឹកថ្មីដើម្បីកុំឲ្យត្រីក្នុងបែរ ងាប់ដូចឆ្នាំទៅមិញ ។

មូលហេតុដែលប្រជាពលរដ្ឋ ចិញ្ចឹមត្រីនៅតាមដងទន្លេសាប បាននាំគ្នាអូសបែរចេញព្រោងព្រាត ពីទីតាំងដើម មកនៅកណ្តាលទន្លេ ម្តុំក្បែរស្ពានជ្រោយចង្វារ ជាប្រយោជន៍ផ្លាស់ប្តូរទឹកថ្មីផង ដើម្បីកុំឱ្យត្រីងាប់ ម្យ៉ាងខែនេះ ទឹកមិនមានហូរចេញចូល ទើបបណ្តាលឱ្យគ្មានអុកសុីសែន ហើយត្រីចេះតែងាប់ជាបន្តបន្ទាប់ ។

អជ្ញាធរខណ្ឌឫស្សីកែវ បានឱ្យដឹងថា បញ្ហាខាងលើគឺដើម្បីផ្លាស់ប្តូរទឹកថ្មី ព្រោះខែនេះ មិនមានទឹកហូចេញចូលនោះទេ (ពោលគឺទឹកនឹង) បណ្តាលឱ្យត្រីក្នុងបែរ គ្មានអុកសុីសែនចេញចូល ម្យ៉ាងដោយសារមានភ្លៀងម្តងៗ ទឹកស្អុយហូរចូលផង ទើបបណ្តាលឱ្យត្រីងាយនឹងងាប់ ដូច្នេះហើយ បានជាប្រជាពលរដ្ឋ អូសបែរចេញប្តូទីតាំងថ្មី ហើយគេតែងតែ ធ្វើរបៀបនេះ ជារៀងរាល់ឆ្នាំ ឱ្យតែដល់ខែនេះ ។ ជាក់ស្តែងភ្លៀង១មេ កាលពីសប្តាហ៍មុន បានធ្វើឱ្យត្រីធម្មជាតិ និងបង្កងក្នុងទន្លេ ពុលងាប់និងខ្លះងីងើៗ រត់ចូលខាង ត្រូវប្រជាពលរដ្ឋបង់សំណាញ់ បានយ៉ាងច្រើនផងដែរ ។

លោកងិនឌី ប្រធានរដ្ឋបាលជលផល ភ្នំពេញ បានប្រាប់តាមទូរស័ព្ទ កាលពីព្រឹកថៃ្ងទី១ ខែឧសភាថា ការដែលប្រជាពលរដ្ឋ ចល័តបែរត្រីចេញនេះ គឺដោយសារខែនេះ ក្តៅខ្លាំង ហើយមានភ្លៀងម្តងៗ ទឹកហូរចូលទន្លេ វាធ្វើឱ្យត្រីពុល ហើយទឹកទន្លេអត់ហូរ អត់មានអុកសុីសែន ទើបពួកគាត់ចល័តបែរត្រី ចេញដើម្បីផ្លាស់ប្តូរទឹក ឱ្យតែដល់ខែនេះ ពួកគាត់ធ្វើបែបនេះ ជារៀងរាល់ឆ្នាំ ។

ចល័តពេញទន្លេបែបនេះ សួរថា តើមានប៉ះពាល់បរិស្ថានដែរឬទេ លោក ងិន ឌី ឆ្លើយថាលោកដឹងតែបច្ចេកទេសទេ ចំណែកបរិស្ថាន ទាល់តែសួរជំនាញបរិស្ថាន ។

គួរំលឹកថា បច្ចុប្បន្ន គេសង្កេតឃើញ មានការ​សង់​ទីលំ​នៅ ​លើ​ផ្ទៃទឹក ​រួម​មាន​ផ្ទះ​ទឹក និង​បែរ​ចិញ្ចឹម​ត្រី​យ៉ាង​អានាធិបតេយ្យ​ នៅតាម​ដង​ទន្លេ​សាប ​កំពុង​តែ​ធ្វើ​ប៉ះពាល់ ​ដល់​បរិស្ថាន​និង​សោភណ្ឌ​ភាព ​តាម​ដង​ទន្លេ​ ហើយ​ពុំ​ត្រូវ​បាន​អាជ្ញាធរ ​ក៏​ដូច​ជា​រដ្ឋាភិបាល ​យក​ចិត្តទុក​ដាក់​ឡើយ។ ​​​នៅតាម​ដងទន្លេ​សាប​ គេតែង​តែ​ឃើញ​ មាន​ភាព​អានាធិ​តេយ្យ​ ដែល​សម្បូរ​ទៅ​ដោយ​សំណង់​ផ្ទះ​ទឹក ​និង​បែរ​ចិញ្ចឹម ​ចម្រុះ​ជាតិ​សាសន៍ ​ក្នុង​នោះ​រួម​មាន​និគមជន​ជាតិ​វៀត​ណាម​ ជនជាតិ​ខ្មែរអ៊ិស្លាម ​និ​ងខ្មែរ​នៅ​ត្រៀប​ត្រា តា​មដង​ទន្លេ​ ដែល​មើល​ទៅដាក់​ដូច​ជា​ អនាធិបតេយ្យខ្លាំងណាស់​។

​ជាក់​ស្តែង​នៅតាម​សងខាង​ទន្លេសាប​ ក្នុង​រាជធានី​ភ្នំពេញ​ ចាប់​ពីគល់​ស្ពាន​ជ្រោយ​ចង្វា​រ ទៅ​ដល់​ខណ្ឌ​ព្រែកព្នៅ​ខាង​ជើង​ ស្ពាន​ព្រែកព្នៅ​ គឺ​មាន​ផ្ទះទឹក ​និង​បែរ​ចិញ្ចឹម​ត្រី​ នៅ​ពាស​ពេញ​តាម​ដងទន្លេសាប​ មិនតែប៉ុណ្ណោះ តា​មមាត់​ច្រាំង​ទន្លេ​ ក៏សម្បូរ​ទៅដោយ​ សំណង់​អានាធិប​តេយ្យអត់​ច្បាប់​ដែរ ដោយសារការឃុបឃិត របស់អាជ្ញាធរមូលដ្ឋាន ។​ នៅ​រដូវក្តៅ​នេះ ​គេ​ឃើញ​ផ្ទះ​ទឹក​ និង​បែរត្រី​ទាំង​នោះ ​ត្រូវ​បាន​ម្ចាស់​អូរ ទាញចេញពេញ​ទន្លេ​ ដើម្បី​ការពារ​កុំ​អោយ​ត្រីងាប់​ ហើយបញ្ហានេះ ក៏បានភ្ញាក់ផ្អើលដល់អ្នកដំណើរផងដែរ ។

តាម​ប្រជាពលរដ្ឋ​ បាន​ធ្វើ​ការរិះគន់​ថា ​ភាព​អានាធិបតេ​យ្យ​ នៅតាម​ដង​ទន្លេ​ កំពុង​តែ​ធ្វើ​អោយ​ប៉ះពាល​ ដល់​បរិស្ថាន​ និង​សោភណ្ឌភាព​ តាម​ដង​ទន្លេ​យ៉ាង​ធ្ងន់ធ្ងរ​ ដោយ​អ្នក​រស់​នៅលើ​ទឹកទាំង​នោះ​ បាន​បន្ទោរ​បង់ និង​បោះចោល​កាកសំណល់ ​របស់​របរ​ចូល​ទៅ​ក្នុង​ទន្លេ​។​ ម្យ៉ាង​ទៀត​ថា​ ការ​សង់​ផ្ទះទឹក​បែរ​ត្រី សំណង់​តាម​ដង​ទន្លេ​បែប​នេះ ​វា​មិនល្អ​ភ្នែក​សម្រាប់​ភ្ញៀវ​ ដែល​ធ្វើ​ដំណើរ​ទេសចរណ៍ តាម​ដង​ទន្លេ​ឡើយ។​

ប្រជាពលរដ្ឋ​ក៍បា​នសំណូម​ពរ ដល់​អាជ្ញាធរ​ដែនដី​ ក៍​ដូច​ជាក្រ​សួង​ពាក់ព័ន្ធ មាន​វិធានការ​ទប់​ស្កាត់​ផង ​កុំ​ចេះ​តែ​បណ្តែត​បណ្តោយ ​អោយ​សំណង់​អត់​ច្បាប់ ​រីកពេញ​ផ្ទៃទឹក ​​ច្រាំង​ទន្លេបែប​នេះ ។ ចំណុចនេះ ត្រូវគេមើលឃើញថា ជាភាពកំសោយរបស់អាជ្ញាធរមូលដ្ឋាន ដែលបណ្តែតបណ្តោយ ឱ្យមានការតាំងទីលំនៅខុសច្បាប់ កាន់ច្រើនឡើងៗ ដែលមិនងាយនឹងដោះស្រាយឡើយ ៕

សហការី KBN